ព្រះសីហនុៈ នៅអំឡុងពេលចូលរួមកម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ «ជិះកង់ ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាព នៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ លោក យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានថ្លែងថា វិស័យធនាគារ និងហិរញ្ញវត្ថុបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌។
លោកបានបន្តថា វិស័យធនាគារ និងហិរញ្ញវត្ថុបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ជាច្រើនដូចជា រៀបចំកម្មវិធីបរិច្ចាគឈាមជាមួយសមាគមធនាគារនៅកម្ពុជា ការកសាងមត្តេយ្យសិក្សា នៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការបណ្តុះបណ្តាលធនធានមនុស្ស សកម្មភាពការពារបរិស្ថាន និងការងារមនុស្សធម៌ផ្សេងៗទៀត។
ទន្ទឹមនេះដែរ លោកថា ព្រឹត្តិការណ៍ជិះកង់របស់សមាគមធនាគារនៅកម្ពុជានេះ ពិតជាបង្ហាញនូវការរួបរួមគ្នា មិត្តភាព និងសាមគ្គីភាពក្នុងការចួលរួមនឹងទាក់ទាញឱ្យមហាជនជួយលើកម្ពស់ដល់ទេសចរណ៍ ការវិនិយោគ និងការស្រលាញ់បរិស្ថាន ចូលរួមផ្សព្វផ្សាយការលើកកម្ពស់ប្រាក់រៀលពីសំណាក់ធនាគារ។
លោកបញ្ជាក់ថា៖«ខ្ញុំសូមលើកទឹកចិត្តដល់យុវជន និងសាធារណជនទាំងអស់បន្តជួយលើកកម្ពស់ប្រាក់រៀល គាំទ្រការការពារបរិស្ថាន និងគាំទ្រវិស័យទេសចរណ៍ផងដែរ»។
ក្នុងនាមអាជ្ញាធរខេត្តព្រះសីហនុ ដែលបានចូលរួមក្នុងព្រឹត្តការណ៍នេះដែរ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែតុលាថា វាជាសកម្មភាពផ្សព្វផ្សាយដល់មហាជនឱ្យឈ្វេងយល់ពីការអភិវឌ្ឍវិស័យធនាគារ និងការជំរុញការលើកកម្ពស់ប្រាក់រៀល ក៏ដូចជាចូលរួមផ្សព្វផ្សាយ ដើម្បីជួយលើកកម្ពស់វិស័យទេសចរណ៍ ដោយចងភ្ជាប់នូវការស្រឡាញ់បរិស្ថាន។
លោកបានបន្តថា ព្រឹត្តិការណ៍នេះបង្ហាញឱ្យឃើញនូវការសហការគ្នា រួបរួមគ្នា មិត្តភាព សាមគ្គីភាព និងភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការបង្កើននូវភាពជឿជាក់ប្រសិទ្ធភាព ធានាបាននូវសុវត្ថិភាពខ្ពស់ប្រកបដោយចីរភាព ដើម្បីផ្សព្វផ្សាយពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល ក្នុងការរួមចំណែកយ៉ាងធំធេង ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ- អន្តរជាតិ មកសម្រាកលម្ហែកម្សាន្តឱ្យបានច្រើនកុះករក្នុងខេត្តព្រះសីហនុ។
លោកបានបញ្ជាក់បែបនេះថា៖«យើងក៏សង្ឃឹមផងដែរថា ព្រឹត្តិការណ៍នេះ គឺជាសារមួយជូនដល់ប្រជាពលរដ្ឋឱ្យចេះស្វែងយល់ពីអត្ថប្រយោជន៍ នៃធនាគារក្នុងសង្គមរស់នៅ និងក្នុងវិស័យសេដ្ឋកិច្ច និងសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគាំទ្រប្រាក់រៀល ឱ្យបានគ្រប់ៗគ្នា»។
លោក ម៉ាង ស៊ីណេត បន្តថា ក្នុងចក្ខុវិស័យនៃផែនការរៀបចំដែនដីខេត្តព្រះសីហនុឆ្នាំ២០៣០ រាជរដ្ឋាភិបាលនឹងរៀបចំអភិវឌ្ឍ ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រស្អាតបំផុត លើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ។
លោកបន្តថា ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភ័ស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។
បើតាមសមាគមធនាគារនៅកម្ពុជា ការផ្តល់សេវាហិរញ្ញវត្ថុនៅខេត្តព្រះសីហនុ រួមមាន៖សាខាធនាគារពាណិជ្ជមានចំនួន ២៦សាខា,សាខាធនាគារឯកទេសមានចំនួន ២សាខា,គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមានចំនួន ១០គ្រឹះស្ថាន(៥ ទទួលប្រាក់បញ្ញើ), ក្រុមហ៊ុនភតិសន្យាមានចំនួន ៣ ក្រុមហ៊ុន (ផ្តល់ប្រាក់កម្ចីសម្រាប់ទិញគ្រឿងចក្រ)៕