ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៦ និងទី ៧ ខែវិច្ឆិកា ខាងមុខមានបេក្ខជនសរុបចំនួនជាង ១៣ ម៉ឺននាក់ ដែលធៀបទៅនឹងឆ្នាំ ២០២២ មានការកើនឡើង ជិត ១ ម៉ឺននាក់។
លោក ហង់ជួន ណារ៉ុន បានថ្លែងដូចនេះ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងសន្និសីទសារព័ត៌មាន ដោយលោកក៏បានបញ្ជាក់ដែរថា ការប្រឡងឆ្នាំនេះ ក្រសួងនៅតែផ្តោតលើគោលការណ៍ចម្បងសំខាន់ចំនួន ៤ ដដែល គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានគឺ «អ្នកចេះជាប់»។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យបេក្ខជនទាំងអស់ ខិតខំប្រឹងប្រែងរំឭកមេរៀន និងអំពាវនាវឱ្យបេក្ខជនគោរពបទប្បញ្ញតិ្តនៃការប្រឡងឱ្យបានល្អ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ»។
លោក ហង់ជួន ណារ៉ុន ក៏បានរំលេចផងដែរពីមេរោគកូវីដ ១៩ ដោយលោកថា នៅទូទាំងពិភពលោកហាក់ដូចជាលែងមានហើយ ហើយក៏អាចដូចនឹងជំងឺផ្តាសាយបក្សីផងដែរ ប៉ុន្តែក្រសួងនៅតែស្នើសុំឱ្យបេក្ខជនគោរពតាមបទដ្ឋានផ្សេងៗរួមទាំងសុខភាព អនាម័យជាដើម។ អ៊ីចឹង ក្រសួងនឹងមិនមានការដាក់បេក្ខជនឱ្យនៅដាច់ដោយឡែកទេ។
លោកបានថ្លែងថា៖ «ក្នុងគោលបំណងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំបន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង ស្ថាប័នចំនួន ៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយអគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា»។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថ្លែងថា កន្លងមកចំពោះការប្រឡងបាក់ឌុប ក្រសួងតែងតែរៀបចំរឹតបន្តឹងបែបនេះបែបនោះ និងដាក់ចេញគោលការណ៍សម្រាប់សិស្សដែលត្រូវប្រឡង ពោលគឺអ្នកចេះគឺជាប់ ដែលគោលការរណ៍ទាំងនេះវាជាការល្អប្រសើរ ដើម្បីលើកកម្ពស់វិស័យអប់រំ។
លោកស្រីថ្លែងថា៖ «ការដាក់ចេញគោលការណ៍ទាំងនេះ គឺវាល្អហើយ ប៉ុន្តែកុំយកអង្គភាពប្រឆាំងអំពើពុករលួយដាក់ចូលរួមជាមួយកិច្ចការប្រឡងនេះ ខ្ញុំមិនគាំទ្រទេ ព្រោះលោកគ្រូ-អ្នកគ្រូយើង ខិតខំបញ្ចេញសមត្ថភាព និងលទ្ធភាពអស់ហើយ ដើម្បីជួយជំរុញដល់សិស្សានុសិស្សឱ្យទទួលបានការអប់រំ មិនមែនគាត់បង្រៀនមកដើម្បីជាប់ទោសជាមួយអង្គភាពប្រឆាំងអំពើពុករលួយនោះទេ»។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៣ ក្រសួងអប់រំបានឱ្យដឹងថា ការប្រឡងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៦ និងថ្ងៃទី ៧ ខែវិច្ឆិកា,ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា, ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ក្រសួងកំណត់យកថ្ងៃទី ២៨ ខែវិច្ឆិកា ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី ២៩ ខែវិច្ឆិកា សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ឆ្នាំ ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ (ស្រី ៧៣ ២៧៨ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១ ៣៧៩ នាក់ (ស្រី ២៤ ៧៨៩ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦ ០៣៣ នាក់ (ស្រី ៤៨ ៤៨៩ នាក់)។
បេក្ខជនត្រូវបានរៀបចំចំនួន ២៥ នាក់ក្នុង ១ បន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ក្រសួងអប់រំបានឱ្យដឹងទៀតថា មណ្ឌលសំណេរមានចំនួនសរុប ២២៧ មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៨២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ១៥៥ មណ្ឌល ត្រូវជា ៣ ៨៦១ បន្ទប់។
គណៈមេប្រយោគ និងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប ២៩ ៥២៥ នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន ៤ ១២៦ នាក់ និងមកពីថ្នាក់រាជធានី ខេត្តចំនួន ២៥ ៣៩៩ នាក់។
ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្តចំនួន ២ ដង គឺលើកទី១ នៅថ្ងៃទី ៣០ ខែតុលា ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២ នៅថ្ងៃទី ៥ វិច្ឆិកា ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀត អំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ៕