ភ្នំពេញៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានអំពាវនាវឱ្យបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ខណៈដែលអ្នកសារព័ត៌មានចំនួន ១៥ នាក់ ត្រូវបានសម្លាប់តាំងពីឆ្នាំ១៩៩៤ មក ប៉ុន្តែមិនមានការស៊ើបអង្កេតណា ដែលឯករាជ្យ ដើម្បីនាំជនល្មើសមកផ្ដន្ទាទោសនៅឡើយទេ។
ការអំពាវនាវបែបនេះ ធ្វើឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ស្ដីពីប្រារព្ធទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៧ ខែតុលា។
សេចក្ដីប្រកាសព័ត៌មានបន្តថា CCHR ធ្វើយុទ្ធនាការនេះ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងការផ្សព្វផ្សាយរបាយការណ៍ស្ដីពីស្ថានភាពនៃសេរីភាពសារព័ត៌មាន ការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន ជាពិសេសការផ្សព្វផ្សាយនូវវីដេអូជនរងគ្រោះដែលជាអ្នកសារព័ត៌មានចំនួន ១៥រូប រងនូវអំពើនិទណ្ឌភាព។
សេចក្ដីប្រកាសដដែលបានឱ្យដឹងថា សកម្មភាពនៃយុទ្ធនាការនេះ គឺមានគោលបំណងលើកកម្ពស់ការយល់ដឹងពីតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ និងអំពើនិទណ្ឌភាពដែលកំពុងបន្តញាំញីនៅក្នុងប្រទេសកម្ពុជា រួមទាំងអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មានផងដែរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា៖ «តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា នឹងមានការជំរុញឱ្យមានការផ្ដន្ទាទោសលើជនល្មើសនៃឧក្រិដ្ឋកម្មទាំងនោះ និងអំពាវនាវឱ្យបញ្ចប់នូវអំពើនិទណ្ឌភាពលើករណីរបស់ពួកគេ»។
បើតាមប្រភពដដែលបានអះអាងថាចាប់តាំងពី១៩៩៤ មានអ្នកសារព័ត៌មានចំនួន ១៥ នាក់ ត្រូវបានសម្លាប់នៅប្រទេសកម្ពុជា ដោយសារការបំពេញការងារ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មិនមានការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជភាព និងតម្លាភាព ត្រូវបានធ្វើឡើង ដែលនាំជនល្មើសដែលបានប្រព្រឹត្តបទឧក្រិដ្ឋមកផ្ដន្ទាទោស បណ្ដាលឱ្យករណីទាំងអស់នេះមិនត្រូវបានដោះស្រាយ ហើយជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌ ខណៈដែលជនល្មើសនៅតែបន្តរួចផុតពីការដាក់ទោសទណ្ឌដោយសារវប្បធម៌និទណ្ឌភាព។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី២៩ ខែតុលាថា ក្រោមដំបូលនៃសុខសន្តិភាព អ្នកសារព័ត៌មាន បាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញនិងយ៉ាងសកម្មពីគ្រប់ទិសទី នៅទូទាំងប្រទេសកម្ពុជា ក្នុងការផលិតនិងផ្សព្វផ្សាយព័ត៌មាន ឬធ្វើសេចក្ដីរាយការណ៍ព័ត៌មានរបស់ខ្លួនដោយសេរី គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាព។
លោកថ្លែងថា៖ «អ្វីដែលបានលើកឡើងដោយបងប្អូនអង្គការសង្គមស៊ីវិល គឺបង្ហាញការយកចិត្តទុកដាក់ ប៉ុន្តែរាល់ការធ្វើសេចក្តីសន្និដ្ឋានទាំងអស់របស់ពួកគាត់ត្រូវតែមានការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ទាំងអង្គហេតុនិងអង្គច្បាប់ និងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ប្រសិនបើពាក់ព័ន្ធនឹងធាតុចូលថ្មីដែលអាចរួមចំណែកដល់ដំណើរការនៃនីតិវិធីស៊ើបអង្កេតរបស់សមត្ថកិច្ចនគរបាលយុត្តិធម៌និងអាជ្ញាធរផ្សេងទៀត»។
លោកទេព អស្នារិទ្ធ បន្តថា សមត្ថកិច្ច ក៏មិនទាន់បិទសំណុំរឿងណាមួយនោះទេ វាជាការផ្ដល់នូវឱកាសនិងពេលវេលាសម្រាប់អ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីប្រមូលនិងរៀបចំភ័ស្តុតាង ដែលអាចជាបច្ច័យថ្មីរួមចំណែកក្នុងនីតិវិធីស៊ើបអង្កេតលើករណីណាមួយនោះ។
បើតាមលោក ទេព អស្នារិទ្ធ អះអាងថា នៅក្នុងអាណត្តិទី៧នេះ ការការពារនិងបង្កើនភាពងាយស្រួលក្នុងការប្រកបអាជីពអ្នកសារព័ត៌មាន គឺជាអាទិភាពចម្បងមួយក្នុងចំណោមកិច្ចការអាទិភាពផ្សេងៗទៀត ដែលក្រសួងព័ត៌មាន បាននិងកំពុងផ្តោតការយកចិត្តទុកដាក់និងអនុវត្ត ក្នុងគោលបំណង ធ្វើឱ្យវិស័យសារព័ត៌មានក្លាយជាវិស័យស្នូលមួយសម្រាប់ការអភិវឌ្ឍសង្គមទាំងមូល និងពាំនាំសំឡេងរបស់កម្ពុជាទៅកាន់ប្រជាជននៅទូទាំងប្រទេសនិងពិភពលោកផងដែរ។
លោកបញ្ជាក់ថា៖ «ការផ្តល់ការការពារខាងផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន គឺមានសារៈសំខាន់រួមចំណែកធ្វើឱ្យគោលបំណងនេះទទួលបាននូវភាពជោគជ័យ»។
លោកបានលើកឡើងថា ជាក់ស្តែង ក្រសួងព័ត៌មាន បានផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយក្រុមមេធាវីរបស់រាជរដ្ឋាភិបាលលើលទ្ធភាពផ្តល់កិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មានដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីលើកកម្ពស់ការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួនឱ្យបានកាន់តែល្អ និងប្រកបដោយគុណភាព។
លោកបន្ថែមថា ជាងនេះទៀត ក្រសួងព័ត៌មានបានសហការជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព ដែលជាកិច្ចគាំពារផ្តល់ជូនដល់មន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៣ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តនិងប្រកាសយកថ្ងៃទី២ ខែវិច្ឆិកាជា «ទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន» ដែលទិវានេះ ប្រារព្ធឡើងដើម្បីអំពាវនាវដល់រដ្ឋជាភាគីក្នុងការលើកកម្ពស់ និងបង្កបរិយាកាសដែលមានសុវត្ថិភាពដល់អ្នកសារព័ត៌មានអាចបំពេញការងាររបស់ខ្លួនដោយឯករាជ្យនិងមិនមានការជ្រៀតជ្រែក៕