ភ្នំពេញៈ យុវជនមានពិការភាពកម្ពុជាចំនួន ៤ នាក់ ទទួលបានមេដាយមាស និងសំរឹទ្ធ ពីការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាឆ្នាំ ២០២៣ ដែលក្នុងនោះយុវជនមានពិការភាពម្នាក់ ទទួលបានមេដាយមាស ១ និងសំរឹទ្ធ ១ ពីទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត ដែលបញ្ជាក់នូវមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលមានយុវជនមានពិការភាពដ៏មានសក្ដានុពលនេះ។
លោក ចនពៅ ស៊ីរ៉ាណូ ជាយុវជនមានពិការភាពដែលទទួលបានមេដាយមាសដោយការប្រកួតលើវិញ្ញាសា eLife Map រយៈពេល ២ ថ្ងៃ។ យុវជនមានពិការភាពកម្ពុជាទាំង ៤ នាក់នេះក៏ទទួលបានមេដាយសំរឹទ្ធចំនួន ៤ គ្រឿងផងដែរ លើវិញ្ញាសាប្រកួតលើវិញ្ញាសា eContent ជាលក្ខណៈក្រុមផងដែរ។
យោងតាមហ្វេសប៊ុកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងនៅថ្ងៃទី ២៧ ខែតុលាថា ការឈ្នះនេះជាមោទនភាព និងអបអរសាទរ ដែលយុវជនមានពិការភាពកម្ពុជា ទទួលបានមេដាយមាស និងមេដាយសំរឹទ្ធ ក្នុងការប្រកួតជាសកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ ២០២៣។
ក្រសួងសង្គមកិច្ចបានបញ្ជាក់ថា សម្រាប់ការប្រកួតប្រជែងនេះ មានអ្នកចូលរួមសរុប ចំនួន ៥៣៦ រូប ក្នុងនោះយុវជនមានពិការភាពចំនួន ៤៦១ រូប (ប្រកួតផ្ទាល់ចំនួន ៩៥ រូប និងប្រកួតតាមអនឡាញចំនួន ៣៦៦ រូប) ដោយមានយុវជនមកពីប្រទេសចំនួន ១៨ គឺកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្ស៊ីប នេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេត្យូពី បង់ក្លាដែស ចិន ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៣ ដល់ ២៩ ខែតុលា ឆ្នាំ ២០២៣។
លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនៅថ្ងៃទី ២៩ ខែតុលាថា ដើម្បីអបអរសាទរដល់យុវជនមានពិការភាពកម្ពុជាដែលទទួលបានមេដាយមាស និងមេដាយសំរិទ្ធពីការប្រកួតនេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងមកទទួលយុវជនមានពិការភាពកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅរសៀលថ្ងៃទី ២៩ ប្រសិនគ្មានករណីណាប្រែប្រួល។
លោក ច័ន្ទមករា បានបញ្ជាក់ថា៖ «បងប្អូនដែលទទួលបានពានរង្វាន់ពីការប្រកួតសកលផ្នែកព័ត៌មានវិទ្យាឆ្នាំ ២០២៣ នេះ គឺមានយុវជនមានពិការភាពកម្ពុជាទទួលបានមេដាយសំរិទ្ធចំនួន ៤ គ្រឿង ក្នុងការប្រកួតជាលក្ខណៈក្រុម ក្រៅពីមេដាយសំរិទ្ធហើយ យុវជនមានពិការភាពកម្ពុជាម្នាក់ក្នុងចំណោម ៤ នាក់ ទទួលបានមេដាយមាស ១ ផងដែរ»។
លោកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា (CDPO) បានឱ្យដឹងដែរថា ក្នុងនាមជាអង្គការដែលធ្វើការលើវិស័យពិការភាព ពិតជាចូលរួមអបអរសាទរជាខ្លាំង ពីព្រោះនេះបង្ហាញថា កម្ពុជាជាប្រទេស ១ ដែលមានជនមានពិការភាពដ៏មានសក្ដានុពលខ្ពស់ ហើយបានចូលរួមលើកមុខមាត់របស់ប្រទេស ដោយការបង្ហាញសមត្ថភាព និងទង់ជាតិខ្មែរទៅកាន់ប្រទេសផ្សេងទៀតផង។
លោកស្រីថ្លែងថា៖ «ខ្ញុំសាទរមែនទែនចំពោះជនមានពិការភាពយើងដែលទទួលបានមេដាយមាសជូនសង្គមជាតិ ក៏ប៉ុន្តែប្រសិនបើមានលើកក្រោយទៀត ខ្ញុំចង់ឱ្យមានការរៀបចំជនមានពិការភាពយើងបានទៅចូលរួមប្រកួតច្រើនជាងនេះ ហើយក្នុងនោះក៏ត្រូវតែមានស្ដ្រីដែលជាជនមានពិការភាពចូលរួមផងដែរ»។
លោកស្រីបន្តថា ការដែលមានស្ត្រីជាជនមានពិការភាព បានចូលរួមប្រកួត វាជាការបញ្ជាក់ថា កម្ពុជាបានលើកកម្ពស់ទាំងវិស័យពិការភាព និងទាំងការលើកកម្ពស់យេនឌ័រផងដែរ ដូច្នេះហើយបើមានឱកាសលើកក្រោយទៀត ភាគីកម្ពុជាគួរតែមានការចរចាយ៉ាងណាជាមួយភាគីប្រទេសដែលជាម្ចាស់ផ្ទះ ដើម្បីផ្ដល់ឱកាសឱ្យជនមានពិការភាពជាស្ត្រីបានចូលរួមច្រើនក្នុងការប្រកួត។
Global IT Challenge for Youth with Disabilities (GITC)) គឺជាគម្រោង ១ ដើម្បីពង្រឹងសមត្ថភាពរបស់យុវជនពិការ ចាក់គ្រឹះសម្រាប់វឌ្ឍនភាពសង្គម និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពប្រើប្រាស់ឌីជីថលសម្រាប់យុវជនពិការ៕