ភ្នំពេញៈ លោកស្រី Jane Frances Connors ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកតស៊ូមតិដើម្បីសិទ្ធិជនរងគ្រោះ បានកោតសរសើរនិងបង្ហាញការពេញចិត្តដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ចំពោះយន្តការការពារសិទ្ធិជនរងគ្រោះពីការរំលោភសិទ្ធិមនុស្សក៏ដូចជា ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទ។
ការកោតសរសើរពីលោកស្រីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិដូច្នេះ ធ្វើឡើងក្នុងជំនួបជាមួយលោកស្រី ឡុង សូនីតា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី ៣០ ខែតុលា ក្នុងគោលដៅស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ឆ្លើយតប និងពង្រឹងភាពជាដៃគូរវាងស្ថាប័នទាំង ២ លើការការពារសិទ្ធិជនរងគ្រោះពីការកេងប្រវ័ញ្ច ការរំលោភបំពាននិងការបៀតបៀនផ្លូវភេទ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
នៅក្នុងសេចក្តីប្រកាសនោះ លោកស្រី ឡុង សូនីតា បានបញ្ជាក់ប្រាប់ភាគី UN ថា បញ្ហារំលោភបំពាន ការបៀតបៀនផ្លូវភេទនេះបានកើតឡើងទៅលើមនុស្សគ្រប់រូបដែលអាចក្លាយជាជនរងគ្រោះ មិនចំពោះតែស្ត្រីនិងកុមារនោះទេ ដែលត្រូវមានការយល់ដឹងបន្ថែមពីគ្រប់មជ្ឈដ្ឋាន។
លោកស្រីបានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមានយន្តការជាច្រើនក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សដល់ជនរងគ្រោះ។ តួយ៉ាងការសរសេររបាយការណ៍ ការទទួល និងដោះស្រាយពាក្យបណ្តឹងដែលធ្វើឡើងដោយផ្ទាល់ ឬតាមរយៈបណ្តាញសង្គមដោយមានកម្មវិធី APP CHRC ការស៊ើបអង្កេត និងចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅតាមពន្ធនាគារ និងការផ្សព្វផ្សាយអប់រំជាដើម។
លោកស្រី ឡុង សូនីតា បានបន្តថា៖ «យើងមានក្រុមមេធាវីស្ម័គ្រចិត្តសម្រាប់ជួយពិគ្រោះយោបល់ផ្លូវច្បាប់ និងការពារក្តីជូនជនក្រីក្ររងគ្រោះ ដោយមិនយកកម្រៃ»។
ជាការឆ្លើយតបលោកស្រី Jane Frances Connors បង្ហាញការពេញចិត្តចំពោះវិធានការ ក៏ដូចជា យន្តការរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបាននិងកំពុងអនុវត្តហើយលោកស្រីក៏ឆ្លៀតបញ្ជាក់ពីភារកិច្ចសំខាន់នៅក្នុងកិច្ចការពារនិងលើកកម្ពស់សំឡេងជនរងគ្រោះពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទផងដែរ ដែលលោកចង់ឃើញភាគីកម្ពុជាពង្រឹងការអនុវត្ត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលើកឡើងនៅថ្ងៃទី ៣១ ខែតុលាថា ការជួយជនរងគ្រោះពីការរំលោភបំពានផ្នែកផ្លូវភេទជារឿងសំខាន់ ជាពិសេសមួយរយៈចុងក្រោយនេះកុមារីជាអ្នកប្រឈមខ្លាំងជាងស្ត្រីទៅទៀត។
លោកបានបន្តថា យន្តការរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋាភិបាលមានភាពសម្បូរបែបទៅហើយ ទាំងការចុះអង្កេតផ្ទាល់ និងទទួលបានបណ្តឹងតាមប្រព័ន្ធអនឡាញ ប៉ុន្តែតាមការសង្កេតឃើញថា ហាក់នៅមិនទាន់ប្រសិទ្ធភាពនៅឡើយ។
លោកបានបញ្ជាក់ថា៖ «តាមយើងមើលឃើញ ជនរងគ្រោះពីការរំលោភបំពានផ្លូវភេទ មិនទាន់អាចរកយុត្តិធម៌ជូនខ្លួនឯងពេញលេញឡើយ ដោយសារជនល្មើសខ្លះរត់គេចខ្លួន ករណីខ្លះទៀតត្រូវបានសម្របសម្រួលក្រៅផ្លូវច្បាប់ ខ្លះទៀតតុលាការមិនបានអនុវត្តបានគ្រប់ជ្រុងជ្រោយនោះទេ។ហេតុដូច្នេះ ការការពារស្ត្រីនិងកុមាររងគ្រោះពីករណីបំពានផ្លូវភេទនេះ នៅមានកម្រិតនៅឡើយ»។
លោក អំ សំអាត បានបន្ថែមថា កត្តាសំខាន់ដើម្បីអាចការពារសិទ្ធិមនុស្សដល់ជនរងគ្រោះពីការបំពានផ្លូវភេទ ឬពីការបំពានផ្សេងៗទៀត គឺការអនុវត្តច្បាប់បានត្រឹមត្រូវពីមន្ត្រីនគរបាលយុត្តិធម៌ និងពីប្រព័ន្ធតុលាការដែលត្រូវធានាដល់ការពារសិទ្ធិជនរងគ្រោះ និងដាក់ទោសដល់ជនល្មើស៕