ភ្នំពេញៈ ក្រសួងទេសចរណ៍ បានណែនាំឱ្យអាជ្ញាធរខេត្តគោលដៅនៅតំបន់ឆ្នេរ ចុះទៅពង្រឹងអាជីវកម្មសេវាកម្មទេសចរណ៍នៅមូលដ្ឋាន ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅខេត្តកែប ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ខាងមុខនេះ។
តាមរយៈលិខិតណែនាំ ដែលបានចុះហត្ថលេខាដោយលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែតុលា បានលើកឡើងថា ក្រសួងទេសចរណ៍ បានណែនាំដល់មន្ទីរទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរដូចជា ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ត្រូវសហការជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងផ្នែកឯកជន ក្នុងការបន្តចុះណែនាំគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។
តាមរយៈសេចក្តីណែនាំ លោក សុខ សូកេន បានលើកឡើងថា ក្នុងកិច្ចសហការគ្នានេះ មន្ទីរទេសចរណ៍ខេត្តនីមួយៗ ត្រូវណែនាំឱ្យម្ចាស់អាជីវកម្មទេសចរណ៍ ពង្រឹងសេវាកម្មមួយចំនួនដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាពអ្នកទេសចរណ៍ដូចជា ភាពស្អាត អនាម័យ ការដឹកជញ្ជូន កីឡាទេសចរណ៍ និងសកម្មភាពទេសចរណ៍មានលក្ខណៈផ្សងព្រេងជាដើម។
លោកបញ្ជាក់ថា៖ «មន្ទីរទេសចរណ៍ខេត្ត ត្រូវឱ្យអាជីវកម្មទេសចរណ៍ដាក់បង្ហាញផលិតផល ឬសេវាកម្មរបស់ខ្លួនជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានពិចារណាជ្រើសរើសដោយភ្ញៀវ»។
លោករដ្ឋមន្ត្រីបន្តថា ជាពិសសត្រូវរក្សាតម្លៃនៃអាជីវកម្ម ឬសេវាកម្មឱ្យបានសមរម្យ និងត្រូវរក្សាគុណភាព បរិមាណផលិតផល និងសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អថែមទៀត។
ក្រៅពីនេះ លោកណែនាំឱ្យយកចិត្តទុកដាក់ចំពោះបន្ទប់ទឹកសាធារណៈ ដោយត្រូវលាងសម្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ដែលយ៉ាងហោចណាស់ពុំមានក្លិនមិនល្អ និងមានការបែងចែករវាងបង្គន់អនាម័យប្រុស និងស្រី និងមានដាក់សាប៊ូលាងដៃ និងត្រូវតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅអាជីវកម្ម ដោយត្រូវបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្តដោយមិនប្រាសចាកពីទំនៀមទម្លាប់ប្រពៃណីខ្មែរ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មិនអាចទាក់ទងសុំព័ត៌មានបន្ថែមបានទេ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី៣១ ខែតុលាថា ជារៀងរាល់ឆ្នាំ កម្ពុជាតែងតែមានការប្រារព្ធបុណ្យសមុទ្រ និងបុណ្យទន្លេ ដើម្បីរំឭកទៅដល់គុណរបស់ព្រះម៉ែគង្គា ខណៈដែលបុណ្យសមុទ្រឆ្នាំនេះសមាគមទេសចរណ៍ មានក្ដីរំពឹងទុកថា នឹងជួយជំរុញដល់វិស័យទេសចរណ៍ក្នុងស្រុក។ ជាពិសេសអ្នកទេសចរក្នុងស្រុក ក៏អាចទៅក្រេបយកនូវទិដ្ឋភាពប្លែកៗពីក្នុងតំបន់នោះ ដោយការទៅលេងកម្សាន្ត ក៏ដូចជាជួយជំរុញនូវសេដ្ឋកិច្ចគ្រួសារ និងចំណូលទៅដល់អ្នកផ្សេងទៀតគ្រប់វិស័យផងដែរ។
លោកបានថ្លែងថា៖ «អ្វីដែលជាក្ដីរំពឹងទុករបស់យើង បុណ្យនេះគឺជួយជំរុញឱ្យទេសចរណ៍នៅក្នុងស្រុក គាត់បានក្រេបទិដ្ឋភាពប្លែកៗ ជាមួយនឹងការលម្ហែកម្សាន្ត ដើម្បីផ្ដល់ចំណូលទៅដល់គ្រួសារ និងចំណូលដល់អ្នកពាក់ព័ន្ធគ្រប់វិស័យផងដែរ»។
លោកបន្ថែមថា ក្រៅពីនេះ បុណ្យសមុទ្រក៏អាចធ្វើឱ្យមានកំណើនភ្ញៀវទេសចរបរទេសតិចតួចដែរ ទោះបីវាមិនបានធ្វើឱ្យមានកំណើនភ្ញៀវទេសចរបរទេសច្រើនដូចជាបុណ្យវប្បធម៌ ឬបុណ្យប្រពៃណីក៏ដោយ ប៉ុន្តែវាធ្វើឱ្យភ្ញៀវទេសចរក្នុងស្រុក ពួកគាត់មានឱកាសទៅលេងកម្សាន្តបាន។
ដោយឡែក ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣០ ខែតុលា ក៏បានជូនដំណឹងដល់ផលិតករ សិប្បករ ម្ចាស់ក្រុមហ៊ុន សហគ្រាសក្នុងស្រុក នាំយកផលិតផលខ្មែរដែលមាន គុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមានការវេចខ្ចប់ល្អត្រឹមត្រូវតាមស្តង់ដាមកពីគ្រប់ទិសទីនៅទូទាំងប្រទេស មកដាក់តាំងបង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូពាណិជ្ជកម្មក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខផងដែរ។
សេចក្តីជូនដំណឹងបានបន្ថែមថា៖ «ក្រសួងពាណិជ្ជកម្ម សូមផ្តល់អាទិភាពខ្ពស់លើផលិតផល និងសេវាទើបនឹងបង្កើតថ្មី មានគំនិត ច្នៃប្រឌិតខ្ពស់ ដែលម្ចាស់អាជីវកម្មមានបំណងចូលរួមតាំងបង្ហាញស្នាដៃរបស់ខ្លួន សូមប្រញាប់រួសរាន់មកដាក់ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់»៕