ភ្នំពេញៈ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានប្រកាសបដិសេធមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ចំពោះសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនឡើយ ប៉ុន្តែកម្ពុជាសូមធ្វើការថ្កោលទោសចំពោះអំពើហិង្សានេះ ដែលបានបណ្តាលឱ្យជនស៊ីវិលស្លូតត្រង់បាត់បង់ជីវិតរាប់ពាន់នាក់។
លោកស្រី អ៊ាត សោភា តំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ (UN) ក្នុងកិច្ចប្រជុំពិសេសបន្ទាន់១នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា កម្ពុជាសូមសម្តែងនូវមរណទុក្ខ ចំពោះការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ជាច្រើន រួមទាំងជនជាតិខ្មែរម្នាក់ផងដែរនៅក្នុងការប្រយុទ្ធគ្នាក្នុងរដ្ឋប៉ាឡេស្ទីន និងអ៊ីស្រាអែល។
លោកស្រីបានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិថា៖ «ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ជាបញ្ហាដ៏ស្មុគស្មាញ និងផុយស្រួយបំផុត។ ហេតុនេះកម្ពុជាសូមលើកឡើងនូវជំហរជាគោលការណ៍របស់ខ្លួនលើបញ្ហានេះ ដោយមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ»។
លោកស្រី អ៊ាត សោភា បានបញ្ជាក់ទៀតថា៖ «កម្ពុជាថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហិង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍ វប្បធម៌ ឬសាសនាអ្វីឡើយ។ យើងមានការព្រួយបារម្ភខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សា ទុក្ខវេទនា និងការបាត់បង់ជីវិតមនុស្សស្លូតត្រង់ ស្ត្រី កុមារ ទារក និងចាស់ជរា នៅលើទឹកដីនៃជម្លោះបច្ចុប្បន្ននេះ»។
លោកស្រី បន្តថា វាគួរឱ្យរន្ធត់ចិត្តបំផុត ដោយឃើញការកើនឡើងនូវចំនួនប្រជាជនស៊ីវិលដែលស្លាប់ និងរបួសព្រមទាំងទុក្ខវេទនាដែលត្រូវស៊ូទ្រាំ។ កម្ពុជាសូមជំរុញឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាទីបំផុត គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងចូលរួម ដោយស្មារតីស្ថាបនា ធ្វើកិច្ចសន្ទនាដើម្បីបន្ធូរស្ថានការណ៍កុំឱ្យកាន់តែធ្លាក់ដុនដាប ហើយសម្រេចនូវបទឈប់បាញ់ ឬការផ្អាកបាញ់គ្នាជាមនុស្សធម៌។
ជាមួយគ្នានោះដែរ លោកស្រីក៏បានអំពាវនាវ និងជំរុញឱ្យមានការដោះលែងជនស៊ីវិលទាំងអស់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ហើយក៏សូមឱ្យភាគីទាំងអស់ ចៀសវាងការវាយប្រហារតម្រង់ទៅលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងអនុញ្ញាតការបើកច្រកដោយគ្មានឧបសគ្គសម្រាប់ផ្តល់ជំនួយមនុស្សធម៌សំខាន់ៗដូចជា អាហារ ទឹក និងថ្នាំពេទ្យ ដល់ប្រជាជនដែលត្រូវការជំនួយស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិផងដែរ។
លោកស្រី អ៊ាត សោភា ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួបរួមគ្នាក្នុងស្មារតីសាមគ្គីភាព និង ស្មោះស្ម័គ្រពិតប្រាកដ ដើម្បីជំរុញឱ្យមានកិច្ចសន្ទនា និងការចរចាប្រកបដោយអត្ថន័យ នាំទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងផងដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅថ្ងៃទី២៩ តុលា ដោយគាំទ្រជំហរកម្ពុជា ដែលបានប្រកាសបដិសេធមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណានោះ ចំពោះសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននេះ ដែលនេះបានបង្ហាញឱ្យឃើញថា កម្ពុជាឈរនៅកណ្តាលនៃបញ្ហាជម្លោះនេះ។
លោកបន្តថា ចំពោះជម្លោះរវាងភាគីទាំង២នេះពុំមានដំណោះស្រាយណាមួយជាដុំកំភួននោះទេមិនថាពេលនេះ ឬកាលពីអតីតកាលនោះទេ ដំណោះស្រាយរួមតែងជាប់គាំង។ ជាពិសេសជម្លោះរវាងភាគីទាំង២នេះគឺមានភាពស្មុគស្មាញរយៈពេលវែង ដែលទាមទារឱ្យមានការយកចិត្តដាក់ស្វះស្វែងរកដំណោះស្រាយជាងនេះ។
លោក គិន ភា បញ្ជាក់ថា៖ «ដូច្នេះជំហរកម្ពុជាលើបញ្ហានេះពុំមែនបញ្ជាក់ពីភាពលម្អៀង និងផ្អៀងទៅខាងភាគីណាមួយនោះទេ ក៏ប៉ុន្តែកម្ពុជាគ្រាន់តែឈរនៅកណ្តាលហើយអំពាវនាវឱ្យភាគីទាំង២រកដំណោះស្រាយ រកផ្លូវចេញដោយសន្តិភាព»។
លោកបន្តថា ៖ «ជំហររបស់កម្ពុជាមិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងអ៊ីស្រាអែល និងប៉ាឡេស្ទីននោះទេ ហើយកម្ពុជាថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហិង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍។ កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួបរួមគ្នាក្នុងស្មារតីសាមគ្គីភាព និង ស្មោះស្ម័គ្រពិតប្រាកដ ដើម្បីជំរុញឱ្យមានកិច្ចសន្ទនា និងការចរចាប្រកបដោយអត្ថន័យនាំទៅរកសន្តិភាព»។
នៅថ្ងៃទី២៧ ខែតុលា មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចិត្តក្នុងសំឡេងភាគច្រើន។ ក្នុងចំណោមសមាជិកទាំង ១៩៣ប្រទេសមាន១២០ប្រទេសបានបោះឆ្នោត គាំទ្រ ៤៥ប្រទេសអនុបវាទ និង១៤ ប្រទេសដែលមាន អ៊ីស្រាអែល និងអាមេរិកផងបានប្រឆាំង។
លោក ថុង ម៉េងដាវីដ ប្រធានផ្នែកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងថា អព្យាក្រឹតភាពរបស់កម្ពុជាត្រូវតែប្រកាន់ខ្ជាប់ ទោះបីជាដំណោះស្រាយទាំងអស់និយាយពីការអំពាវនាវឱ្យមានបទឈប់បាញ់ ឬបញ្ឈប់អំពើហិង្សាគ្រប់បែបយ៉ាងក៏ដោយ ប៉ុន្តែមិនទាន់មានដំណោះស្រាយជាក់ស្តែង ឬមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះ ឬជួយប្រជាជនពីភាគីទាំង២នោះទេ។
លោកបន្តថា រឿងមួយទៀតដែលកម្ពុជាចាត់ទុកជំហរអព្យាក្រឹត គឺជាជម្រើសដ៏ល្អបំផុត ព្រោះវាទាក់ទងនឹងផលប្រយោជន៍សាសនា និងនយោបាយ ដោយសារកម្ពុជាក៏មានអ៊ិស្លាមរាប់ពាន់នាក់ផងដែរ។ រដ្ឋាភិបាលមិនចង់បង្កឱ្យមានការមិនសប្បាយចិត្តឬការយល់ខុសក្នុងចំណោមពួកគេឡើយ។
លោកថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលរបស់យើងនឹងបញ្ជូនគ្រឿងផ្គត់ផ្គង់ ឬជំនួយផ្នែកវេជ្ជសាស្ដ្រខ្លះដល់ប្រជាជននៅហ្គាហ្សា។ នេះគឺកម្ពុជាយល់ច្បាស់ពីការបំផ្លិចបំផ្លាញនៃសង្គ្រាម ហើយកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមផ្តល់ជំនួយគ្រប់ប្រភេទក្រោមប្រតិបត្តិការមនុស្សធម៌របស់អង្គការសហប្រជាជាតិ»។
លោក ថុង ម៉េងដាវីដ បន្ថែមថា ប៉ុន្តែអាទិភាពចម្បងសម្រាប់រដ្ឋាភិបាលពេលនេះគឺការរក្សាសុវត្ថិភាពនិស្សិតខ្មែរ នៅក្នុងប្រទេសអ៊ីស្រាអែល ដោយការធ្វើការជាមួយរដ្ឋាភិបាលអ៊ីស្រាអែល៕