ភ្នំពេញៈ នៅឆ្នាំ ២០២៤ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាសរុបចំនួនជាង ៣៨ ពាន់ប៊ីលានរៀល ឬជាង ៩ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះជាង ៣៤ ពាន់ប៊ីលានរៀល ឬជាង ៨ ពាន់លានដុល្លារ ចំណាយនៅថ្នាក់ជាតិ និងជាង ៤ ពាន់ប៊ីលានរៀល ឬជាង ១ ពាន់លានដុល្លារ ចំណាយនៅថ្នាក់ក្រោមជាតិ។ វិស័យសង្គមកិច្ច អប់រំ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈនិងសុខាភិបាល នៅតែជាវិស័យអាទិភាពសម្រាប់ការចំណាយនេះ។
គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៧ ខែតុលា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយក្នុងនោះសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២៤ ត្រូវបានពិភាក្សា និងអនុម័តផងដែរ។ សេចក្តីប្រកាសព័ត៌មានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៃទីស្តីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះមាន ៥ ជំពូកនិង ១៤ មាត្រា និងត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលរាជរដ្ឋាភិបាលដឹកនាំដោយ«គណបក្សប្រជាជនកម្ពុជា បន្តទទួលបាននូវទំនុកចិត្តដ៏ច្រើនលើសលប់ ចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសក្នុងការដឹកនាំប្រទេសជាតិសម្រាប់រយៈពេល ៥ ឆ្នាំបន្តទៀត»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «នៅឆ្នាំ ២០២៤ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាសរុបចំនួន ៣៨ ៨២៩ ប៊ីលានរៀលក្នុងនោះ ថវិកាចំណាយនៅថ្នាក់ជាតិ ឆ្នាំ ២០២៤ មានចំនួន ៣៤ ៤៩៧ ប៊ីលានរៀល ត្រូវជា ២៤,១៣ ភាគរយ នៃ ផ.ស.ស. [ផលិតផលក្នុងស្រុកសរុប] ថយចុះ ៥,៨ ភាគរយ ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ និងចំណាយនៅថ្នាក់ក្រោមជាតិ មានចំនួន ៤ ៣៣២ ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១,៧ ភាគរយនៃចំណាយថវិការដ្ឋសរុប ត្រូវជា ៣,០៣ ភាគរយ នៃ ផ.ស.ស. កើនឡើង ៦,៦ ភាគរយធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣»។
ប្រភពដដែលបន្តថា៖ «ជាការកត់សម្គាល់ សម្រាប់ឆ្នាំ ២០២៤ វិស័យសង្គមកិច្ចនៅតែជាអាទិភាពក្នុងការចំណាយ ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា»។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ថវិកាឆ្នាំ ២០២៤ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយសម្រាប់ឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតបនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួងទាំងក្នុង និងក្រៅប្រទេស ដែលត្រូវបានរៀបចំឡើងដោយប្រកាន់យកនូវជំហាននៃការអនុវត្ត គោលជំហរពង្រឹងប្រសិទ្ធភាពថវិកា ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមនុស្ស សមត្ថភាពស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល។
ក្នុងដំណើរការពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ក្របខ័ណ្ឌថវិកាឆ្នាំ ២០២៤ ជាកត្តាកំណត់នៃភាពជោគជ័យរបស់រាជរដ្ឋាភិបាល និងបានស្នើស្ថាប័នទាំងអស់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយលោកបានចាត់ទុកឆ្នាំ ២០២៤ ជាឆ្នាំសម្រាប់វាយតម្លៃអំពីការចំណាយរបស់រាជរដ្ឋាភិបាលឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២៩ តុលាថា ថវិកាជាតិឆ្នាំ ២០២៤ គឺរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ផ្ដោតសំខាន់នៅតែទៅលើវិស័យសង្គមកិច្ច ដូចជាជាក់ស្ដែងវិស័យអប់រំ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាលនិងសង្គមកិច្ច។ ក្រសួងដែលពាក់ព័ន្ធមានក្រសួងអប់រំយុវជននិងកីឡា ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាក្រសួងគឺជាអាទិភាព។
លោកថ្លែងថា ការដែលក្រសួងទាំងនោះអាទិភាពពីព្រោះយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលលោក ហ៊ុន ម៉ាណែត បានប្រកាសតាំងពីដើមអាណត្តិភ្លាមៗនោះគឺផ្ដោតការយកចិត្តទុកដាក់ខ្លាំងទៅលើមនុស្ស ការកសាងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពស្ថាប័នក្នុងនោះមានការកែទម្រង់រដ្ឋបាលសាធារណៈការកែទម្រង់រចនាសម្ព័ន្ធនិងអភិបាលកិច្ចល្អជាស្នូល។
លោក ប៉ែន បូណា ថ្លែងថា៖ «អ៊ីចឹង យើងគិតថា រាជរដ្ឋាភិបាលសម្រេចថវិកាឆ្នាំ ២០២៤ នេះគឺជាថវិកាមួយជាយុទ្ធសាស្ត្រ។ យុទ្ធសាស្ត្រហ្នឹង ដើម្បីធ្វើម៉េចរក្សាឱ្យបានសមិទ្ធផលទាំងឡាយដែលមានសុខសន្តិភាពការអភិវឌ្ឍទាំងឡាយដែលរាជរដ្ឋាភិបាល សម្តេចតេជោលោកបានកសាងឡើង ហើយនិងសម្រេចបន្តឱ្យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ សមិទ្ធផលថ្មីៗទៀតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលសម្តេចធិបតីលោកបានប្រកាសដាក់ចេញហ្នឹង ហើយថវិកានេះក៏យើង រាជរដ្ឋាភិបាល គិតគូរអំពីការត្រៀមប្រឈមបញ្ហាហានិភ័យផ្សេងៗដែលអាចកើតឡើងទាំងក្នុងនិងក្រៅប្រទេស។ បានន័យថា មានជាបញ្ហាដូចជាកន្លងមកកើតឡើងដែលជះឥទ្ធិពលសេដ្ឋកិច្ចដល់កម្ពុជាហ្នឹងគឺយើងត្រៀមទប់ទល់ទាំងអស់ហ្នឹង»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២៩ តុលាថា លោកគាំទ្រចំពោះការចំណាយទៅលើក្រសួងអាទិភាពទាំងនេះសម្រាប់ទ្រទ្រង់លើការអភិវឌ្ឍសង្គម ប៉ុន្តែសំខាន់ការចាយវាយទៅលើកញ្ចប់ថវិកានេះឱ្យមានប្រសិទ្ធភាពជាក់ស្ដែងនិងកែទម្រង់ស៊ីជម្រៅជាក់ស្ដែងទៅលើវិស័យសិក្សាធិការនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរួមនឹងសុខាភិបាលផងដែរ។
លោកថា៖ «ទាំងអស់នេះយើងសុទ្ធតែមើលឃើញថាធនធានមនុស្សរបស់យើងដែលផ្អែកលើក្រសួងទាំងអម្បាលម៉ានហ្នឹង វាមានបញ្ហានៅឡើយ។ យើងខ្វះជំនាញបច្ចេកទេសដែលអាស្រ័យទៅលើក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈហ្នឹង។ យើងខ្វះកម្លាំងជំនាញហ្នឹង។ សុខាភិបាលយើងដឹងហើយថា ប្រជាពលរដ្ឋយើង ធនធានមធ្យមល្មមនិងអ្នកខ្លះក៏ធនធានមិនសូវមានក៏នៅតែប្រឹងប្រែងទៅព្យាបាលនៅបរទេសដែរ។ អាហ្នឹងយើងចោទជាសំណួរថា តើមកពីក្រសួងដើរតួនាទីយ៉ាងម៉េច? អាហ្នឹងអ៊ីចឹងសំខាន់គឺចាយឱ្យចំគោលដៅកំណែទម្រង់ឱ្យស៊ីជម្រៅចំគោលដៅ។ ឥឡូវ ក្រសួងទាំងអស់ហ្នឹងគឺជារឿងត្រឹមត្រូវ ប៉ុន្តែបើមិនបាន កែទម្រង់ច្បាស់លាស់ទេ នោះជារឿងខាតបន្តទៀត»៕