ភ្នំពេញៈ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិបានអំពាវនាវឱ្យបណ្តាប្រទេសពាក់ព័ន្ធជម្លោះ ប្រើប្រាស់វប្បធម៌សន្ទនាតាមរយៈយន្តការការទូតដើម្បីដោះស្រាយបញ្ហា ឬជម្លោះ ជាជាងការប្រើប្រាស់អំពើហិង្សា ដើម្បីធ្វើឱ្យមានស្ថិរភាពនិងអំណោយផលដល់ការអភិវឌ្ឍដោយត្រូវបង្កើនទំនាក់ទំនងគ្នា យោគយល់គ្នា និងគោរពផលប្រយោជន៍គ្នា។
ការថ្លែងអំពាវនាវរបស់ប្រមុខការពារជាតិកម្ពុជាដូច្នេះ ធ្វើឡើងតាមរយៈសុន្ទរកថា ក្នុងសម័យប្រជុំពេញអង្គលើកទី១ ក្នុងវេទិកា សៀងសាន លើកទី១០ ស្តីពីទំនួលខុសត្រូវរបស់ប្រទេសធំៗ និងកិច្ចសហប្រតិបត្តិការសកល ដែលប្រព្រឹត្តទៅនាទីក្រុងប៉េកាំងកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣។
យោងតាមខ្លឹមសារផ្សព្វផ្សាយពីគេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិចេញផ្សាយនៅថ្ងៃទី ៣១ ខែតុលា បានឱ្យដឹងថា វេទិកានេះមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំវិស័យការពារជាតិកងទ័ពមកពីបណ្តាប្រទេសនៃទ្វីបអឺរ៉ុប អាហ្រ្វិក អាស៊ី និងបណ្តាសមាជិកតំបន់អាស៊ានសរុបជាង ៦០ ប្រទេស។
លោក ទៀ សីហា បានថ្លែងថា ពិភពលោកកំពុងឆ្លងកាត់របត់មួយផ្លាស់ប្តូរយ៉ាងឆាប់រហ័សពុំធ្លាប់មាន ហើយស្ថិតក្នុងភាពមិនប្រាកដប្រជា ទាំងការប្រឈមបញ្ហាផ្នែកសន្តិសុខ ទាំងបម្រែបម្រួលខាងភូមិសាស្ត្រនយោបាយ ខណៈការប្រជែងភូមិសាស្ត្រនយោបាយចេះតែក្តៅគគុក ក្នុងចំណោមមហាអំណាចដែលកំពុងរុញពិភពលោកស្ថិតក្នុងសម្ពាធផ្នែកសន្តិសុខ សន្តិភាព និងវិបុលភាព។
លោក ទៀ សីហា ក៏បានអំពាវនាវឱ្យអន្តរជាតិប្រើប្រាស់វប្បធម៌សន្ទនា និងការទូត ដើម្បីដោះស្រាយជម្លោះ ដែលការណ៍នេះកម្ពុជាធ្លាប់មានបទពិសោធន៍ជាច្រើនមកហើយ។ លោកក៏ជំរុញឱ្យភាគីជម្លោះបង្កើនការទំនាក់ទំនងគ្នាក្នុងក្របខ័ណ្ឌគោរពផលប្រយោជន៍គ្នាក្នុងន័យរក្សាសន្តិសុខ ដើម្បីស្ថិរភាព និងការអភិវឌ្ឍ ខណៈសន្តិភាពជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន។
លោកមានប្រសាសន៍ថា៖ «កម្ពុជាមិនគាំទ្រឡើយលើការប្រើប្រាស់កម្លាំងដើម្បីឈ្លានពាន ឬគំរាមពីរដ្ឋមួយលើរដ្ឋមួយ។ កម្ពុជានៅតែរក្សាការប្តេជ្ញាចិត្តលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជានិច្ច ជាមួយបណ្តាប្រជាជាតិទាំងអស់ក្នុងលោក តាមរយៈក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាពសកល»។
លោកបន្តថា៖ «កម្ពុជានឹងបន្តដើរតាមផ្លូវ នៃគោលនយោបាយការបរទេសឯករាជ្យ និងអព្យាក្រឹតផ្អែកលើច្បាប់ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ គោលដៅរបស់យើង គឺលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាព ដែលមានស្រាប់ និងជំរុញទំនាក់ទំនងមិត្តភាពថ្មី»។
បន្ថែមលើកិច្ចការសន្តិភាពនោះដែរលោក ទៀ សីហា ក៏បានសំណូមពរទៅកាន់អន្តរជាតិផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស មកដល់កម្ពុជាដើម្បីសម្រេចគោលដៅប្រទេសគ្មានមីនឆ្នាំ ២០២៥ ខាងមុខ ខណៈកម្ពុជាចង់ឃើញមានការចូលរួមកាន់តែច្រើនពីសហគមន៍អន្តរជាតិ ជាពិសេសមហាអំណាចដើម្បីលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងសំណល់គ្រាប់មីនជាអាវុធលាក់មុខបង្កអសន្តិសុខដល់មនុស្សជាតិ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ស្រប និងគាំទ្រមតិអំពាវនាវរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដោយអះអាងថា ជាកត្តាសត្យានុម័ត ពីព្រោះសង្គ្រាមតោងបញ្ចប់ដោយការចរចា មិនថា សង្គ្រាមរដ្ឋ និងរដ្ឋ ឬសង្គ្រាមស៊ីវិលឡើយ ដែលត្រូវការប្រើយន្តការការទូត និងការសន្ទនារវាងគូបដិបក្ខ តួយ៉ាងករណីសង្គ្រាមកំពុងផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ាដែលទាមទារកិច្ចសន្ទនាពីភាគីពាក់ព័ន្ធ។
លោកថ្លែងថា៖ «ការអំពាវនាវនេះមិនមែនជានិន្នាការដើរបញ្ច្រាសទិសរបស់ពិភពលោកទេ ព្រោះសង្គ្រាមត្រូវការកិច្ចសន្ទនាការទូតដើម្បីបញ្ចប់ ប៉ុន្តែមហាអំណាចតែងទាញប្រយោជន៍ពីវិបត្តិ ឬសង្គ្រាម ហើយប្រទេសខ្លះទៀតមិនផ្តល់តម្លៃដល់ប្រទេសតូចៗដូចជាកម្ពុជាដែលមានលទ្ធភាពថ្លែងសារនយោបាយ។ នេះជាធាតុចូលក្នុងទស្សនៈការទូត»។
លោក យង់ ពៅ បន្ថែមថា យន្តការការទូតមានភាពចាំបាច់ខ្លាំងក្នុងការដោះស្រាយជម្លោះដោយគ្រាន់តែត្រូវផ្លាស់ប្តូរតាមកាលៈទេសៈ វិធីសាស្ត្រ ឥរិយាបថទៅតាមប្រភេទជម្លោះ និងតួអង្គជម្លោះដែលអ្នកការទូតតោងជាអ្នកបិទបញ្ចប់ជម្លោះតួយ៉ាងករណីកម្ពុជា។
សម្រាប់លោក រ៉ូ វណ្ណៈ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយវិញលើកឡើងថា វប្បធម៌សន្ទនា និងការទូត ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយជម្លោះ ឬការពារមិនឱ្យកើតសង្គ្រាមបាន ប៉ុន្តែលុះត្រាស្ថានភាពប្រព័ន្ធអន្តរជាតិរឹងមាំ ហើយច្បាប់អន្តរជាតិត្រូវបានយកមកអនុវត្ត។ ទោះជាយ៉ាងណា សព្វថ្ងៃប្រព័ន្ធអន្តរជាតិមានភាពផុយស្រួយដូចក្នុងករណីកើតមានសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ការប្រយុទ្ធរវាងអ៊ីស្រាអែល និងហាម៉ាស់ ដោយសារពិភពលោកពហុប៉ូលកំពុងប្រជែងឥទ្ធិពលគ្នាខ្លាំង។
ទោះជាយ៉ាងណាលោក រ៉ូ វណ្ណៈ យល់ថា ការអំពាវនាវរបស់លោកទៀ សីហា ជាភាសាការទូតមួយ ទោះបីហាក់មិនមានទម្ងន់នយោបាយជាអន្តរជាតិក្តី ព្រោះបណ្តាប្រទេសមហាអំណាចកំពុងផ្តោតសំខាន់លើផលប្រយោជន៍ជាតិរៀងៗខ្លួន ដោយសារមហាអំណាចជាចន្ទល់សន្តិភាពសកល បើសន្តិភាពមិនមែនជាផលប្រយោជន៍សម្រាប់ពួកគេ នោះភ្នក់ភ្លើងសង្គ្រាមនឹងនៅបន្ត។
សូមជម្រាបថា លោកទៀ សីហាបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ២៩ តុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។ ក្រៅពីការចូលរួមវេទិកាសៀងសានលើកទី១០ នេះ លោកក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំចិន ព្រមទាំងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ សិង្ហបុរី និងប្រទេសផ្សេងៗទៀត៕