ភ្នំពេញៈកម្ពុជា-ហ្វីលីពីន បានបង្ហាញជំហរបន្តពង្រឹងកិច្ចសហការជាមួយគ្នា ដើម្បីបង្កើនប្រសិទ្ធភាពវិស័យការងារ និងសន្តិសុខសង្គមបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងភាពជាដៃគូក្នុងនាមប្រទេសសមាជិកតំបន់អាស៊ានជាមួយគ្នា។
ការអះអាងពីការបន្តពង្រឹងកិច្ចសហការនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជាកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
លោក ហេង សួរ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ក្នុងកិច្ចពិភាក្សានេះ ទាំងកម្ពុជាក៏ដូចជាហ្វីលីពីន បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើកិច្ចការពារសិទ្ធិពលរដ្ឋក្នុងវិស័យការងារ។
លោកបានឱ្យដឹងទៀតថា ត្រង់ចំណុចនេះ ភាគីប្រទេសហ្វីលីពីនបានអរគុណរដ្ឋាភិបាលកម្ពុជា ដែលបានជួយមើលថែរក្សាពលរដ្ឋហ្វីលីពីន ដែលកំពុងធ្វើការនៅកម្ពុជាដោយគ្មានការរើសអើង។ លោកបានបន្ថែមដែរថា ទាំងកម្ពុជា និងហ្វីលីពីន ក៏បានពិនិត្យមើលពីវឌ្ឍនភាពនៃកិច្ចសហការលើវិស័យសន្តិសុខសង្គមដោយបានជជែកគ្នាយ៉ាងផុលផុសផងដែរ។
លោកហេង សួរ បានបញ្ជាក់ថា៖«ភាគីទាំង២ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គមរវាងភាគីទាំង២ ដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀត សម្រាប់ឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងភាពជាដៃគូក្នុងនាមប្រទេសសមាជិកតំបន់អាស៊ានជាមួយគ្នា»។
រីឯភាគីប្រទេសហ្វីលីពីន ក៏បានឯកភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមលើកិច្ចសហការដែលមានស្រាប់ផងដែរ។
ទាក់ទងការបន្តពង្រឹងកិច្ចសហការគ្នានេះ លោក ម៉ាន់ សេងហាក់ ប្រធានសហព័ន្ធសហជីពឥទ្ធិពលការងារ បានថ្លែងនៅថ្ងៃទី៣១ ខែតុលាថា ការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយហ្វីលីពីន លើវិស័យការងារ និងសន្តិសុខសង្គមគឺជាការល្អ ព្រោះកម្ពុជា ចង់បានដៃគូកិច្ចសហការជាមួយបណ្ដាប្រទេសក្នុងពិភពលោក ដើម្បីធ្វើការទាក់ទាញប្រទេសទាំងនោះ មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា ទន្ទឹមនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារត្រូវតែពិនិត្យមើលចំពោះការរឹតត្បិតសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ប្រជាពលរដ្ឋ និងសហជីពនៅក្នុងវិស័យការងារដែរ។ ក្នុងរយៈពេលចុងក្រោយនេះសេរីភាពរបស់សហជីពត្រូវបានរួមតូចទៅៗក្រោមសម្ពាធពីថៅកែក្រុមហ៊ុន សហគ្រាស ឬរោងចក្រជាដើម ខណៈដែលថ្មីៗនេះកម្ពុជា មានការគាំទ្រពីប្រទេសជាច្រើនតាមរយៈការមកបន្តកិច្ចសហប្រតិបត្តិលើវិស័យការងារ។
លោក ម៉ាន់ សេងហាក់ បានថ្លែងថា៖ «ដោយសារហ្វីលីពីន មានការគាំទ្រពីប្រទេសលោកខាងលិចដែរ អ៊ីចឹងការបន្តកិច្ចសហការជាមួយកម្ពុជាយើងនឹងទទួលបានឱកាសនៃការសហការជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដែលចូលរួមជាដៃគូអភិវឌ្ឍន៍ក្នុងប្រទេសយើង»។
បើតាមលោក ម៉ាន់ សេងហាក់ មិនថាកិច្ចសហការលើវិស័យការងារនោះទេ ប្រទេសហ្វីលីពីនក៏អាចជាដៃគូធ្វើការសហការជាមួយវិស័យផ្សេងទៀត ដូចជាបញ្ហាបទល្មើសគ្រឿងញៀននិងការជួញដូរមនុស្សដើម្បីផ្ដល់ភាពងាយស្រួលឱ្យគ្នាទៅវិញទៅមកក្នុងការលុបបំបាត់ និងបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាព៕