ភ្នំពេញៈ គ្រូបង្រៀន និងសិស្សសរុបចំនួន ១១ នាក់ ត្រូវបានជ្រើសរើសជាបេក្ខជនជយលាភីតំណាងកម្ពុជាទៅចូលរួមកម្មវិធីជំរំសម្រាប់សិស្ស និងសិក្ខាសាលាសម្រាប់គ្រូរយៈពេល ៦ ថ្ងៃ នៅសាធារណរដ្ឋកូរ៉េនាខែធ្នូខាងមុខនេះ។
ក្រុមការងារលេខាធិការដ្ឋាន ASEAN-COSTI របស់អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) បានរៀបចំប្រកាសជ្រើសរើសគ្រូបង្រៀន និងសិស្ស តាមរយៈការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីផ្តល់ឱកាសដល់គ្រូបង្រៀន និងសិស្សដែលចាប់អារម្មណ៍ដាក់ពាក្យប្រកួតប្រជែងចូលរួមកម្មវិធីនេះ កាលពីថ្ងៃទី ៣០ ខែកញ្ញាកន្លងមក។ ក្រោយពីការការផ្សព្វផ្សាយមក ក្រុមការងារទទួលបានការដាក់ពាក្យពីបេក្ខជនជាគ្រូបង្រៀនចំនួន ១០ រូប និងបេក្ខជនជាសិស្សចំនួន ៧៧ រូប។
ជាលទ្ធផល គ្រូបង្រៀនចំនួន ២ រូប និងសិស្សចំនួន ៩ រូប ត្រូវបានសម្រេចជ្រើសរើសជាបេក្ខជនជយលាភី ដើម្បីចូលរួមកម្មវិធីនេះ នៅសាធារណរដ្ឋកូរ៉េ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី ១៧ ដល់ ២២ ខែធ្នូ ឆ្នាំ ២០២៣។ នេះបើយោងតាមក្រសួង ឧ.វ.ប.ននាថ្ងៃទី ៣១ ខែតុលានេះ។
ក្រសួង ឧ.វ.ប.ន បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៦ ខែតុលាថា៖ «ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សូមសម្ដែងការអបអរសាទរចំពោះបេក្ខជនជយលាភីទាំង ១១ រូប ដែលពោរពេញដោយសមត្ថភាពខ្ពស់ ក្នុងការបំពេញភារៈជាតំណាងឱ្យប្រទេសកម្ពុជាចូលរួមកម្មវិធីជំរំសម្រាប់សិស្ស និងសិក្ខាសាលាសម្រាប់គ្រូ ដែលនេះជាឱកាសក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងឆាកអន្តរជាតិ និងការសិក្សាស្វែងយល់បន្ថែមលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗពីបណ្តាប្រទេសក្នុងតំបន់ និងអាស៊ានបូក ៣ ជាដើម»៕