
លោក Satoshi Saito ដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានសម្រេចមិនបន្តកុងត្រាថ្មី។ រូបថត Cambodian Premier League
ភ្នំពេញៈ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានសម្រេចមិនបន្តកុងត្រាថ្មីដល់នាយកប្រតិបត្តិលោក Satoshi Saito ទៀតទេ ក្រោយកុងត្រារបស់បុរសជនជាតិជប៉ុន ដ៏មានបទពិសោធន៍រូបនេះ ត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២៣ បន្ទាប់ពីលោកបានចូលដឹកនាំក្រុមហ៊ុនខេមបូឌានព្រីមៀលីគ កាលពីខែតុលា ឆ្នាំ២០២១។
ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបាន CPL ប្រកាសជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ហើយសេចក្តីប្រកាសព័ត៌មាននេះ ត្រូវបានធ្វើឡើងទៅតាមការសម្រេចរបស់សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក្រោយមានការប្រជុំពិភាក្សាជាមួយក្លិបបាល់ទាត់ជាសមាជិករួចមក។
ការប្រកាសពីការមិនបន្តកុងត្រាថ្មីដល់លោក Satoshi Saito នេះ បានធ្វើឱ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់នៅកម្ពុជា និងនៅក្នុងតំបន់ មានការភ្ញាក់ផ្អើលខ្លាំង ព្រោះលោក Satoshi Saito បាននិងកំពុងធ្វើឱ្យមានការផ្លាស់ប្តូរលើវិស័យបាល់ទាត់នៅកម្ពុជាដ៏គួរឱ្យកត់សម្គាល់ ជាមួយបទពិសោធន៍កម្រិតអន្តរជាតិក៏ជោកជាំរបស់លោក។
យ៉ាងណាក៏ដោយ CPL បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា៖ «ក្រុមហ៊ុនខេមបូឌានមៀរលីគ នឹងធ្វើការកំណែទម្រង់លើរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន ឱ្យមានក្លិបដែលជាសមាជិក ក្លាយជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុន។ កំណែទម្រង់នេះ គឺធ្វើឡើងដើម្បីឱ្យក្លិបជាសមាជិកមានសំឡេងភាគច្រើន ក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនក្នុងការសម្រេចចិត្ត និងគ្រប់គ្រងសកម្មភាព ដំណើរការអភិវឌ្ឍន៍លីគ»។
សេចក្តីប្រកាសដដែលនេះ បានបន្ថែមថា៖ «នៅក្នុងកំណែទម្រង់នេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងមិនបន្តកុងត្រាជាមួយនាយកប្រតិបត្តិ លោក Satoshi Saito ទេ ក្រោយកុងត្រា គាត់ត្រូវបានបញ្ចប់នៅចុងឆ្នាំនេះ ដោយក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន ទុកភារកិច្ចក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ក៏ដូចជាសមាសភាពបុគ្គលិក (នាយកប្រតិបត្តិ នាយកទីផ្សារ នាយកបច្ចេកទេស…) ឱ្យទៅក្រុមប្រឹក្សាភិបាលថ្មីក្រោយធ្វើការកំណែទម្រង់»។
CPL បានឱ្យដឹងទៀតថា នៅក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងផ្តល់ការគាំទ្រផ្នែកដឹកនាំប្រតិបត្តិដល់ការប្រកួតលីគ រហូតដល់ការរៀបចំរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនថ្មី បានរួចរាល់។
គួររំឭកថា លោក Satoshi Saito ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ប្រកាសតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ហើយក្នុងរយៈពេល២ឆ្នាំនេះ បុរសជនជាតិជប៉ុន ដែលទទួលសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Keiko ប្រទេសជប៉ុន និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងពាណិជ្ជកម្មពីសាលាពាណិជ្ជកម្ម នៅប្រទេសអេស្ប៉ាញ រូបនេះ បានធ្វើកំណែទម្រង់ច្រើនទៅលើការប្រកួតលីគកំពូល និងលីគ២កម្ពុជា ដើម្បីឱ្យឈានទៅរកភាពស្តង់ដា។
ដោយធ្លាប់មានបទពិសោធន៍ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនៅក្លិបFC Barcelona, ជាអនុប្រធាននៃការិយាល័យបេសកកម្មពិសេស នៅសមាគមកីឡាបាល់ទាត់ជប៉ុន (JFA), ជានាយកទីផ្សារនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងធ្លាប់ជាទីប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ផងនោះ លោក Satoshi Saito ធ្លាប់បានបង្ហាញផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ដើម្បីឱ្យក្លាយជាលីគអាជីពដ៏លេចធ្លោមួយនៅក្នុងតំបន់អាស៊ាន។
លោក Satoshi Saito បានដាក់គោលដៅរួចហើយថា ក្រុមចេញពីលីគកំពូលកម្ពុជា នឹងបានចូលទៅលេងនៅក្នុងការប្រកួតពាន AFC Champions League នៅឆ្នាំ២០២៥ ហើយនឹងជួយឱ្យក្រុមជម្រើសជាតិកម្ពុជា ក្លាយជាក្រុមកំពូលតារាងទាំង៤ ក្នុងពាន Asian Cup Final នៅឆ្នាំ២០២៧ ពិសេសកម្ពុជា នឹងក្លាយជាក្រុមជម្រើសជាតិ ដ៏ជោគជ័យមួយ ចេញពីតំបន់អាស៊ាន ដើម្បីបានទៅចូលលេងក្នុងការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០៣០។
តែទោះបីជាយ៉ាងណា លោក Satoshi Saito មិនអាចបន្តបំពេញក្តីស្រមៃជាមួយបាល់ទាត់នៅកម្ពុជា បានទៀតទេ បន្ទាប់ពីភារកិច្ចជានាយកប្រតិបត្តិនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគរបស់លោក ត្រូវអស់សុពលភាព នៅឆ្នាំ២០២៣ ដោយការងារទាំងអស់ ត្រូវប្រគល់ទៅឱ្យក្រុមប្រឹក្សាភិបាលថ្មីរបស់CPL ជាអ្នកធ្វើបន្ត ហើយអ្នកគាំទ្រ ក៏កំពុងទន្ទឹងរង់ចាំមើលពីដំណើរការថ្មីនេះដែរថា វាដើរទៅមុខ ឬក៏ថយក្រោយ? ខណៈដែលក្រុមជម្រើសជាតិកម្ពុជា ទើបតែបានធ្លាក់ចេញពីការប្រកួតជម្រុះជាបឋមនៃពានរង្វាន់ FIFA World Cup 2026 ក្រោយចាញ់ក្រុមប៉ាគីស្ថាន ១-០ សម្រាប់ការប្រកួតទាំង២ជើង។
យ៉ាងណាក៏ដោយ ក្លិបតំណាងឱ្យកម្ពុជា ភ្នំពេញក្រោន បាននិងកំពុងបង្កើតឱ្យមានក្តីសង្ឃឹមថ្មី សម្រាប់លីគកំពូលកម្ពុជា តាមរយៈការដណ្តើមបានជ័យជម្នះជាប់ៗគ្នា ក្នុងការប្រកួតវគ្គចែកពូលនៃពានរង្វាន់ AFC Cup ដោយពេលនេះ ភ្នំពេញក្រោន បាននិងកំពុងឈររៀងទី១នៃពូលF ជាបណ្តោះអាសន្ន បន្ទាប់ពីបានយកឈ្នះក្រុម Shan United FC របស់មីយ៉ាន់ម៉ា ៤-០ ព្រមទាំងឈ្នះក្រុម DH Cebu របស់ហ្វីលីពីន និងក្រុមលីគកំពូលរបស់អូស្រ្តាលី MacarthurFC ៣-០ ដូចគ្នានោះ តែនេះគ្រាន់តែជាលទ្ធផលការប្រកួតជុំទី១ទេ គឺនៅសល់៣ប្រកួត ក្នុងជុំទី២ទៀត៕