ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ ២០២៣ ចំនួន ៦ ចំណុច និងការងារអាទិភាពក្នុងរយៈពេល ២ ឆ្នាំខាងមុខ ចំនួន៤ចំណុចទៀត សំដៅបង្កើនប្រាក់ចំណូល ការធានាលក្ខខណ្ឌការងារល្អប្រសើរសម្រាប់កម្មករនិយោជិត។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតរោងចក្រកាត់ដេរ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែតុលា ដោយលោកបញ្ជាក់ថា ក្រសួងក៏នឹងពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ: កិច្ចគាំពារសង្គម និងជំនាញវិជ្ជាជីវ: ជូនកម្មករនិយោជិត រួមនឹងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យផងដែរ។
លោកបានបញ្ជាក់ថា៖ «ការងារអាទិភាពទាំង ៦ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្ត ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិតទូទាំងប្រទេស»។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបង្ហាញពីការគាំទ្រ និងពេញចិត្តចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវការងារអាទិភាពចំនួន៦ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈអនុវត្តក្នុងឆ្នាំ២០២៣នេះ។
លោកបានលើកឡើងថា ការងារអាទិភាពទាំង៦ចំណុចនេះ ជាយន្តការដ៏ល្អប្រសើរក្នុងការផ្តល់ការងារ ការផ្តល់ការគាំពារសុខមាលភាព ក៏ដូចជាអត្ថប្រយោជន៍ជាច្រើន មិនត្រឹមតែសម្រាប់កម្មករនិយោជិតផ្ទាល់ប៉ុណ្ណោះទេ តែក៏ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងអ្នកប្រកបអាជីវកម្មផ្សេងៗផងដែរ។
លោក ហ្វា សាលី បានបញ្ជាក់ថា ៖ «ក្នុងនាម ជាប្រធានសហជីពក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ជាច្រើនឆ្នាំមកហើយ ខ្ញុំសង្កេតឃើញថា មានយន្តការថ្មីៗជាច្រើន ត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់ ដែលជាការតភ្ជាប់គ្នាចាប់តាំងពីអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន រហូតដល់អាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែត»។
បើតាមលោក ហេង សួរ បានបង្ហាញពីវឌ្ឍនភាពនៃការងារអាទិភាពទាំង៦ចំណុច ដែលក្រសួងការងារបាននិងកំពុងអនុវត្តក្នុងឆ្នាំ២០២៣នេះ រួមមាន៖(ទី១) ការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាឡើងដល់ចំនួន២០៤ដុល្លារក្នុង១ខែ សម្រាប់ឆ្នាំ២០២៤សម្រាប់កម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ, (ទី២)ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស។
លោកបន្តថា (ទី៣) ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងបងប្អូនកម្មករនិយោជិតចំនួនប្រមាណ១,៥លាននាក់,(ទី៤) ការជំរុញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង, (ទី៥) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន, ពេលសម្រាលកូន, និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល បានអនុវត្តចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មក និង (ទី៦) បានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់លក្ខណវិនិច្ឆ័យ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»ដោយពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤៕