ភ្នំពេញៈ កូនស្រីអាយុ ១២ ឆ្នាំរបស់អ្នកស្រី រ៉ន ចំរើន មានបញ្ហាខ្សោយតម្រងនោម និងក្រលៀនតាំងពីកំណើត។ ដូចក្មេងដទៃទៀតដែរនៅសាលារៀន កូនរបស់គាត់ចូលចិត្តហូបភេសជ្ជៈ គ្រឿងកំប៉ុង និងអាហារផ្សេងៗទៀតដែលត្រូវបានគេដាក់លក់នៅក្នុងបរិវេណសាលារៀន។
ក្នុងនាមជាម្តាយ អ្នកស្រី ចំរើន ក៏អត់បានដឹងថា កូនរបស់អ្នកស្រីមានជំងឺតម្រងនោមឬក្រលៀនតាំងពីកំណើតនោះទេ រហូតដល់ខែមីនា ឆ្នាំ ២០២៣ ទើបអ្នកស្រីបានដឹងដំណឹងដ៏អកុសលនេះ ក្រោយពីកូនរបស់អ្នកស្រីបានហូបភេសជ្ជៈផ្អែមៗច្រើនពេកជាប្រចាំអស់ពេលជាយូរ។ ថ្ងៃខ្លះកូនរបស់អ្នកស្រីហូបគ្រឿងកំប៉ុងខ្លះ មីខ្លះ ហើយពេលខ្លះទៀតក៏មិនច្រើនដែរ ដោយយូរៗហូបម្តងក៏ដូចជានៅសាលា និងនៅផ្ទះផងដែរ។ អ្នកស្រីយល់ថា នៅពេលដែលកូនស្រីរបស់អ្នកស្រីផឹកគ្រឿងកំប៉ុងច្រើនពេកធ្វើឱ្យក្រលៀនកូនអ្នកស្រីឆាប់ខូច។
ការផឹកគ្រឿងកំប៉ុងច្រើន ទើបបានធ្វើឱ្យកូនគាត់ធ្លាក់ខ្លួនឈឺបែបនេះ។ ការផឹកភេសជ្ជៈផ្អែមនេះ រួមនឹងកូនរបស់អ្នកស្រីមានបញ្ហាក្រលៀនតាំងពីកំណើតផងនោះ បានធ្វើឱ្យនាងឈានទៅដល់ការកើតជំងឺទឹកនោមផ្អែមមួយកម្រិតទៀត។
អ្នកស្រី ចំរើន និយាយថា៖ «យើងហូបគ្រឿងកំប៉ុង វាខូចសុខភាពការញ៉ាំគ្រឿងកំប៉ុងច្រើនរបស់ផ្អែមៗរបស់ផ្អាប់មិនសូវល្អទេ»។
វេជ្ជបណ្ឌិត ដែលឯកទេសជំងឺទឹកនោមផ្អែម លោក ស៊ុំ សត្ថា បានឱ្យដឹងថា កុមារដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី១ វាកើតឡើងដោយចៃដន្យ គឺដោយសារប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺទៅធ្វើឱ្យលំពែងខូច មិនអាចផលិតអាំងស៊ុយលីន និងគ្រប់គ្រងជាតិស្ករបាន។ វាកើតឡើងដោយចៃដន្យ គឺដោយសារតែប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ មិនអាចប្រឈមនឹងជំងឺទឹកនោមផ្អែមបាន។ លោកថា ថ្មីៗនេះនៅអាមេរិកគេរកឃើញមានថ្នាំពន្យារអ្នកដែលបម្រុងកើតឱ្យបានយូរតែអត់មានការប្រើប្រាស់ឱ្យទូលំទូលាយទេ។
លោកវេជ្ជបណ្ឌិតបានហាមដាច់ខាតកុមារដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី១ ឈប់ចាក់អាំងស៊ុយលីន ដោយគ្មានវេជ្ជបញ្ជា ព្រោះថា អត់មានថ្នាំគ្រាប់ អត់មានអាហារបំប៉ន ឬឱសថបុរាណណា អាចព្យាបាលបានទេ គឺមានតែអាំងស៊ុយលីនមួយប៉ុណ្ណោះ។ លោកថា ជាធម្មតា នៅក្នុងការព្យាបាល កុមារត្រូវមានការយកចិត្តទុកដាក់ជាពិសេស ដោយមានការបង្កើតក្រុមថែទាំសុខភាពឱ្យលើសពីមនុស្សចាស់។ ក្នុងនោះដែរ លោកបានជំរុញឱ្យមានការចូលរួមពីក្រុមគ្រួសារ ឪពុកម្តាយ គ្រូបង្រៀន សាសារៀន និងគ្រូពេទ្យផ្ទាល់។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការកើតជំងឺទឹកនោមផ្អែមលើកុមារ គឺដោយសារមូលហេតុប្រព័ន្ធភាពស៊ាំរបស់ក្មេង និងការបរិភោគភេសជ្ជៈផ្អែម។ មួយទៀតគាត់ចូលចិត្តហូបភេសជ្ជៈផ្អែមធ្វើឱ្យគាត់ឡើងគីឡូហើយថ្ងៃក្រោយ ពេលដែលគាត់ធំពេញរូបពេញរាងគាត់ប្រឈមនឹងកើតជំងឺទឹកផ្អែមប្រភេទ ២។
ក្រសួងអប់រំយុវជន និងកីឡា បានដាក់ការហាមឃាត់មិនឱ្យគ្រឹះស្ថានសិក្សានានា ដាក់លក់ចំណីអាហារភេសជ្ជៈផ្អែមផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពកុមារទេ។ នៅក្នុងនោះដែររួមមានភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម ក៏ត្រូវបានរាប់បញ្ចូលផងដែរ។ វិធានការរបស់ក្រសួងអប់រំនេះក្នុងគោលបំណង ដើម្បីធ្វើការអប់រំផ្សព្វផ្សាយការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ។ នេះបើយោងតាមសេចក្តីណែនាំលេខ ១៨ អយក.សណន របស់ក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៩។
អ្នកនាំពាក្យ ក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា បានប្រាប់នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ ថា៖ «សម្រាប់ប្រសិទ្ធភាពការងារក្នុងរយៈពេលកន្លងមក យើងឃើញសាលារៀននានាទទួលបានការគាំទ្រពីនាយកសាលា និងសហគមន៍។ ទាំងគ្រូ និងសិស្សក៏មានចំណេះដឹងច្រើនជាងមុន និងបង្កើនការប្រុងប្រយ័ត្ន។ គ្រប់ភាគីពាក់ព័ន្ធសហការឱ្យកាន់តែមានការប្រសើរឡើង។ សាលាមួយចំនួនបានផ្សព្វផ្សាយការលក់នំខ្មែរថែមទៀតផង»។
លោកស្រីបន្តថា នាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំបាននិងកំពុងតែធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីធ្វើការចុះណែនាំនៅគ្រប់កន្លែងគ្រឹះស្ថានសិក្សាសាធារណៈ និងចំណេះទូទៅទាំងអស់ទូទាំងប្រទេស។ ក្រសួងបានធ្វើការងារជិតស្និទ្ធជាមួយមន្ទីរ ហើយមន្ទីរបានផ្សព្វផ្សាយទៅតាមសាលាទូទាំងប្រទេស។ នាយកដ្ឋានបានធ្វើការរឿងហ្នឹង គឺកម្រិតទូទាំងប្រទេសតែម្តង។ ក្រៅពីនេះក្រសួងក៏ផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ របស់ក្រសួងដែលផ្សព្វផ្សាយទៅគ្រប់សាលារៀន ហើយក៏មានសេចក្តីណែនាំទៅសាលាសាធារណៈទាំងអស់ គ្របដណ្តប់គ្រប់សាលាទាំងអស់តាំងពីបឋមសិក្សា ដល់មធ្យមសិក្សាចំណេះដឹងទូទៅ។
លោកស្រី ឃួន វិច្ឆិកា មើលឃើញថា ការលុកលុយពីទឹកនោមផ្អែមហើយផលិតផលហួសដេលេគ្មានការកំណត់នេះដែលបាត់បង់គុណភាពធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនជាពិសេសកុមារ។
លោកស្រីថា៖ «កុមារ គឺជាអនាគតរបស់ប្រទេសជាតិ ប្រសិនបើគាត់មានសុខភាពអត់ល្អតាំងពីតូចទៅលោកស្រីជឿថា គាត់នឹងអាចប្រឈមនឹងការបាត់ឱកាសរៀននៅថ្ងៃអនាគតដែរ»។
លោកស្រី រ៉ន ចំរើនបានលើកឡើងថា សាលាកូនរបស់អ្នកស្រីឥឡូវនេះគេឈប់លក់គ្រឿងកំប៉ុងអស់ហើយតាំងពីកូនគាត់ឈឺមកម្ល៉េះ។ អ្នកស្រីថា មិនបាច់មានការស្នើទេ ព្រោះក្រសួងបានហាមឈប់ឱ្យលក់នៅតាមសាលារៀន។ អ្នកស្រីមើលឃើញថា ការផឹកគ្រឿងកំប៉ុង និងអាហារគ្មានគុណភាពអាចប៉ះពាល់ដល់សុខភាពក្មេងជាច្រើន ដែលអាចកើតជំងឺទឹកនោមផ្អែម ឬខូចតម្រងនោម ដូចកូនអ្នកស្រីផងដែរ។
កាលពីខែសីហាកន្លងមក សិស្សប្រុសម្នាក់ឈ្មោះ អៀម ភារុណ អាយុ ១៤ ឆ្នាំ រៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរ ខេត្តព្រៃវែងបានស្លាប់។ គ្រួសារយុវសិស្សរូបនេះបានបញ្ជាក់ថា ភារុណមិនឈឺជំងឺធ្ងន់ធ្ងរឬមានជំងឺរ៉ាំរ៉ៃប្រចាំកាយអ្វីទេតាំងពីតូចមក។ ប៉ុន្តែភារុណផឹកភេសជ្ជៈផ្អែមច្រើនពេក ដែលបណ្តាលឱ្យគាត់មានអាការហើមមុខ និងស្លេកស្លាំងទើបក្រុមគ្រួសារបានយកទៅមន្ទីរពេទ្យចំនួន ៤ លើកនៅរាជធានីភ្នំពេញ។ យប់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣ ភារុណក៏បានទទួលមរណភាពនៅផ្ទះដោយសារអស់លទ្ធភាពក្នុងការព្យាបាល។
យោងតាមមន្ទីរពេទ្យគន្ធបុប្ជាបានឱ្យដឹងថា មន្ទីរពេទ្យនេះទទួលព្យាបាលកុមារកើតជំងឺទឹកនោមផ្អែមរហូតដល់ទៅ ៨០ ករណី ក្នុង ១ ឆ្នាំៗ ហើយនៅប៉ុន្មានឆ្នាំចុងក្រោយ ចំនួនកុមារកើតជំងឺទឹកនោមផ្អែម ដែលមកស្វែងរកការព្យាបាលនៅមន្ទីរពេទ្យនេះហាក់មានការកើនឡើងផងដែរ៕
កុសល សិរីកន្យា