ភ្នំពេញៈកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយកំពង់ផែ តឹងកាងសាយហ្គន (Saigon Newport-SNP)ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមលើការដឹកជញ្ជូន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍនិរន្តរភាពនៃអាជីវកម្ម និងជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា។
ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាង PPAP និង SNP នេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ គឺចំពេលមានការទាក់ទាញរបស់កម្ពុជាពីគម្រោងFDI បង្កើតឱកាសសម្រាប់ការពង្រីកអាជីវកម្ម និងជំរុញឱ្យមានការកើនឡើងនូវតម្រូវការសេវាកម្មដឹកជញ្ជូន។
លោកស្រី ហ៊ឺ ផានិន អគ្គនាយករងនៃកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងក្នុងពិធីនោះថា គោលបំណងនៃការចុះអនុស្សរណៈនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់ភាគីទាំង២សម្រាប់ការពិភាក្សាជាផ្លូវការក្នុងបំណងធ្វើការរួមគ្នាដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការរួមគ្នាអភិវឌ្ឍមធ្យោបាយដឹកជញ្ជូន រួមមានកំពង់ផែ/ដេប៉ូ និងអ្នកផ្តល់ភ័ស្តុភារ ព្រមទាំងពង្រីកភាពជាដៃគូអាជីវកម្ម ដើម្បីបង្កើនវត្តមានទីផ្សារពាណិជ្ជកម្មជាយុទ្ធសាស្ត្រក្នុងប្រទេសកម្ពុជា និងវៀតណាម។
លោកស្រី បានបន្ថែមថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភ័ស្តុភារកម្មរវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនយ៉ាងទូលំទូលាយ និងមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយនឹងព្រំដែនរួមគ្នា។
លោកស្រីបានបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានកើនឡើងជាមធ្យម១៨,ភាគរយក្នុង ១ ឆ្នាំ។ គួរកត់សម្គាល់ថាពាណិជ្ជកម្មកម្ពុជា-វៀតណាមនៅឆ្នាំ២០២១ បានកើនឡើងយ៉ាងខ្លាំងគឺ ៧៩ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ បើទោះបីជាមានផលប៉ះពាល់យ៉ាងសំខាន់នៃជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។
លោកស្រី ហ៊ឺ ផានិន បានបញ្ជាក់ថា ៖ «វៀតណាមដើរតួនាទីជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលអាចឱ្យទំនិញកម្ពុជាចូលទៅកាន់តំបន់កំពង់ផែសមុទ្រសំខាន់ៗ សម្រួលដល់ការនាំចេញទៅកាន់ប្រទេសនានាជុំវិញពិភពលោក»។
លោកស្រីបានបន្តថា៖«PPAP យើងប្តេជ្ញាយ៉ាងមុតមាំក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនដោយការកែលម្អខ្លួនយើង រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផងដែរ។ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការផលិតកម្ម និងការជួញដូរក្នុងស្រុក យើងកំពុងធ្វើការលើការសាងសង់កំពង់ផែរងបន្ថែមទៀតតាមដងទន្លេសាប និងទន្លេមេគង្គ ដើម្បីភ្ជាប់សេវាកម្មរបស់យើងទៅកាន់តំបន់ឧស្សាហកម្ម តំបន់សកម្មភាពកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងលុបបំបាត់រាល់បញ្ហាដែលអាចកើតមាន»។
លោក ង្វៀន ហ៊ុយតាង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានបង្ហាញទំនុកចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដឹកជញ្ជូននៅលើផ្លូវវៀតណាម-កម្ពុជា ដែលត្រូវបានចាត់ទុកថាជាធាតុផ្សំដ៏សំខាន់ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្រុក និងការពង្រឹងទំនាក់ទំនងការនាំចេញនាំចូលរវាងប្រទេសវៀតណាម កម្ពុជា និងប្រទេសជិតខាងក្នុងតំបន់។
លោកបានថ្លែងតាមរយៈសុន្ទរកថានាពិធីនោះដែរថា៖«វៀតណាមនិងកម្ពុជានៅតែមានសក្ដានុពលសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យផ្សេងៗ រួមទាំងការផលិតទំនិញប្រើប្រាស់ ថាមពល អគ្គិសនី ការទាញយករ៉ែ កែច្នៃកសិកម្ម និងជលផល»។
ចំណែក លោក ប៊ុយ វ៉ាន់កូយ (Bui Van Quy) អនុប្រធានប្រតិបត្តិនៃ SNP ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើការជាមួយដៃគូដឹកជញ្ជូន និងសមាគមដឹកជញ្ជូនក្នុងស្រុក និងអន្តរជាតិ ដើម្បីផ្តល់សេវាកម្មល្អបំផុត។
លោកបានថ្លែងថា៖«តាមរយៈអ្នកជំនាញផ្នែកភ័ស្តុភារនៅក្នុងសិក្ខាសាលានឹងរួមចំណែកក្នុងការពង្រឹងការតភ្ជាប់និងជំរុញសេវាកម្មដឹកជញ្ជូនដ៏រឹងមាំសម្រាប់ផ្លូវវៀតណាម-កម្ពុជា ធានានូវប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព និងរលូន»។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីទាំង២មើលឃើញថា ទន្ទឹមនឹងឱកាស និងសក្ដានុពល នៅតែមានបញ្ហាប្រឈមជាច្រើនដែលទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នា មិនត្រឹមតែពីភ្នាក់ងាររដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងពីសហគមន៍ធុរកិច្ចក្នុងប្រទេសវៀតណាម និងកម្ពុជាផងដែរ ជាពិសេសទាក់ទងនឹងនីតិវិធីគយសម្រាប់ការដឹកជញ្ជូនទំនិញ និងថ្លៃសេវាពាក់ព័ន្ធ៕