ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា លោកមានបក្ខពួកជាង ១៧ លាននាក់ ពោលគឺប្រជាជនខ្មែរទូទាំងប្រទេស ហើយប្រជាជននេះហើយជាអ្នកមានអំណាចសម្រេចចិត្តឱ្យគណបក្សប្រជាជនកម្ពុជាជាអ្នកដឹកនាំប្រទេសកម្ពុជា។
លោកបានលើកឡើងដូចនេះនៅពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីប្រមាណជិត ២ ម៉ឺននាក់ នៃបណ្តារោងចក្រសហគ្រាសក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា មានអ្នកនយោបាយបរទេសបានលើកឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយបរទេសមួយថាគោលនយោបាយអភិវឌ្ឍន៍ប្រទេសរបស់រដ្ឋាភិបាលលោក គឺសម្រាប់តែបក្ខពួកខ្លួនឯង និងអ្នកមានអំណាចមួយក្តាប់តូចដែលលោកចាត់ទុកជាការវិភាគមានភាពចង្អៀតចង្អល់។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំគឺខ្ញុំផ្តល់សម្រាប់បក្ខពួកខ្ញុំ ១៧ លាននាក់ ហើយអ្នកមានអំណាច គឺប្រជាពលរដ្ឋហ្នឹងឯងដែលជាអ្នកមានអំណាចផ្តល់សិទ្ធិ ផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស»។
លោកបន្តទៀតថា គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលតែងស្វាគមន៍គ្រប់និន្នាការ និងបក្ខពួកក្នុងគោលដៅរួមគ្នាថែរក្សាសន្តិភាពនិងការអភិវឌ្ឍ ហើយលោកបម្រើអ្នកមានអំណាចគឺប្រជាជននោះឯងដែលមានអំណាចបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា និងលោកមកដឹកនាំប្រទេស ខណៈគណបក្សប្រជាជនកម្ពុជាទទួលសំឡេងឆ្នោតជាង ៨២ ភាគរយ ពោលគឺជាសំឡេងលើសលប់ចំនួន ៦ លាន ៤ សែនសំឡេង។
នៅក្នុងឱកាសនោះដែរ លោកបានផ្តាំផ្ញើទៅកាន់ការវិភាគដែលបង្អាប់លោកដូច្នេះថា៖ «អ្នកឯងចោទខ្ញុំថាខ្ញុំធ្វើដើម្បីបក្ខពួករបស់ខ្ញុំ អ្នកមានលុយ អ្នកមានអំណាច ប៉ុន្តែអ្នកឯងមានទស្សនៈចង្អៀតចង្អល់ហើយទស្សនៈចង្អៀតចង្អល់បែបអស់លោកនេះហើយបានជាបក្សរបស់អស់លោកមិនដែលឈ្នះឆ្នោតនោះ»។
លោក ហ៊ុន ម៉ាណែត បានបន្តថា៖ «ឱ្យតែគេចូលមករួមជាមួយរាជរដ្ឋាភិបាល ថាគេក្បត់ជាតិ ហើយចោទរាជរដ្ឋាភិបាលមិនផ្ដល់ឱកាសឱ្យអ្នកចេះដឹង ហើយអ្នកដែលមានចំណេះជំនាញចូលមកធ្វើការក្នុងរាជរដ្ឋាភិបាលចោទគេថា ក្បត់ឧត្តមគតិ ចង្អៀតចង្អល់បែបនេះហើយដែលមិនរីកចម្រើន»។
លោកបានបន្ថែមថា លោកបានគិតគូរគោលនយោបាយសម្រាប់បក្ខពួករបស់លោក គឺពង្រីករបបថែទាំសុខភាពសម្រាប់ប្រជាជន ៧ លាន ៤ សែននាក់ ដែលទទួលផលពីការគ្របដណ្តប់បណ្ណសមធម៌ និងគោលនយោបាយសមធម៌ ព្រមទាំងការរៀបចំរបបបេឡាសន្តិសុខសង្គម។
លើសពីនេះ លោកបានគិតគូរបណ្តុះបណ្តាលប្រជាជនជាង ៦ លាន ៥ សែននាក់ ដែលទាំងនេះជាបក្ខពួករបស់លោកដែលជាកូនចៅប្រជាពលរដ្ឋក្រីក្រ និងរងហានិភ័យអាចបានទៅសិក្សា និងទទួលបានប្រាក់ខែរួមទាំងកម្មករ-កម្មការិនីផង។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាបានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីដែលយកប្រជាជនទូទាំងប្រទេសជាបក្ខពួករបស់លោក ក៏ប៉ុន្តែលោកស្នើឱ្យប្រមុខរដ្ឋាភិបាលកម្ពុជាពិនិត្យទិដ្ឋភាពជាក់ស្តែង ដើម្បីឱ្យពលរដ្ឋគ្រប់រូបទទួលបានផលប្រយោជន៍ដោយមិនមានការរើសអើង។
លោកថា មតិរិះគន់ចំពោះភាពបក្ខពួកនិយមរបស់រដ្ឋាភិបាលថ្មី គឺមានទាំងក្រសែភ្នែកអ្នកនៅក្នុងស្រុក និងក្រៅស្រុក ព្រមទាំងរង្វង់មតិសហគមន៍អន្តរជាតិ។ លោកបានថ្លែងថា៖ «បើយើងចង់់បញ្ចៀសបញ្ហាបក្ខពួកនិយម យើងគួររៀបចំប្រព័ន្ធរដ្ឋបាលនយោបាយឡើងវិញ ជាពិសេសគណបក្សនីមួយៗមិនត្រឹមតែរដ្ឋាភិបាលទេ គឺធ្វើយ៉ាងណាមានការប្រឡងប្រជែងមានការវាយតម្លៃត្រឹមត្រូវ ដើម្បីទទួលបានអ្នកមានសមត្ថភាពពិតប្រាកដ»។
លោក អ៊ូ ច័ន្ទរ័ត្ន បន្ថែមថា បើសិនគេមិនទប់ស្កាត់បញ្ហាបក្ខពួកនិយមទេ នោះសង្គមនឹងកើតមានរឿងអយុត្តិធម៌។
សម្រាប់ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះ ជាការសមហេតុសមផល ដោយសារក្នុងនាមជានាយករដ្ឋមន្ត្រី គឺជានាយករដ្ឋមន្ត្រីសម្រាប់ប្រជាជនប្រទេសទាំងមូលទោះបីប្រជាជនខ្លះមាននិន្នាការប្រឆាំងក្តី ឬស្របក្តីដូច្នេះជានាយករដ្ឋមន្ត្រីសម្រាប់ប្រជាជនខ្មែរទាំងជាង ១៧ លាននាក់។
លោកបានលើកឡើងថា មតិរិះគន់ដែលថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រកាន់បក្ខពួកនិយម គឺមិនយល់ពីយន្តការនៃដំណើរការរដ្ឋាភិបាល ដោយសារជាធម្មតាគណបក្សដែលឈ្នះឆ្នោត តែងរៀបចំគណៈរដ្ឋមន្ត្រីដែលមានទស្សនៈនយោបាយស្របតាមខ្លួន។
លោក យង់ ពៅ បានបញ្ជាក់ថា៖ «តែកាលណា គេឈ្នះឆ្នោត គេជ្រើសយកគ្នាគេ សមាជិកបក្សគេមកធ្វើការហើយ ជារឿងធម្មតា។ អ្វីដែលសំខាន់ដើម្បីឆ្លើយតបនឹងមតិរិះគន់បែបនេះ រដ្ឋាភិបាលអាណត្តិទី៧ ត្រូវគិតគូរជួយដោះស្រាយបញ្ហា និងបម្រើប្រយោជន៍សម្រាប់ប្រជាជនទូទាំងប្រទេសនៅត្រង់តម្រូវការជាក់ស្តែងរបស់ពលរដ្ឋដែលមិនមានការរើសអើង»។
លើសពីនេះទៀត លោក យង់ ពៅ បានបន្ថែមថា ការជ្រើសតាំងមន្ត្រីនៅតាមមូលដ្ឋានក៏មានសារៈសំខាន់ផងដែរ ដើម្បីចៀសវាងមតិរិះគន់លើបញ្ហាបក្ខពួកនិយម ជាពិសេសការជ្រើសរើសមន្ត្រីរាជការទូទៅប្រកបដោយសមត្ថភាព និងមានទឹកចិត្តក្នុងការបំពេញភារកិច្ចតាមតួនាទីក្នុងបំណងបម្រើប្រជាពលរដ្ឋ៕