ភ្នំពេញៈ បើទោះបីជាប្រជាកសិករភាគច្រើនបានបោះបង់ការចិញ្ចឹមគោ ក្របី ដែលជាកម្លាំងភ្ជួររាស់សម្រាប់បង្កបង្កើតផលតាំងពីដូនតាមក ហើយបានផ្លាស់ប្ដូរទម្លាប់ងាកមកប្រើគ្រឿងចក្រនាសម័យបច្ចុប្បន្ននេះក្ដី ក៏លោក ហុក ហាង ដែលជាកូនកសិករម្នាក់នៅក្នុងខេត្តកំពង់ចាម នៅតែព្យាយាមចិញ្ចឹមក្របីសម្រាប់បម្រើឱ្យកម្លាំងអូសទាញ និងជាលក្ខណៈជំនួញដដែល។
ជាកូនកសិករ លោក ហាង បានបង្កើតកសិដ្ឋាន ១ កន្លែង លើផ្ទៃដីទំហំប្រមាណ ៥០ ហិកតា នៅស្រុកបាធាយ កាលពីឆ្នាំ ២០១៩ ដោយមានក្របីប្រហែលត្រឹមតែ ២០ ក្បាល ចិញ្ចឹមតាមបែបធម្មជាតិទុកធ្វើជាមេពូជ ដែលពូជក្របីទាំងនោះត្រូវបានជ្រើសរើសទិញយ៉ាងសម្រិតសម្រាំងពីអ្នកស្រុក។
លោក ហុក ហាង បាននិយាយប្រាប់ថា៖ «ខ្ញុំមានកំណើតជាកូនអ្នកស្រុកស្រែជនបទហើយពេលដែលខ្ញុំធំដឹងក្តីមកពេលណា គឺខ្ញុំរស់នៅ និងភ្ជាប់និស្ស័យតែនឹងសត្វគោក្របីនេះឯង ម្យ៉ាងខ្ញុំគិតថា សត្វគោក្របីបានជួយជាកម្លាំងពលកម្មយ៉ាងសកម្មដល់ប្រជាកសិករក្នុងការប្រកបរបរធ្វើស្រែចម្ការ។ នេះហើយមូលហេតុដែលខ្ញុំចិញ្ចឹមក្របី បើទោះបីកសិករភាគច្រើនបានបោះបង់វា ហើយងាកមកប្រើគ្រឿងចក្រក្ដី»។
លោក ហាង ថ្លែងថា ក្របីមេ ១ ក្បាល ក្នុង ១ ឆ្នាំវាផ្តល់កូនបាន ១ ហើយបើចិញ្ចឹមមេក្របីបានច្រើនក៏វាផ្តល់កូនបានច្រើនតាមនោះដែរ។
លោកពោលថា៖ «ចំពោះមេពូជក្របីវិញ គឺខ្ញុំជ្រើសរើសទិញតែមេណាពូជធំៗល្អ ហើយក៏ជាពូជមេក្របីនៅក្នុងស្រុកដែរកាលពីខ្ញុំទិញមេពូជ ១ គូ អស់ ៥ ពាន់ដុល្លារឯណោះ ព្រោះជាមេល្អ មេធំ ខ្ញុំជ្រើសរើសទិញតែមេធំៗទេបើយើងមានមេពូជធំ បាយើងធំទៅពេលយើងបង្កាត់កូនមកក៏ល្អធំតាមនោះដែរ។ ចាប់តាំងពីខ្ញុំចិញ្ចឹមក្របីរហូតមកដល់ពេលនេះ សរុបទាំងមេទាំងបា និងកូន គឺបានជិត ២០០ ក្បាលហើយ ដូច្នេះដោយសារចំនួនសត្វក្របីច្រើន ខ្ញុំក៏ត្រូវការដីវាលស្មៅធំដែរដើម្បីឱ្យក្របីដើរស៊ីស្មៅទៅតាមធម្មជាតិរបស់វា នៅលើផ្ទៃដីប្រមាណជា ៥០ ហិកតា គឺខ្ញុំបានជួលដីពីគេ ១ ផ្នែក ហើយខ្ញុំបានដាំស្មៅបម្រុងទុកសម្រាប់ឱ្យសត្វក្របីស៊ី»។
លោកបញ្ជាក់ថា បើទោះជាការចិញ្ចឹមក្របីនេះសម្រាប់លក់ក៏ដោយ តែបច្ចុប្បន្នសត្វក្របីជិត ២០០ ក្បាលនេះនៅមិនទាន់បានលក់ចេញ ១ ក្បាលណាឡើយ។
លោក ហាង ថ្លែងថា៖ «បើមានគេទិញ ខ្ញុំនឹងលក់ តែតម្លៃរបស់សត្វក្របីក៏មិនមែនតម្លៃតែមួយដូចគ្នាដែរ ហើយបើគិតជាតម្លៃអួ (តម្លៃម៉ៅ) គឺចន្លោះពីជាង៣លានទៅ ៤ លានរៀល ក្នុង ១ ក្បាល។ ក្របីរបស់ខ្ញុំភាគច្រើនជាពូជក្របីល្អ ដូចនេះបើគេទិញយកទៅចិញ្ចឹមក៏បាន បើគេទិញកាប់សាច់លក់ក៏បាន ក្របីខ្ញុំឱ្យស៊ីស្មៅធម្មជាតិមិនលាយចំណីឱ្យស៊ីទេ»។
បើតាមលោក ហុក ហាង សត្វក្របីទាំងមេទាំងកូន និងទាំងក្របីឈ្មោលដែលលោកកំពុងចិញ្ចឹមជិត ២០០ ក្បាលនេះ មានតែកម្មករ២នាក់ប៉ុណ្ណោះមើលការខុសត្រូវ ព្រោះសត្វក្របីត្រូវលែងឱ្យដើរស៊ីស្មៅហើយវាដើរជាហ្វូងៗតាមគ្នា ដែលនេះមិនពិបាកតាមឃ្វាល និងត្រូវការមនុស្សច្រើនឡើយ។ ចំពោះក្របីធំធាត់ល្អដោយសារចំណីជាស្មៅគ្មានលាយចំណីទិញពីផ្សារហើយក្របីធំធាត់ល្អក៏ដោយសារពូជដែរ ហើយបើចង់ចិញ្ចឹមសត្វក្របីឱ្យមានសុខភាពល្អត្រូវចាក់ថ្នាំការពារសត្វល្អិតដូចជាចៃនិងទម្លាក់សត្វល្អិត។
លោក ស៊ឹម ថាវីរ: ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការចិញ្ចឹមសត្វក្របីជាលក្ខណៈគ្រួសារនៅទូទាំងខេត្តកំពង់ចាមមានប្រហែលជាង ២ ម៉ឺនក្បាល ហើយភាគច្រើននៅតំបន់ក្បែរបឹង។
ទោះយ៉ាងណាលោកបញ្ជាក់ថា ចំពោះការធ្វើកសិកម្មវិញប្រជាកសិករបានឈានទៅប្រើប្រាស់គ្រឿងយន្តស្ទើរតែអស់ហើយព្រោះត្រូវចំណាយពេលវេលាខ្លីក្នុងការភ្ជួររាស់ និងការប្រមូលផល។
លោក ថាវីរ: ថ្លែងថា៖ «ការភ្ជួររាស់ឥឡូវសឹងតែទាំងអស់ហើយ កសិករប្រើគ្រឿងចក្រហើយបើនៅសល់តែមិនដល់ ១០ ភាគរយផងទេ។ តែបើចិញ្ចឹមក្របីជាលក្ខណៈកសិដ្ឋានមានន័យថា គេចិញ្ចឹមសម្រាប់កាប់លក់ឬសម្រាប់ធ្វើពូជ»។
លោក ញ៉ែម រុម ដែលជាម្ចាស់កសិដ្ឋាន ចិញ្ចឹមក្របី នៅក្នុងភូមិអូរពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ដែលមានចំនួនក្របី ៧០ ក្បាល បានថ្លែងថា ភាគច្រើននៃក្របីរបស់លោក បានលក់ចេញទៅឱ្យឈ្មួញវៀតណាម ដែលបានតម្លៃចន្លោះពីជា ង៣ លានទៅជាង ៤ លានរៀលក្នុង ១ ក្បាល។
លោកប្រាប់ថា៖ «នៅវៀតណាមគេចូលចិត្តហូបសាច់ក្របីជាងនៅកម្ពុជាយើង។ បើនៅកម្ពុជាយើងតម្លៃក្របីក៏ប្រហាក់ប្រហែលគ្នាដែរ តែបើគោមានតម្លៃក្រោម ១ លានឬជាង ១ លានប៉ុណ្ណឹងទេ»។
លោក ចាវ ប៉េងណាំ នាយកអង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជាបានថ្លែងថា ការចិញ្ចឹមគោ ឬក្របីជាលក្ខណៈគ្រួសារមានចំនួនតិចទៅៗ មូលហេតុដោយសារកសិករមិនសូវពឹងផ្អែកលើកម្លាំងគោក្របីភ្ជួររាស់ដូចមុនៗឡើយដោយប្រើគ្រឿងចក្រភ្ជួររាស់ជំនួសវិញ។
ប្រជាកសិករភាគច្រើនបានផ្លាស់ប្តូរពីទម្លាប់ពីប្រើកម្លាំងគោ ក្របី មកប្រើគ្រឿងម៉ាស៊ីនវិញ ព្រោះចំណាយពេលតិចហើយលឿន។ លោកថ្លែងថា៖ «អ៊ីចឹងតាំងគាត់ស្រែកថា ធ្វើស្រែមិនចំណេញបានអីចំណេញបើគាត់ជួលគេទាំងអស់ហ្នឹង។ និយាយឱ្យចំទៅ កសិករខ្លះសឹងថា គាត់មិនទៅអើតស្រែគាត់ផងហ្នឹង ដូច្នេះហើយការចិញ្ចឹមសត្វគោក្របីគឺថយចុះច្រើន»។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បច្ចុប្បន្ននេះការធ្វើកសិកម្មនៅក្នុងប្រទេសកម្ពុជា គឺប្រជាពលរដ្ឋជាពិសេសប្រជាកសិករតែម្តងបានចាប់យកការធ្វើកសិកម្មបែបទំនើបវិញ។ ការធ្វើកសិកម្មបែបទំនើបនេះស្ទើរតែទាំងស្រុងទៅហើយ ហើយនៅតិចតួចណាស់ដែលប្រើកម្លាំងពលកម្មរបស់សត្វគោក្របី។
លោកថ្លែងថា៖ «ចំណុចនេះ គឺជាការផ្លាស់ប្តូរ ១ ដើម្បីបង្កើនភាពប្រកួតប្រជែងនៅក្នុងការផលិត ពីព្រោះយើងសង្កេតឃើញថា បើសិនពួកគាត់នៅតែបន្តប្រើប្រាស់មធ្យោបាយបុរាណនេះគឺគាត់មិនអាចប្រកួតប្រជែងទេ គឺចំណាយពេលច្រើនចំណាយទុនខ្ពស់»។
លោកបញ្ជាក់ថា ជាគោលការណ៍របស់ក្រសួងគឺជំរុញឱ្យការធ្វើកសិកម្មពីខ្នាតតូចទៅខ្នាតធំពីលក្ខណៈគ្រួសារឱ្យទៅជាលក្ខណៈឧស្សាហកម្ម។ ក្រសួងក៏បានជំរុញលើកទឹកចិត្តការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដែលធ្វើឱ្យថ្លៃដើមនៃផលិតកម្មមានការថយចុះក៏ដូចជាធ្វើឱ្យប្រជាពលរដ្ឋអាចបង្កើនទិន្នផលនិងផលិតកម្មរបស់ខ្លួនផងដែរ៕