បាត់ដំបងៈ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រណាំងទូក និងអបអរបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង កាលថ្ងៃទី ២៩ ខែតុលា លោក ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនឆន្ទៈចូលរួមទប់ស្កាត់ការចរាចរគ្រឿងញៀននៅកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។
លោក ស ខេង បានចាត់ទុកថា បញ្ហាគ្រឿងញៀនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាជនដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហានេះនៅក្នុងប្រទេស និងក្នុងតំបន់។
លោកបានថ្លែងថា៖ «ខ្ញុំសូមឱ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ ពិសេសយុវជន ចូលរួមជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀនដែលជាបញ្ហាដ៏គ្រោះថ្នាក់ ប្រសិនបើយើងមិនបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទេនោះ»។
លោក ស ខេង បានបន្តថា៖ «ខ្ញុំនៅចាំបានថាក្នុងអាណត្តិទី៦ កន្លងទៅនេះ ខ្ញុំតែងបានរំឭក និងលើកឡើងជាបន្តបន្ទាប់ថា យើងត្រូវគ្រប់គ្រងស្ថានភាពគ្រឿងញៀនឱ្យបាន ដោយយើងមិនត្រូវឱ្យគ្រឿងញៀនគ្រប់គ្រងយើងទេ»។
ថ្វីដ្បិតបច្ចុប្បន្នបញ្ហាគ្រឿងញៀនអាចគ្រប់គ្រងបាន តែការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀន បាននិងកំពុងវិវឌ្ឍប្រែប្រួលមិនជាល្អប៉ុន្មានទេ ហើយប្រសិនបើគ្មានវិធានទប់ទល់ណាមួយទេ បញ្ហានេះនឹងកាន់តែរីករាលដាលរហូតគ្រប់គ្រងមិនបានដែលនោះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ វាក៏ប៉ះពាល់ដល់ធនធានក្នុងសង្គមថែមទៀត។ នេះបើតាមការថ្លែងបន្ថែមពីលោក ស ខេង។
ហេតុនេះដើម្បីដោះស្រាយ និងទប់ស្កាត់បញ្ហាគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា កិច្ចការនេះ គឺទាមទារឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ សហការគ្នា និងត្រូវមានឆន្ទៈឱ្យបានមោះមុត និងដាច់ខាត ដោយត្រូវគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការអប់រំ និងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននេះផងដែរ។
ជុំវិញរឿងនេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានថ្លែងថា បញ្ហានេះកំពុងតែធ្វើឱ្យយុវជនកម្ពុជាទទួលរងឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀនដែលជាគ្រឿងបំផ្លាញអនាគតរបស់ពួកគេ ប្រសិនបើមិនមានការទប់ស្កាត់បានទាន់ពេលវេលាទេនោះ។
លោកបានបញ្ជាក់ថា៖ «បញ្ហានេះ គឺទាមទារឱ្យពង្រឹងការអនុវត្តច្បាប់របស់សមត្ថកិច្ចជាពិសេសការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពថែមទៀត ព្រោះបច្ចុប្បន្នមានបទល្មើសការជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាន់តែច្រើន និងត្រូវបង្កើនកិច្ចសហការល្អជាមួយភាគីពាក់ព័ន្ធដើម្បីចូលរួមកាត់បន្ថយបញ្ហាគ្រឿងញៀនក្នុងចំណោមយុវជន ក៏ដូចជា ពលរដ្ឋកម្ពុជាឱ្យទទួលបានជោគជ័យ»។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីននៅថ្ងៃទី ៣០ ខែតុលា ដែរថា នៅទូទាំងកម្ពុជាស្ទើរតែអស់គ្រាប់មីនហើយក៏លែងជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលជាក្តីបារម្ភរបស់ពលរដ្ឋ គឺសុវត្ថិភាពពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន។
លោកមានប្រសាសន៍ថា៖ «ហានិភ័យពីសង្គ្រាម ហានិភ័យពីគ្រាប់មីន យើងលែងមានហើយ តែហានិភ័យនៃការព្រួយបារម្ភរបស់ប្រជាពលរដ្ឋយើងគឺពីរឿងបញ្ហាសុខសុវត្ថិភាពសង្គម គឺសំខាន់បញ្ហាគ្រឿងញៀន បញ្ហាបងធំ បងតូច បញ្ហាល្បែងស៊ីសងផ្សេងៗគឺជាកង្វល់»។
យ៉ាងណាមិញ ទាក់ទងនឹងការបង្ក្រាបគ្រឿងញៀន លោកក៏បានប្រកាសពីការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងគ្រឿងញៀនដោយមានក្រុមមន្ត្រីជាន់ខ្ពស់មកពីក្រសួងពាក់ព័ន្ធដែលសុទ្ធសឹងតែមានសមត្ថភាពសំដៅធ្វើយ៉ាងណាឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទោះបីជាបានបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងគ្រឿងញៀន ក៏ពិតមែន តែក៏មិនទាន់បង្ក្រាបឱ្យអស់ភ្លាមៗនោះទេ គឺត្រូវតែមានការចូលរួម និងសហការគ្នាផងដែរ៕