ភ្នំពេញៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រួមនឹងអង្គការប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICS) បានបើកវគ្គហ្វឹកហ្វឺនស្តីការប្រើប្រាស់ និងការថែទាំគ្រឿងចក្រក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនដល់សិក្ខាកាមចំនួន ៨ នាក់ មកពីប្រទេសកូឡុំប៊ី ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។
យោងតាមហ្វេសប៊ុក CMAC បានលើកឡើងកាលពីថ្ងៃទី៣០ ខែតុលាថា វគ្គហ្វឹកហ្វឺននេះ មានរយៈពេល៥សប្តាហ៍ដែលវគ្គហ្វឹកហ្វឺនគ្រឿងចក្រមានគ្រូបង្គោលចំនួន៤រូបដែលត្រូវផ្តល់ការហ្វឹកហ្វឺនដល់សិក្ខាកាមទាំងផ្នែកទ្រឹស្តី និងការអនុវត្តនៅទីវាលផ្ទាល់ ហើយវគ្គហ្វឹកហ្វឺននេះត្រូវបានគាំទ្រថវិកាទាំងស្រុងដោយអង្គការJICS។
សូមបញ្ជក់ដែរថា អង្គភាពស៊ីម៉ាក់ក៏ធ្លាប់បណ្តុះបណ្តាលវគ្គហ្វឺកហ្វឺនគ្រឿងចក្រនេះដល់ប្រទេសមួយចំនួនទៀតផងដែរ រួមមាន ប្រទេសអ៊ីរ៉ាក់ និងប្រទសឡាវ។
លោក អ៊ុំ ភូមិរ៉ូ អគ្គនាយករងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដោយលោកបានអរគុណដល់រដ្ឋាភិបាលជប៉ុន ក៏ដូចជា អង្គការប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICS) ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។
លោកក៏បង្ហាញក្តីសង្ឃឹមដែរថា វគ្គបណ្តុះបណ្តាលនេះនឹងដំណើរការទៅដោយរលូន និងជោគជ័យ ហើយសិក្ខាកាមដែលមកពីកូឡុំប៊ីនឹងមានលទ្ធភាពក្នុងការរៀនសូត្រពីការប្រើប្រាស់គ្រឿងចក្រនេះ។
លោក អ៊ុំ ភូមិរ៉ូ មានប្រសាសន៍ថា ៖ «កិច្ចសហប្រតិបត្តិការរវាងស៊ីម៉ាក់ និងកូឡុំប៊ី បានចាប់ផ្តើមយូរមកហើយ គឺចាប់តាំងពីឆ្នាំ២០១០ មក។ អ៊ីចឹង ស៊ីម៉ាក់ និងកូឡុំប៊ី បានចែករំលែកបទពិសោធន៍នេះជាង១០ឆ្នាំមកហើយ ហើយឥឡូវនេះយើងក៏ទើបបានចាប់ផ្តើមគម្រោងបច្ចេកទេសថ្មីមួយដែលនឹងចាប់ផ្តើមពីឆ្នាំ២០២៣នេះ រហូតដល់ឆ្នាំ២០២៦»។
លោកបន្ថែមថា ចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៦ អង្គភាពស៊ីម៉ាក់ និងកូឡុំប៊ី នឹងសហការគ្នាក្នុងការជួយកែលម្អ ការសាកល្បងបច្ចេកវិទ្យាថ្មីៗមួយចំនួនដើម្បីជួយជំរុញការដោះមីននៅកូឡុំប៊ីឱ្យបានលឿន។
លោកបានបញ្ជាក់ថា ៖ «ស៊ីម៉ាក់ យើងប្រើប្រាស់ឧបករណ៍ចំនួន ៣ សំខាន់ក្នុងការបោសសម្អាតមីន ក្នុងនោះមាន ការដោះមីនដោយដៃ ការដោះមីនដោយសុនខ និងការប្រើប្រាស់គ្រឿងចក្រ ហើយស៊ីម៉ាក់មានសមត្ថភាពបោសសម្អាតមីនបានលើកផ្ទៃដីជាង ២០០ គីឡូម៉ែត្រការ៉េ ឬជិត ៣០០ គីឡូម៉ែត្រការ៉េ ក្នុង ១ ឆ្នាំ»។
លោកថា ដោយសារកម្ពុជាមានបទពិសោធន៍ច្រើនក្នុងការបោសសម្អាតមីនកន្លងមកនេះ អង្គភាពស៊ីម៉ាក់ក៏បានធ្លាប់ផ្តល់បទពិសោធន៍នេះទៅកាន់ប្រទេសជាច្រើនហើយដែរ ជាពិសេសដូចជា កូឡុំប៊ី និងឡាវ ជាដើម។
លោក អ៊ុំ ភូមិរ៉ូ បានឱ្យដឹងដែរថា កម្ពុជាបានជួយហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ស្តីពីការប្រើប្រាស់ និងការថែទាំគ្រឿងចក្រក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនដល់សិក្ខាកាមចំនួន៨នាក់មកពីប្រទេសកូឡុំប៊ីដែលមានរយៈពេល៥សប្តាហ៍ក្នុងគោលបំណងជួយឱ្យកូឡុំប៊ីបោសសម្អាតផ្ទៃដីដែលមានមីនឱ្យបានលឿន ហើយការប្រើប្រាស់គ្រឿងចក្រនេះ គឺបានចូលរួមចំណែកយ៉ាងច្រើនក្នុងសកម្មភាពបោសសម្អាតមីន។
សូមបញ្ជាក់ថា តាមរយៈអាជ្ញាធរមីន រយៈពេលជាង ៣០ឆ្នាំកម្ពុជាបានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ២ ៧៩៥ គីឡូម៉ែត្រការ៉េ ដោយបានរកឃើញ និងបំផ្លាញចោលមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានរាប់លានគ្រាប់ និងផ្តល់អត្ថប្រយោជន៍ជូនពលរដ្ឋជាង ១១ លាននាក់។ កម្ពុជាបន្តនៅសល់ផ្ទៃដីមានមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា ១ ៨១៧ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង១,១ លាននាក់ កំពុងបន្តរស់នៅលើតំបន់ដែលមានការសង្ស័យទាំងនោះ៕