កំពង់ស្ពឺៈ​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ា​ណែត​ បាន​ណែនាំ​ឱ្យ​បណ្តា​អាជ្ញា​ធ​រខេត្ត​-ស្រុក​ត្រៀម​សហ​ការ​ជា​មួយ​ក្រុម​ការ​ងារ​នៃ​អាជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ក្នុងការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ជូន​ប្រជា​ពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត-ស្រុក​នា​ពេល​ខាង​មុខ ​ក្រោយ​ពេល​សេចក្ដី​ព្រាង​ព្រះរា​ជក្រឹត្យ​ស្តីពី​ការ​បង្កើត​ការ​រៀបចំ​ និង​កិច្ច​ដំណើរ​ការ​របស់​អា​ជ្ញា​ធរ​ជាតិ​ដោះស្រា​យ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ត្រូវ​បាន​ចូល​ជា​ធរ​មាន​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ណែនាំ​បែប​នេះ ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធ​ផល​នានា​ក្នុង​ខេត្ត​កំពង់​ស្ពឺ ព្រម​ទាំង​ប្រកាស​ខេត្ត​កំពង់​ស្ពឺ ជា​ខេត្ត​អស់​មីន កាល​ពី​ថ្ងៃទី ​៣០​ ខែតុលា ឆ្នាំ​ ២០២៣​។​

​លោក​បាន​ថ្លែង​ថា​៖ «​អ៊ីចឹង​ អាជ្ញាធ​រខេត្ត​ អាជ្ញា​ធរ​ស្រុក ​ត្រៀម​ផ្តល់​កិច្ច​សហ​ការ​គាំទ្រ​ឱ្យបាន​ពេ​ញ​លេញ​និង​សហ​ការឱ្យ​បាន​ល្អ រួម​ជា​កម្លាំង​ដើម្បី​ជួយ​គ្នា ដោះ​ស្រាយ​លើ​បញ្ហា​នេះ​ ហើយពី​ណា​អ្នក​បាន​ផល​គឺ​ប្រជា​ពលរដ្ឋ​ដែល​មាន​វិវាទ​»​។

​ជា​មួយ​គ្នា​នេះ​ដែរ​ ​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ណែនាំ​ឱ្យ​លោក ​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌និ​ង​ជា​ប្រធាន​អាជ្ញា​ធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ត្រូវ​ផ្សព្វ​ផ្សាយ​ជូន​ប្រជា​ពលរដ្ឋ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​សារ​ប្រយោជន៍​នៃ​យ​ន្តការ​នេះ​ ដើម្បី​ឱ្យ​ពួក​គាត់​ចូល​រួម​ក្នុង​ការ​ដោះ​ស្រាយ​រក​យុត្តិ​ធម៌ និង​រក​មធ្យោ​បាយ​ទាំង​អស់​គ្នា​ដើម្បី​ដោះ​ស្រាយ​វិវាទ​ជូន​ប្រជា​ពលរដ្ឋ​។

​លោក​មាន​ប្រសាសន៍​ថា​៖ «​ការ​ដោះស្រា​យ​រក​យុត្តិ​ធម៌ មិនចាំ​បាច់​តែ​តុលា​ការ​ទេ គឺ​ដោះ​ស្រាយ​រក​ការ​សម្រប​សម្រួល​ ភាគី​ទាំង​២​ឯក​ភាព ​មាន​ទម្ងន់ ​ដើម្បី​ឱ្យ​ចប់​រឿង​ គឺជា​កិច្ច​ការល្អ​បំផុត ​យើង​មិនច​ង់​ឈ្នះ​ចាញ់​ទេ ចប់​សង្គ្រាម​ក៏​នយោ​បាយ​ឈ្នះ​-ឈ្នះ​ដែរ​»​។

​បើ​តាម​ លោក ហ៊ុន ម៉ា​ណែ​ត ទោះបី​យន្ត​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​មិនមាន​ចរិត​ចាប់​បង្ខំ​ ដូច​យន្ត​ការ​តុលា​ការ ក៏​ប៉ុន្តែ​ជា​ប្រពៃណី​ទៅ​ហើយ​ដែល​យន្ត​ការ​នេះ​បាន​រួម​ចំណែក​បញ្ចប់​ទំនាស់​ផ្សេងៗ​យ៉ាង​ច្រើន​នៅ​តាម​មូល​ដ្ឋាន​ភូមិ​ ឃុំ ​សង្កាត់ តាម​រយៈ​កា​រចេញ​មុខ​សម្រប​សម្រួល​ពី​អាជ្ញា​ធរ​មូលដ្ឋា​ន ឬ​ចាស់​ទុំ​ជា​ដើម​។​

​លោក​បាន​សង្កត់​ធ្ងន់​ថា ផល​ប្រយោជ​ន៍នៃ​ការ​បង្កើត​យន្តការ​នេះគឺ​ដើម្បី​បង្ខិត​សេវា​យុត្តិធ​ម៌​ប្រកប​ដោយ​ប្រសិទ្ធភា​ព គុណ​ភាព និង​ឆាប់​រហ័ស​ឱ្យបាន​កាន់តែ​ជិត​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន ​ផ្ដល់ជូ​ន​ប្រជា​ពលរដ្ឋ​នូវ​យន្តការ​ដោះ​ស្រាយ​វិវាទ​មួយ​ដែល​អាច​ធានា​បាន​នូវ​បរិ​យា​កាស​សន្តិ​ភាព និង​ភាព​សុខដុ​មរមនា​ក្នុង​សង្គម​តាម​គោល​ការណ៍​ឈ្នះ-ឈ្នះ ​ជាពិសេស​គឺ​ជួយ​ដោះ​ស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​តុលា​ការ​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត ​​បញ្ជាក់ទៀ​តថា​៖«​ទំនាស់​ដែល​បាន​ដោះស្រាយ​​ហើយ​និង​មានការ​ព្រមព្រៀង​ទទួល​យក​លទ្ធ​ផល​តាម​យន្តការ​ក្រៅ​ប្រព័ន្ធតុ​លា​ការ​នេះត្រូវ​ចាត់​ទុកថា​បាន​ដោះ​ស្រាយ​រួចរាល់​ជា​ស្ថាពរ​ដោយ​មិន​ចាំបាច់​ប្ដឹង​បន្តទៅ​តុលា​ការ​ ព្រោះ​កំណ​ត់​ហេតុ​ព្រមព្រៀ​ង​បញ្ចប់​វិវាទ ដោយមាន​ការ​ចូលរួម​ពី​អាជ្ញាធរ​នេះ មាន​អានុ​ភាព​អនុវត្ត​ដូច​សាលក្រ​ម​ស្ថាពរ​តុលា​ការ​»​។​

​ជុំវិញ​បញ្ហា​នេះ លោក​ វ៉ី សំណាង អភិបាល​ខេត្ត​​កំពង់ស្ពឺ​នៅ​ថ្ងៃទី៣០ ខែតុ​លា បាន​​ឱ្យដឹង​ដែរ​ថា ក្នុ​ងនា​ម​រដ្ឋ​បាល​ខេត្ត​កំពង់​ស្ពឺ លោក​នឹង​ត្រៀម​ខ្លួន​ផ្តល់​កិ​ច្ចស​ហការ​ឱ្យបាន​ល្អជា​មួយ​​ក្រុមការងារ​​នៃ​អាជ្ញា​ធរ​ជាតិដោះ​ស្រា​យ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាកា​រ​នៅពេល​ខាង​មុខ​ ខណៈ​កន្លង​មកនេះ​រដ្ឋ​បាលខេ​ត្ត​ក៏ធ្លា​ប់បា​ន​ដោះស្រា​យ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាកា​រ​ដែ​រប៉ុន្តែ​មិន​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ ព្រោះ​គូទំនា​ស់​មិន​ទទួលយ​ក​ការស​ម្រុះស​ម្រួល​។

​លោកបា​នប​ញ្ជា​ក់ថា​៖«​ការ​ថ្លែង​របស់​សម្តេច​នាយករ​ដ្ឋ​មន្ត្រីគឺជា​ការយក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​ប្រជា​ពល​រដ្ឋកុំឱ្យ​អស់​លុយ​ច្រើន​ដោយសា​រ​តែ​ឡើង​ចុះ​តុលាកា​រ​។​ដូច្នេះ​បាន​ជា​សម្តេច​បង្កើត​យ​ន្ត​ការ​ហ្នឹង​មួយទៀ​តដើ​ម្បី​ធ្វើយ៉ាង​ណា​​សម្របស​ម្រួលបង​ប្អូន​ប្រជា​ព​លរដ្ឋ​ដោះ​ស្រាយ​តាមរយៈ​​អាជ្ញាធរ​ជាតិ​ហ្នឹងហើ​យ​ខេត្ត​ក៏​នឹង​ត្រៀមខ្លួ​ន​ក្នុងការ​ចូលរួម​កិច្ច​សហកា​រ​នេះឱ្យ​ដំណើរកា​រ​និង​ប្រព្រឹត្ត​ទៅ​ល្អ ដើ​ម្បី​ប្រពល​រដ្ឋ​យើង​»​។​

​ចំណែក ​លោក អំ​ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គ​ការ​លីកាដូ​នៅ​ថ្ងៃទី​៣០ ខែតុលា​ ក៏បា​នលើក​ឡើងដែរ​ថា កា​រព​ង្រីក​ការ​ដោះស្រាយ​​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ តា​មរយៈ​យន្តកា​រ​នៃ​អាជ្ញាធរ​​ជាតិដោះ​ស្រាយ​​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ទៅដល់​​ថ្នាក់​ខេត្ត​ និង​ស្រុក នៅ​ពេល​នេះ គឺ​ជា​ការ​បង្ខិត​សេវា​ជូន​ដល់​ប្រជា​ពល​រដ្ឋនៅ​​មូល​ដ្ឋាន​។

​លោក​បានថ្លែងថា​៖«​បើ​វិវាទ​រដ្ឋប្បវេណីបាន​ដោះស្រាយ​នៅ​មូលដ្ឋានរបស់គាត់​គឺជា​រឿង​ល្អដែល​ពួកគាត់​ស្ម័គ្រចិត្ត​ទទួលយក​ការដោះ​ស្រាយ​​របស់​អាជ្ញាធ​រដោះ​ស្រាយ​​វិវិទ​ក្រៅ​ប្រព័​ន្ធតុលាការដែ​ល​​ចៀសវា​ង​ទំនាស់​តូច​ក្លាយ​ទៅជា​ទំនាស់​ធំតែបើ​ទៅដ​ល់​តុលា​ការ​ ​នឹង​​ធ្វើ​ឱ្យ​ពួក​គាត់​មើលមុ​ខ​​គ្នា​មិន​ត្រូវ​»​។​

​លោក​បន្ត​ថា តែ​យ៉ាង​ណា ​គួរតែ​មាន​កិច្ចស​ហកា​រ​ជាមួយ​នឹ​ង​អាជ្ញា​ធរ​មូល​ដ្ឋាន​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ក្នុងការ​ដោះ​ស្រាយ​ និង​បង្កើន​ជំនឿ​ទុកចិ​ត្ត​ពី​ភាគី​ពាក់​ព័ន្ធ​ផង​ដែរ​។

​សូម​បញ្ជាក់​ដែរ​ថា លោ​ក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធ​ម៌នៅក្នុ​ង​កិច្ចប្រ​ជុំពេ​ញអ​ង្គ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី​២៧ ​ខែតុលា ​ឆ្នាំ​២០២៣​បាន​លើកឡើ​ង​ដែរ​ថា​ សេចក្ដី​ព្រាង​ព្រះរា​ជក្រឹ​ត្យ​ស្តីពី ការប​ង្កើត​កា​ររៀប​ចំ និង​កិ​ច្ចដំ​ណើរការ​របស់​អា​ជ្ញា​ធរ​ជាតិ​ដោះស្រា​យ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ត្រូវ​បាន​រៀបចំ​ធ្វើឡើ​ង​ក្នុងការ​បង្ខិត​សេវា​ជូន​ដល់​ប្រពល​រដ្ឋ​នៅ​មូល​ដ្ឋា​នដោយ​សម្រុះស​ម្រួល​ដោះ​ស្រាយ​វិវាទ​មួយចំ​នួន​ដែល​អាច​ធានាបាន​​សន្តិភា​ព​និយម ភាព​សុខដុ​មរមនា​នៅ​ក្នុង​សង្គ​ម និង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំរឿង ​នៅតាម​​តុលាកា​រ​។​

​លោក​បាន​បញ្ជា​ក់ថា៖«​អាជ្ញា​ធរ​ជាតិ​ដោះស្រា​យ​វិ​វាទដែល​ត្រូវ​បង្កើត​ឡើង​ដោយ​​ព្រះរាជ​ក្រឹត្យ​នេះជា​យន្តការ​ថ្មី ​ដើម្បីបំ​ពេញ​បន្ថែ​ម​​ដែល​មាន​​ស្រាប់ ​ហើយ​​អាជ្ញាធរ​​ជាតិ​ថ្មី​នេះ​នឹងមិន​​ជំនួស​យន្តការ​​ដែលមា​ន​ស្រាប់​នោះទេ​ហើយ​យន្តកា​រ​ដែលមា​ន​ស្រាប់​នៅ​បន្ត​តួនាទី​និង​ភា​រកិច្ច​របស់​ខ្លួន​ដដែល ​ប៉ុន្តែ​យន្ត​ការ​ថ្មី​នេះ​នឹង​ផ្តល់កា​រ​គាំទ្រ​បច្ចេ​កទេ​សនិង​ផ្តល់​កិច្ចសហ​ការ​ដល់​អា​ជ្ញាធរ​មូល​ដ្ឋាន​ដែល​ជា​តួអង្គ​សំដៅ​លើកកម្ព​ស់និ​ង​ប្រសិទ្ធ​ភាព​ក្នុងការ​ដោះស្រា​យ​វិវាទ​ជូន​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដោយ​ប្រើ​វិធី​សម្រុះ​សម្រួល​ និង​ផ្សះផ្សា​​វិវាទ​»​។​

សូម​បញ្ជា​ក់ថា ​រាជរ​ដ្ឋាភិបាល​​កម្ពុជា​បានអ​នុម័​ត​សេចក្ដី​ព្រាង​ព្រះរាជ​ក្រឹត្យ​ស្តីពី​ការបង្កើត ​ការរៀ​បចំ​ និង​កិ​ច្ចដំ​ណើរ​ការ​របស់​អា​ជ្ញា​ធរ​ជាតិដោះ​ស្រា​យ​​វិវាទ​ក្រៅ​ប្រព័ន្ធ​តុ​លាកា​រ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រ​ដ្ឋម​ន្ត្រីកា​លពី​ថ្ងៃ​សុក្រ ទី​២៧ ខែ​តុលា ឆ្នាំ​​២០២៣​។

​សេ​ចក្ដី​ព្រា​ង​ព្រះរាជ​ក្រឹត្យ​នេះមាន​​៦​ជំពូក​ និង​២២​មាត្រា និង​បាន​កំណត់​ពី​ការបង្កើ​ត​ ការរៀ​បចំ និង​កិច្ច​ដំណើ​រការ​របស់​អា​ជ្ញា​ធរ​ជា​តិដោះ​ស្រា​យ​​វិវាទ​ក្រៅ​ប្រព័ន្ធតុ​លាកា​រដើម្បី​ជា​យន្តការ​បំពេញ​បន្ថែម​ឱ្យ​ប្រព័ន្ធ​ដោះ​ស្រាយ​​វិវាទ​នៅ​ព្រះរា​ជាណាចក្រ​កម្ពុជា​៕