ភ្នំពេញៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានបើកសិក្ខាសាលាផ្សព្វផ្សាយពីការអនុវត្តរបស់កម្ពុជា លើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ក្នុងការបង្កើនប្រសិទ្ធភាពរបាយការណ៍បន្ទាប់ ដែលរដ្ឋាភិបាលគ្រោងបញ្ជូនទៅកាន់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៨ ខាងមុខ។
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបើកសិក្ខាសាលាផ្សព្វផ្សាយពីសេចក្ដីអង្កេតសន្និដ្ឋាននៃរបាយការណ៍លើកទី២របស់កម្ពុជា ស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានការគាំទ្រពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
សិក្ខាសាលានេះ មានការចូលរួមជាអធិបតី ពីលោកកែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងពីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ក្រុមអង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិជាច្រើនរូប។
លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ឱ្យដឹងថា សិក្ខាសាលានេះមានបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់សាធារណជន និងភាគីពាក់ព័ន្ធជុំវិញការអនុវត្តកន្លងទៅរបស់កម្ពុជាចំពោះកតិកាសញ្ញាអន្តរជាតិពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បន្ទាប់ពីទទួលបានអនុសាសន៍ និងសេចក្តីសន្និដ្ឋានពីអង្គការសហប្រជាជាតិលើកទី២ រួចមក និងដើម្បីរៀបចំផែនការអនុវត្តន៍អនុសាសន៍ និងសេចក្តីសន្និដ្ឋានទាំងនោះ។
លោក អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នាសិក្ខាសាលានោះថា សិក្ខាសាលានេះក៏ដើម្បីបញ្ជ្រាបព័ត៌មាន និងពន្យល់ដល់ភាគីពាក់ព័ន្ធទាំងឡាយ ជាពិសេសអង្គការសង្គមស៊ីវិលឱ្យយល់ពីកាតព្វកិច្ចរៀងៗខ្លួន ក្នុងការផ្តល់ធាតុចូល តួយ៉ាងព័ត៌មាន ទិន្នន័យ អនុសាសន៍ ឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើរបាយការណ៍ដាក់ជូនអង្គការសហប្រជាជាតិ។
លោកមានប្រសាសន៍ថា៖ «កម្ពុជាមានភាពចាំបាច់ក្នុងការដាក់ជូនរបាយការណ៍ស្តីពីការអនុវត្តកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិទាំងនេះ ទៅកាន់ UN តាមការកំណត់ ព្រោះកម្ពុជា ជាសមាជិកកតិកាសញ្ញា ដែលជាកាតព្វកិច្ច»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកសឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា សិក្ខាសាលានេះ គ្រាន់តែជាការធ្វើបទបង្ហាញតែប៉ុណ្ណោះ ប៉ុន្តែការពិតជាក់ស្តែងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនទាន់មានភាពប្រសើរនៅឡើយទេ ខណៈសិទ្ធិជាមូលដ្ឋានរបស់មនុស្សនៅកម្ពុជាកំពុងរងការបំពារបំពាន។
លោកថ្លែងថា៖ «រដ្ឋាភិបាលត្រូវទទួលស្គាល់ស្ថានភាពសិទ្ធិមនុស្សជាក់ស្តែងនៅកម្ពុជា។ ពេលទទួលស្គាល់ហើយត្រូវរកវិធានការដោះស្រាយ ហើយបន្ទាប់មកត្រូវអនុវត្ត ដើម្បីកែលម្អបញ្ហាសិទ្ធិមនុស្សស្របតាមផែនការដែលដៅទុក»។
លោកក៏បានស្នើឱ្យគណៈកម្មាធិការសិទ្ធិមនុស្ស ទទួលយកអនុសាសន៍នានា ទាំងមតិវិជ្ជមាន និងអវិជ្ជមានដើម្បីធ្វើឱ្យផែនការលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សកាន់តែប្រសើរឡើង ខណៈសហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រទេសលោកខាងលិចកំពុងរិះគន់កម្ពុជា។
សូមជម្រាបថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្លាប់បានបញ្ជូនរបាយការណ៍ទៅកាន់ UN ចំនួន ២ លើក រួចមកហើយ ដែលលើកទី១ នៅឆ្នាំ២០០៨-២០០៩ និងលើកទី២ នៅឆ្នាំ២០១៩-២០២០ ហើយគ្រោងដាក់ជូនលើកទី៣ នៅឆ្នាំ២០២៨ ក្រោយពីទទួលបានធាតុចូលបន្ថែមទៀត៕