ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាសម្រេច បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប ៥ ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ដោយមានសមាសភាព ២៩ រូប ដែលនឹងប្រារព្ធឡើងនាខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ។
សេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដែលចុះហត្ថលេខា ដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងថា គណៈកម្មការអន្តរក្រសួងនេះមានសមាសភាព ចំនួន ២៩ រូបដែលក្នុងនោះមានលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិជាប្រធាននិងមានអនុប្រធានចំនួន១០រូប ដែលជាទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័នផ្សេងៗ និងសមាជិកចំនួន១៨ រូប ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកនៃអគ្គនាយកដ្ឋានផងដែរ។
សេចក្តីសម្រេចបញ្ជាក់ថា៖«គណៈកម្មការអន្តរក្រសួងនេះមានតួនាទី និងភារកិច្ច ដឹកនាំ គ្រប់គ្រង និងសម្របសម្រួលពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ, គ្រប់គ្រងការងាររដ្ឋបាល ហិរញ្ញវត្ថុ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងពិធី,ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ, ធ្វើរបាយការណ៍លទ្ធផលជូនរាជរដ្ឋាភិបាលនិងបំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល»។
គណៈកម្មការអន្តរក្រសួងនេះ មានទីតាំងនៅក្រសួងការពារជាតិ និងមានសិទ្ធិប្រើត្រារបស់ក្រសួងការពារជាតិដើម្បីដំណើរការការងាររបស់ខ្លួន ហើយគណៈកម្មការនេះក៏មានសិទ្ធិប្រើថវិការាជរដ្ឋាភិបាល និងប្រភពថវិកាស្របច្បាប់ផ្សេងៗទៀត ដើម្បីដំណើរការងាររបស់ខ្លួនបានផងដែរ។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែតុលា ថា ការសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធខួបលើកទី២៥នៅពេលនេះ ព្រោះរាជរដ្ឋាភិបាលយល់ឃើញថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់សម្រាប់ប្រទេសកម្ពុជា។
លោកបន្តថា ក្នុងនោះ គឺការបញ្ចប់សង្គ្រាមទាំងស្រុង បន្ទាប់ពីអូសបន្លាយជិត ៣ ទសវត្សរ៍ និងការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ ឈ្នះ របស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដោយឥតមានភាគីណាមួយស្រក់ឈាមនោះទេ។
លោក ប៉ែន បូណា បញ្ជាក់ទៀតថា ស្របពេលដែលនៅក្នុងបរិបទពិភពលោកជួបបញ្ហាប្រឈមទៅនឹងសង្គ្រាម រូបមន្តនយោបាយឈ្នះ ឈ្នះ របស់លោក ហ៊ុន សែន ដែលបានរកឃើញសម្រាប់សន្តិភាពនៅក្នុងប្រទេសកម្ពុជា គឺជារូបមន្តដ៏មានតម្លៃខ្លាំងណាស់ មិនត្រឹមតែប្រជាជនកម្ពុជានោះទេ សម្រាប់ប្រជាជននៅលើពិភពលោកទាំងមូលដែលពួកគេត្រូវតែដឹង និងគួរតែមករៀនពីរូបមន្តទាំងនេះ ដើម្បីយកទៅអនុវត្តដើម្បីស្វែងរកសុខសន្តិភាព សម្រាប់ប្រទេសរបស់ពួកគេ។បើសន្តិភាពមួយរកបានដោយសម្លាប់គូសត្រូវ មិនមែនជាសន្តិភាព និងជយជម្នះពិតប្រាកដនោះទេ។
លោកថ្លែងថា៖«អ៊ីចឹង ដោយសារភាពសំខាន់ហ្នឹងហើយ ដែលរាជរដ្ឋាភិបាលចាំបាច់ប្រារព្វខួប២៥ ឆ្នាំ នៃការបញ្ចប់សង្គ្រាម និង៥ ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ ឈ្នះ ដើម្បីឱ្យប្រជាជនយើងចងចាំ រៀនសូត្រ កុំឱ្យប្រវត្តិសាស្ត្រធ្លាក់ទៅក្នុងសង្គ្រាមវិញ ហើយក៏ដូចជាទុកឱ្យពិភពលោកទាំងមូលរៀនសូត្រពីកម្ពុជា ផងដែរ»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៣០ ខែតុលា បានប្រាប់ដែរថា កម្ពុជាឯកភាពទៅលើទឹកដី ដែលគ្រប់គ្រងដោយរាជរដ្ឋាភិបាលតែ១ ខណៈកាលពីមិនទាន់បានបញ្ចប់សង្គ្រាម ប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលលើសពី១ រួមមានរដ្ឋាភិបាលក្រុងភ្នំពេញ រដ្ឋាភិបាលត្រីភាគី ឬរដ្ឋាភិបាលនិរទេស ជាដើម។
លោក យង់ ពៅ បញ្ជាក់ថា ក្រោយពេលដែលនយោបាយឈ្នះ ឈ្នះ ទទួលបានជោគជ័យនៅក្នុងរយៈពេល ២៥ឆ្នាំ មកនេះ កម្ពុជាមានរដ្ឋាភិបាល១គ្រប់គ្រងទឹកដី១ មានឯកភាពជាតិ និងធ្វើឱ្យប្រទេសកម្ពុជា មានពេលវេលាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសង្គមឱ្យមានការរីកចម្រើនរហូតមកទល់នឹងបច្ចុប្បន្ននេះ។ ដូច្នេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើតឡើងនូវគណៈកម្មការអន្តរក្រសួងនៅពេលនេះគឺរៀបចំធ្វើឱ្យធំ និងអធិកអធម ដើម្បីដាស់ស្មារតីឱ្យជាពលរដ្ឋខ្មែរឱ្យចងចាំនៅក្នុងចិត្ត នូវព្រឹត្តិការណ៍សង្គ្រាម និងសន្តិភាព ដែលខ្មែរខំរកបាន។
លោក យង់ ពៅ បានថ្លែងថា៖«ដូច្នេះ ការរៀបចំប្រារព្ធខួបលើកទី២៥នេះ គឺដើម្បីជាការរំឭកស្មារតី តស៊ូ ស្មារតីនៃការបង្រួបបង្រួមជាតិកម្ពុជា ឱ្យប្រជាពលរដ្ឋខ្មែរ មហាជនខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិបានស្វែងយល់អំពី តម្លៃសន្តិភាព គុណតម្លៃសន្តិភាព ដែលខ្មែរទទួលបាន បើគ្មានសន្តិភាពទេ គឺមិនអាចអភិវឌ្ឍមិនមានប្រជាធិបតេយ្យ និងសិទ្ធិមនុស្សលើកមកនិយាយបានទេ»៕