ភ្នំពេញៈកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានដាក់ចេញទិសដៅសកម្មភាពថ្មី ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យ ជាពិសេសពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ មខណៈកូរ៉េខាងត្បូង បញ្ជាក់ថា កម្ពុជា ជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ធំបំផុតរបស់ខ្លួននៅឆ្នាំ២០២៣ នេះ។
ការកំណត់ទិសដៅរបស់ប្រទេសទាំង២ដូច្នេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Chang Ho-jin អនុរដ្ឋមន្ត្រីការបរទេសទី១ របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសបានឱ្យដឹងថា លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ប្រជាជនកូរ៉េខាងត្បូងចំពោះការជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងចំណងកិច្ចសហប្រតិបត្តិការនានា។
លោកបានប្រាប់ភាគីកូរ៉េខាងត្បូងពីតួនាទីសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជា ក៏ដូចជា វេទិការដ្ឋាភិបាល-ផ្នែកឯកជន ជាដើម ជាផ្នែកនៃការជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ ខាងត្បូង។
តាមសេចក្តីប្រកាសដដែលក្នុងឱកាសនោះ លោក Chang Ho-jin បានកោតសរសើរចំពោះការរីកចម្រើនលូតលាស់របស់កម្ពុជា ដែលស្តែងឡើងតាមរយៈហេដ្ឋារចនាសម្ព័ន្ធ អគារខ្ពស់ៗនៅរាជធានីភ្នំពេញ។
លោក Chang Ho-jin បានបញ្ជាក់ ថា៖ «កម្ពុជាបានក្លាយជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ដ៏ធំបំផុតរបស់សារធារណរដ្ឋកូរ៉េនៅក្នុងឆ្នាំនេះ»។
ទន្ទឹមនឹងនោះ ភាគីទាំង២ បានពិភាក្សាគ្នាពីវិធានក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ការពន្លឿនគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ព្រមទាំងលើកទឹកចិត្តដល់វិនិយោគិនកូរ៉េខាងត្បូងមកបណ្តាក់ទុននៅកម្ពុជាលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ ។
ក្រៅពីនេះភាគីទាំង២បានផ្ដោតសំខាន់លើការផ្លាស់ប្តូរទស្សនកិច្ចគ្នាក្នុងកម្រិតខ្ពស់ ក៏ដូចជាផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ អន្តរជាតិ ជាពិសេសបញ្ហាឧបទ្វីបកូរ៉េ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងថា កម្ពុជាក្លាយជាគោលដៅវិនិយោគសំខាន់របស់កូរ៉េខាងត្បូងនៅក្នុងតំបន់ ដោយសារបរិយាកាសធុរកិច្ចនៅកម្ពុជាមានភាពអំណោយផល និងកត្តាធនធានមនុស្ស ព្រមទាំងតម្លៃពលកម្មថោក បូកផ្សំនឹងច្បាប់វិនិយោគថ្មីមានភាពទាក់ទាញនិងផ្តល់ប្រយោជន៍ដល់វិនិយោគិន។
លោកបានប្រាប់ថា៖ «កម្ពុជាក៏ជាតួអង្គរដ្ឋដ៏សំខាន់មួយផងដែរ ក្នុងការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ហើយកម្ពុជាក៏បានជំរុញឱ្យមានការបង្កើតច្រករបៀងវប្បធម៌ដើម្បីឱ្យប្រជាជនកូរ៉េទាំង២អាចជួបគ្នា និងបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីឈានទៅរកការកាត់បន្ថយភាពតានតឹង និងជម្លោះនៅឧបទ្វីបកូរ៉េ»។
លោក ថុង ម៉េងដាវិត បន្ថែមថា កូរ៉េខាងត្បូងជាដៃគូអភិវឌ្ឍន៍សំខាន់របស់កម្ពុជាក្រោមមូលនិធិទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ដែលជាចំណែកអភិវឌ្ឍវិស័យអប់រំ ជំនាញកសិកម្ម សុខាភិបាល និងធុរកិច្ចយុវជន ជាដើម។ លើសពីនេះ កម្ពុជាបានបញ្ជូនពលករខ្លួនរាប់ពាន់នាក់ទៅបម្រើនៅកូរ៉េខាងត្បូងក្រោមការជ្រោមជ្រែងពីរដ្ឋាភិបាលទាំងសងខាង។
សម្រាប់លោកស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ទំនាក់ទំនងកូរ៉េខាងត្បូង-កម្ពុជា ជាទំនាក់ទំនងសំខាន់ ដែលកម្ពុជាទទួលបានផលប្រយោជន៍ពីទំនាក់ទំនង ទាំងជំនួយហេដ្ឋារចនាសម្ព័ន្ធ វិស័យផ្លាស់ប្តូរការងារ ធនធានមនុស្ស ជាពិសេសទំហំវិនិយោគរបស់កូរ៉េខាងត្បូងមកកាន់កម្ពុជា។
បើតាមលោក ស៊ឺន សម សក្តានុពលដែលកម្ពុជាអាចទាញយកនិងរៀនសូត្របន្ថែមក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង តួយ៉ាងបច្ចេកវិទ្យា ៤.០ ការរៀបចំហេរដ្ឋារចនាសម្ព័ន្ធ បែបបទរដ្ឋបាលសាធារណៈ។
លោកថ្លែងថា៖«ទោះបីកម្ពុជាតូច តែជាប្រទេសកំពុងអភិវឌ្ឍន៍ជាប្រទេសសមាជិកអាស៊ាន សមាជិកដងទន្លេមេគង្គដែលមានសក្តានុពល ប៉ុន្តែត្រូវការដៃគូសហការនិងរកស៊ីជាមួយប្រៀបបានជាដុំពេជ្រមិនទាន់ច្នៃ។ ចំណែកកូរ៉េមានធនធានដែលអាចមកជួយច្នៃកម្ពុជាបាន។ ដូច្នេះ ប្រទេសទាំង២ ត្រូវការគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ទៅវិញទៅមក»។
លោកស៊ឺន សម បានបន្តថា លោកចង់ឃើញភាគីទាំង២បង្កើនសេចក្តីទុកចិត្តគ្នា បង្កើនចំណងកិច្ចសហប្រតិបត្តិការនឹងគ្នាបន្ថែមទៀតនៅលើវិស័យធនធានមនុស្ស វិស័យយោធា វិស័យវិនិយោគនិងពាណិជ្ជកម្ម។
យ៉ាងណាក្ដី លោកថា របាំងពាណិជ្ជកម្មមួយដែលកូរ៉េខាងត្បូងកំណត់ស្តង់ដាផលិតផលនាំចូលក្នុងកម្រិតខ្ពស់ពេក ខណៈកម្ពុជាមិនទាន់អាចមានលទ្ធភាពគ្រប់គ្រាន់ ដោយលោកស្នើឱ្យភាគីទាំង២ជជែកគ្នាបន្ថែមលើបញ្ហានេះ៕