ភ្នំពេញៈ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ដោយលោកបានចាត់ទុកថា សមិទ្ធផលទាំងនេះ នឹងក្លាយជានិមិត្តរូបបង្ហាញពីភាពកាន់តែសម្បូរបែប ក្នុងការបង្ខិតសេវារដ្ឋបាលជូនពលរដ្ឋកាន់តែជិតស្និទ្ធ។
លោកបានថ្លែងថា សមិទ្ធផលអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់នេះ ពិតជាស័ក្ដិសមនឹងការអភិវឌ្ឍ និងការកើនឡើងនូវតួនាទី ភាពសកម្មរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «អគាររដ្ឋបាលថ្មី សាលាខេត្តកំពង់ស្ពឺ ជានិមិត្តរូបបង្ហាញពីភាពកាន់តែរឹងមាំ និងភាពកាន់តែសម្បូរបែបទំនើប នៅក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងជាការឆ្លើយតបនឹងការទទួលខុសត្រូវខ្ពស់ ក្នុងគោលនយោបាយវិមជ្ឈការ ដោយផ្តល់សិទ្ធិ ទៅឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដោះស្រាយសម្របសម្រួលការងារ និងជាការបង្ខិតសេវារដ្ឋបាលជូនប្រជាពលរដ្ឋកាន់តែមានគុណភាពបន្ថែមទៀត»។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា៖ «អស់រយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ អគាររដ្ឋបាលខេត្តចាស់ ត្រូវបានប្រើប្រាស់យ៉ាងមមាញឹកហើយមានសភាពទ្រុឌទ្រោមផងដែរ ដែលមិនអាចជួសជុលបន្តទៀតបាន ហេតុនេះដើម្បីលើកកម្ពស់សុខុមាលភាព បង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការ ជាពិសេស ការលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ទើបអគាររដ្ឋបាលថ្មីត្រូវបានរៀបចំសាងសង់ឡើង»៕