ភ្នំពេញៈ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើហ្វេសប៊ុកលោកថា គិតត្រឹមរយៈ ៩ ខែ ឆ្នាំ ២០២៣ នេះ ក្រសួងបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋបាន ៥៩៦ គណនី និងបានធ្វើការដោះស្រាយក៏ដូចជាបានឆ្លើយតបទៅម្ចាស់គណនីបាន ២០៤ គណនី ខណៈ ២៥៦ គណនីទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលដោះស្រាយបន្ត។
លោកឱ្យដឹងថា នៅថ្ងៃទី ៣១ ខែតុលា លទ្ធផលទាំងនេះទទួលបានពីក្រុមការងារតាមដានពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុក លោក ស ខេង ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។
លោក ស សុខា បញ្ជាក់ថា៖ «បានទទួលសំណូមពរ និងសំណួរ ចំនួន ៥៩៦ គណនី។ ក្រុមការងារទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនី ២០៤ គណនី និង ២៥៦ គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ»។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថា ខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធវិញ។
ជាមួយគ្នានោះលោក ស សុខា បានបញ្ជាក់បន្ថែមថា ករណីនៅសេសសល់មិនទាន់បានដោះស្រាយក្នុងឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០២២ កន្លងទៅនេះដែរមានចំនួន ៣៥៤ គណនី គឺបានបន្តដំណើរការដោះស្រាយរហូតមកដល់ពេលនេះបាន ១២៣ គណនីបន្ថែមទៀត និងករណីកំពុងបន្តការដោះស្រាយមានចំនួន ២៣១ គណនី។
លោក ស សុខា សង្កត់ធ្ងន់ថា៖ «វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានពីការដោះស្រាយចំពោះមតិយោបល់ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក»។
លោករដ្ឋមន្ត្រីក៏បានសុំការយល់យោគអធ្យាស្រ័យ ពីប្រជាពលរដ្ឋ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយសារករណីខ្លះមានភាពស្មុគស្មាញត្រូវការពេលវេលាក្នុងការដោះស្រាយ។
លោក ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ថ្លែងនៅថ្ងៃទី ៣១ ខែតុលាថា យន្តការនេះ គឺជារឿងល្អ ព្រោះធ្វើឱ្យការទទួលសំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋមានការកើនឡើង ហើយយន្តការនេះ ក៏អាចដោះស្រាយបញ្ហាបានច្រើនផងដែរ។
លោកថា ដើម្បីឱ្យការទទួលសំណូមពរ និងការដោះស្រាយ ជូនពលរដ្ឋឱ្យបានកាន់តែច្រើន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរតែបង្កើតឱ្យមានជា App ដើម្បីអាចដំឡើងនៅលើទូរស័ព្ទ អនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅផ្តល់មតិយោបល់បន្ថែមទៀត។ លើសពីនេះក៏ត្រូវមានលេខទូរស័ព្ទ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលមិនចេះអក្សរ អាចផ្ញើមតិយោបល់ តាមការទូរស័ព្ទដោយផ្ទាល់បាន។
លោកថ្លែងថា៖ «ជាយោបល់របស់ខ្ញុំ ដើម្បីឱ្យប្រសើរឡើងថែមទៀត គឺធ្វើយ៉ាងណាការផ្តល់យោបល់ និងមតិរបស់គាត់តាមរយៈមធ្យោបាយងាយស្រួល កាន់តែល្អដូចជាយើងមានស្រាប់ ហើយដូចជា Comments តាមហ្វេសប៊ុក»។
ជាមួយគ្នានេះ លោកក៏ស្នើសុំឱ្យមានការលាក់ការសម្ងាត់ និងសុវត្ថិភាព ចំពោះការផ្តល់មតិ និងយោបល់ របស់ប្រជាពលរដ្ឋឱ្យបានល្អ។ បន្ថែមពីនេះ ក៏ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ បន្ថែមទៀតតាមបណ្តាញសង្គម និងកម្មវិធីផ្សេងៗ ដែលថ្នាក់ដឹកនាំចុះទៅមូលដ្ឋាន ខណៈបច្ចុប្បន្ននេះ ប្រជាពលរដ្ឋភាគច្រើនមិនទាន់បានយល់ពីយន្តការនេះ នៅឡើយ៕