ភ្នំពេញៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា និងអូស្ដ្រាលី នឹងពង្រឹង ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ខណៈអ្នកជំនាញជំរុញឱ្យកម្ពុជាបន្តពង្រឹង និងពង្រីកលើវិស័យសេដ្ឋកិច្ច និងវិនិយោគជាមួយប្រទេសនេះ ឱ្យបានកាន់តែច្រើនថែមទៀត។
ការអះអាងនេះធ្វើឡើងនៅក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយលោកJustin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទីទី២៧ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលទើបចេញផ្សាយកាលពីថ្ងៃទី៣០ ខែតុលា។
តាមសេចក្តីប្រកាសព័ត៌មាននេះ ក្នុងជំនួបនេះ លោក សុខ ចិន្តាសោភា និងលោកJustin Whyatt បានបង្ហាញការពេញចិត្តចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំង២ ជាច្រើនឆ្នាំ និងបានពិភាក្សាពីវិធីស្វែងរកលទ្ធភាពកាន់តែទូលំទូលាយក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅ លើវិស័យដែលមានសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំង២។
ប្រភពដដែលបន្តថា ភាគីទាំង២ត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី៤ រវាងក្រសួងការបរទេសទាំង២ ដែលនឹងរៀបចំនៅកម្ពុជា នៅឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
នាឱកាសនោះដែរ លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណជាថ្មីចំពោះការគាំទ្រនិងការបន្តផ្ដល់ជំនួយដ៏ថ្លៃថ្លារបស់អូស្ត្រាលីដល់កម្ពុជា ក្នុងវិស័យនានា ជាពិសេស វិស័យកសិកម្ម អប់រំ និងសុខាភិបាល រួមទាំងការផ្តល់វ៉ាក់សាំងកូវីដ១៩ផងដែរ។
ចំណែកឯកអគ្គរដ្ឋទូតអូស្ត្រាលីក៏បានកោតសរសើរចំពោះការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជានិងប្តេជ្ញារិះរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការដើម្បីពន្លឿនបន្ថែមដល់ការអភិវឌ្ឍកម្ពុជា។
ជាមួយគ្នានោះដែរ លោក សុខ ចិន្តាសោភា ក៏បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់អូស្ត្រាលី នៅក្រោមក្របខ័ណ្ឌអាស៊ាន និងបានបញ្ជាក់អំពីវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងរៀបចំនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អាន សុខឿន មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) លោក ថុង ម៉េងដាវីត នៅថ្ងៃទី៣១ ខែតុលា បានថ្លែងថា ភាគីទាំង២ កម្ពុជា-អូស្ត្រាលី គួរតែពង្រីក និងពង្រឹងទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែល្អថែមទៀត។
លោកបានឱ្យដឹងថា ប្រទេសអូស្ត្រាលី គឺជាប្រទេសអាជ្ញាកណ្តាលមួយនៅក្នុងតំបន់ ដែលមានតួនាទីក្នុងការរក្សាសន្តិសុខដ៏ធំ។ ដូច្នេះ កម្ពុជាគួរតែផ្តោតលើកកិច្ចសហប្រតិបត្តិការឱ្យបានស៊ីជម្រៅបន្ថែមទៀត មិនមែនតែលើកត្តាយោធាប៉ុណ្ណោះទេ តែជាកត្តាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចផងដែរ។
លោក ថុង ម៉េងដាវិត បានបញ្ជាក់ថា ៖ «កម្ពុជាគួរតែពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាជំរុញឱ្យអ្នកវិនិយោគប្រទេសអូស្ត្រាលីមកវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ថែមទៀត ស្របពេលដែលកម្ពុជាកំពុងធ្វើប្រព្រឹត្តិកម្មការទូតផង ក៏ដូចជាធ្វើប្រព្រឹត្តិកម្មសេដ្ឋកិច្ចការទូតផងដែរ។ ដូច្នេះ កម្ពុជាគួរជំរុញនិងអំពាវនាវបន្ថែមទៀតឱ្យក្រុមហ៊ុនអូស្ត្រាលីមកវិនិយោគបន្ថែមទៀត»៕