ភ្នំពេញៈ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានជូនដំណឹងឱ្យមានការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់សម្រាប់បម្រើការងារក្នុងខេត្តចំនួន ១៧ ដែលជាការចាប់ផ្តើមនៃការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃមន្ត្រីបច្ចេកទេសនៅតាមឃុំ-សង្កាត់។
យោងតាមសេចក្តីជូនដំណឹងដែលបានផ្សាយកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ បញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រេចបើកឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ២៥០ នាក់ សម្រាប់ប្រភេទក្របខ័ណ្ឌ ក, ខ, គ ដែលមានជំនាញឯកទេសកសិកម្ម ចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រឬសញ្ញាបត្រសមមូល។
ការជ្រើសរើសនេះ ដើម្បីឱ្យចូលបម្រើការងារនៅតាមឃុំ ស្រុក ខេត្ត ក្នុងក្របខ័ណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ២០២៣។ ការប្រឡងនឹងចាប់ផ្តើមនៅសប្តាហ៍ទី២ នៃធ្នូ ឆ្នាំ ២០២៣ ខាងមុខ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា បេក្ខជនដែលបានមានបំណងចូលរួមការប្រឡងប្រជែង ត្រូវជ្រើសរើសទីកន្លែងបំពេញការងារជាក់លាក់ (ឃុំ ស្រុក ខេត្ត) ក្នុងតារាងភ្ជាប់ជាមួយជាមុន និងមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្ដូរកន្លែងការងារដោយហេតុផលណាមួយឡើយ។ ការស្នើសុំផ្លាស់ប្ដូរកន្លែងការងារ មានន័យថា សាមីជននោះបោះបង់ក្របខ័ណ្ឌមន្ត្រីរាជការ។
ប្រភពដដែលបានឱ្យដឹងទៀតថា បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរនឹងត្រូវទទួលបានប្រាក់បៀវត្សរ៍ទាបបំផុតចាប់ពី ១ លាន ៤ សែនរៀល ទៅតាមប្រភេទក្របខ័ណ្ឌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៦ ម៉ឺនរៀលក្នុង ១ ខែ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្ត្រីរាជការស៊ីវិល។ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី ១ ខែវិច្ឆិកាថា លោកសង្កេតឃើញថា ក្រោយពីការប្រកាសរបស់ក្រសួងមុខងារសាធារណៈហើយ មានបេក្ខជនច្រើនកុះករបានទៅដាក់ពាក្យ សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំនាពេលខាងមុខ។
លោកបានបន្ថែមថា ក្នុងការជ្រើសរើសដំណាក់កាលដំបូង ២៥០ នាក់នេះ បេក្ខជនដែលប្រឡងជាប់អាចនឹងចាប់ផ្តើមការងារនៅដើមខែមករា ឆ្នាំ ២០២៤ ដោយផ្តើមចេញពីការធ្វើមន្ត្រីកសិកម្មឃុំ នៅតាមតំបន់ដែលសម្បូរផលិតកម្មស្រូវ។
លោក យ៉ង សាំងកុមារ បានបញ្ជាក់ថា៖ «យើងបានសម្រេចជ្រើសរើសមន្ត្រីកសិកម្មឃុំដំបូង ២៥០ នាក់ សម្រាប់ផលិតកម្មស្រូវ ដោយសារតែយើងមើលឃើញថា ស្រូវជាដំណាំស្បៀងយ៉ាងសំខាន់សម្រាប់ក្នុងស្រុក និងទីផ្សារពិភពលោកនាពេលបច្ចុប្បន្ននេះ។នៅក្នុងចំណោមជាង ១ ៦៥២ ឃុំ មានជាង ១ ០០០ ឃុំហើយដែលជាឃុំផលិតស្រូវដូច្នេះវាមានភាពចាំបាច់ដែលយើងត្រូវចាប់ផ្តើមពីដំណាំស្រូវមុនគេ»។
លោកបានបន្តថា សម្រាប់ការរើសដំណាក់កាលបន្តបន្ទាប់ ក្រសួងកសិកម្មនឹងជ្រើសរើសមន្ត្រីកសិកម្មឃុំសម្រាប់ដំណាំសាកវប្បកម្មនិងកសិ-ឧស្សាហកម្មវិញម្តង ដោយដំណាំស្វាយចន្ទី អាចជាដំណាំបន្ទាប់សម្រាប់ការជ្រើសរើសនៅពេលក្រោយ។
លោក លី វលក្ខណ៍ អតីតនិស្សិតនៃវិទ្យាស្ថានកសិកម្មព្រែកលៀបដែលបច្ចុប្បន្នជាមន្ត្រីរាជការនៃក្រសួងមួយបានឱ្យដឹងថា លោកមានបំណងចង់ដាក់ពាក្យប្រឡងធ្វើជាមន្ត្រីកសិកម្មឃុំ នៅស្រុកកំណើតរបស់លោកក្នុងខេត្តត្បូងឃ្មុំដែរ ដោយសារតែវាត្រូវនឹងជំនាញរបស់លោកដែលបានសិក្សាផ្នែកកសិកម្មស្រាប់។
លោកបានបន្ថែមថា លោកពិតជាសាទរយ៉ាងខ្លាំងចំពោះការដាក់ចេញគោលនយោបាយពង្រាយមន្ត្រីជំនាញកសិកម្មឃុំរបស់រាជរដ្ឋាភិបាលនេះ ដោយលោកថា គោលនយោបាយនឹងជួយដល់កសិករច្រើន ជាពិសេសទាក់ទងនឹងការផ្តល់ព័ត៌មានទីផ្សារកសិកម្ម ដោះស្រាយបញ្ហាប្រឈម និងបច្ចេកទេសដល់កសិករ។
លោកបានបន្តទៀតថា៖ «មនុស្សមួយចំនួនតែងតែរិះគន់ចំពោះអ្នករៀនជំនាញកសិកម្ម ប៉ុន្តែពួកគាត់មិនបានដឹងទេថា ផលិតផលកសិកម្មរបស់យើងមិនមានទីផ្សារល្អ គឺដោយសារយើងខ្វះអ្នកជំនាញដើម្បីជួយដល់កសិករនេះឯង»។
ក្នុងនាមជាអ្នករៀនផ្នែកកសិកម្ម លោកបានលើកទឹកចិត្តដល់និស្សិតផ្នែកកសិកម្មដទៃទៀតដែលមានជំនាញសមស្របទៅតាមតម្រូវការរបស់ក្រសួងអាចដាក់ពាក្យចូលរួមប្រឡងបានព្រោះនេះជាឱកាសល្អសម្រាប់យុវជនចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយពង្រាយមន្ត្រីកសិកម្មឃុំចំនួន ១ ៦០០ នាក់ ក្នុងបេសកកម្មធ្វើការបម្រើកសិករ ១,៦ លានគ្រួសារ ឬស្មើនឹងចំនួនប្រជាជន ៧,៥ លាននាក់នៅគ្រប់ភូមិ-ឃុំទូទាំងប្រទេសចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨៕