បាត់ដំបងៈ ទីក្រុងបាត់ដំបង បានជាប់ជា «បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ» ក្នុងចំណោមទីក្រុងចំនួន ៥៥ ដែលត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN)។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ (UNESCO) បានឱ្យដឹងនៅថ្ងៃទី ៣១ ខែតុលាថា នៅថ្ងៃទិវាទីក្រុងពិភពលោក ទីក្រុងចំនួន ៥៥ ត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបណ្តាញទីក្រុង ដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) ខណៈដែលទីក្រុងថ្មីដែលទើបនឹងដាក់បន្ថែមរបស់អង្គការយូណេស្កូនេះត្រូវបានទទួលស្គាល់លើភាពច្នៃប្រឌិតជាផ្នែកយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ វប្បធម៌ និងការរៀបចំផែនការទីក្រុងដែលផ្តោតសម្រាប់មនុស្សរស់នៅ។
សេចក្តីប្រកាសបន្តថា ទន្ទឹមនឹងការដាក់បញ្ចូលទីក្រុងថ្មីបន្ថែមចំនួន ៥៥ ជាបណ្តាញទីក្រុងច្នៃប្រឌិត (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) បានកើនដល់ចំនួន ៣៥០ ទីក្រុងនៅក្នុងប្រទេសជាង ១០០ ដែលតំណាងឱ្យវិស័យចំនួន ៧ រួមមាន៖សិប្បកម្ម និងសិល្បៈប្រជាប្រិយ, ការរចនា, ភាពយន្ត, អាហារ, អក្សរសាស្ត្រ, សិល្បៈប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី។
លោក Audrey Azoulay អគ្គនាយកអង្គការយូណេស្កូ បានថ្លែងក្នុងសេចក្ដីប្រកាសថា៖ «ទីក្រុងនៅក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់យើងកំពុងឆ្ពោះទៅបង្កើនលទ្ធភាពក្នុងការពង្រឹងថាមពលនៃភាពច្នៃប្រឌិតវប្បធម៌សម្រាប់ភាពធន់ និងការអភិវឌ្ឍទីក្រុង»។
លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានលើកឡើងថា យូណេស្កូសូមអបអរសាទរដល់កម្ពុជាចំពោះសមិទ្ធផលដំបូងដែលមិនធ្លាប់មាននេះ។ លោកបញ្ជាក់ថា៖ «ការទទួលស្គាល់ក្រុងបាត់ដំបងជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារនេះ គឺជាការស្ងើចសរសើរដល់សម្បត្តិវប្បធម៌របស់ទីក្រុង និងមានសារៈសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ និងភាពច្នៃប្រឌិត រួមនឹងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលទេសចរណ៍របស់សហគមន៍ផងដែរ»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានសរសេរលើប្រព័ន្ធតេឡេក្រាមរបស់លោកផងដែរថា៖ «អបអរសាទរ ទីក្រុងបាត់ដំបងដែលទទួលបានការចុះក្នុងបញ្ជី បណ្តាញទីក្រុងច្នៃប្រឌិត ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ (UCCN)»។
រីឯលោក ស សុខា ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី ១ ខែវិច្ឆិកាផងដែរ ដោយចូលរួមអបអរសាទរទីក្រុងបាត់ដំបងក្នុងឱកាសទទួលបានការចុះក្នុងបញ្ជី «បណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ (UCCN)។
លោកបញ្ជាក់ថា៖ «ខេត្តបាត់ដំបង គឺជាខេត្តខ្មែរទី១ ដែលត្រូវបានទទួលស្គាល់ក្នុងបណ្តាញខេត្ត ក្រុងពិភពលោក របស់អង្គការយូណេស្កូ ស្តីពីការច្នៃប្រឌិតវប្បធម៌ក្នុងវិស័យម្ហូបអាហារ»។
លោក ស សុខា បញ្ជាក់ថា បណ្តាញទីក្រុងច្នៃប្រឌិត គឺជាដៃគូឯកសិទ្ធិរបស់អង្គការយូណេស្កូ មិនត្រឹមតែជាវេទិកាសម្រាប់ការឆ្លុះបញ្ចាំងពីតួនាទីនៃការច្នៃប្រឌិត ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានបង្កាត់ពូជនៃសកម្មភាព និងការច្នៃប្រឌិត ជាពិសេសសម្រាប់ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់និរន្តរភាពនៃការអភិវឌ្ឍ។
ចំណែកលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង បានថ្លែងនៅថ្ងៃទី ១ ខែវិច្ឆិកាថា ក្នុងនាមជាអាជ្ញាធរខេត្តពិតជាសម្ដែងការសាទរដែលក្រុងបាត់ដំបងបានជាប់ជាទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។
លោកបន្តថា ក្រោយពីក្រុងបាត់ដំបងបានជាប់ហើយ អាជ្ញាធរខេត្តកំពុងគិតគូរនៅចុងឆ្នាំ ២០២៣ នេះ គឺនឹងរៀបចំព្រឹត្តិការណ៍មួយ ដើម្បីបង្ហាញពីស្នាដៃម្ហូបអាហារខ្មែរនៅខេត្តបាត់ដំបងឱ្យមហាជនចូលរួមភ្លក់នៃរសជាតិម្ហូបអាហារទាំងនោះផងដែរ។
លោកឱ្យដឹងទៀតថា សម្រាប់ម្ហូបអាហារខ្មែរទាំងនោះនៅខាងខេត្តបាត់ដំបងដែលពេញនិយមមានដូចជា៖ អាម៉ុក បបរផិ និងទឹកគ្រឿងជាដើម ខណៈដែលម្ហូបទាំងនេះ អ្នកខេត្តផ្សេងៗក៏ចេះធ្វើដែរ ប៉ុន្តែស្នាដៃអ្នកខេត្តបាត់ដំបង ធ្វើឡើងរសជាតិឆ្ងាញ់ខុសប្លែកពីខេត្តផ្សេង។
លោក ឆាយ ម៉ាទីណាល់ បានថ្លែងថា៖ «យើងគិតថា ក្រុងបាត់ដំបងជាប់ជាទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូនេះពិតជាមានសារៈប្រយោជន៍សំខាន់ណាស់ ដើម្បីផ្សព្វផ្សាយទៅដល់សកលលោកឱ្យស្គាល់ពីម្ហូបខ្មែរក្នុងខេត្តបាត់ដំបង ជាពិសេសកាន់តែធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត មកទស្សនាកម្សាន្ត និងភ្លក់រសជាតិនៃស្នាដៃរបស់អ្នកខេត្តយើង»។
លោកបន្ថែមថា ក្រៅពីពិភពលោកបានស្គាល់ពីខេត្តបាត់ដំបងហើយ គោលដៅសំខាន់មួយទៀត គឺជាកន្លែងសម្រាប់ទទួលភ្ញៀវទេសចរមកលេងកម្សាន្ត ឬក៏អ្នកធ្វើជំនួញផ្នែកពាណិជ្ជកម្មផ្សេងៗ ដើម្បីស្គាល់ពីអត្តសញ្ញាណនៃទីក្រុងបាត់ដំបង ក៏ដូចជាសមិទ្ធផលលើវិស័យនានាផងដែរ។
ចំណែកលោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ ក៏បានថ្លែងដែរថា កន្លងមកមានអ្នកធ្លាប់បង្អាប់ពីម្ហូបអាហាររបស់ខ្មែរថា មានរូបរាងមិនចង់បរិភោគ ក៏ប៉ុន្តែឥឡូវនេះម្ហូបខ្មែរបែរជាមានការឱ្យតម្លៃ ដោយក្រុងបាត់ដំបងបានជាប់ជាបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ ហើយវាជាមោទនភាពជាតិខ្មែរ និងមោទនភាពសម្រាប់ប្រជាជនខ្មែរទាំងអស់ ដើម្បីចូលរួមថែរក្សាតម្លៃប្រពៃណី វប្បធម៌របស់ខ្លួន។
លោកមានប្រសាសន៍ថា៖ «ម្ហូបអាហារខ្មែរយើងបានជាប់ហើយ ដូច្នេះយើងគួរតែមានកម្មវិធីអី ដើម្បីឱ្យយុវជនខ្មែរជំនាន់ក្រោយ បានដឹងអំពីម្ហូបអាហាររបស់ខ្មែរយើង និងការច្នៃប្រឌិតក្នុងការធ្វើម្ហូបអាហារខ្មែរយើង ខណៈដែលបច្ចុប្បន្ននេះ ខ្ញុំតែងតែឃើញកម្មវិធីមួយចំនួន ធ្វើតែម្ហូបអាហារបែបបរទេស។ អ៊ីចឹងវាមិនទាក់ទងទៅនឹងអត្តសញ្ញាណរបស់ខ្មែរយើងទេ»។
បើតាមលោក សំបូរ មាណ្ណារ៉ា បានអះអាងថា នៅពេលអង្គការយូណេស្កូ បានទទួលស្គាល់ម្ហូបអាហាររបស់ខ្មែរ និងមានការឱ្យតម្លៃបែបនេះ គឺវាជាការគាំពារ និងជំរុញឱ្យខ្មែរ ត្រូវថែរក្សាវប្បធម៌របស់ខ្លួនឱ្យបានល្អ ដូច្នេះវានឹងទទួលបានផលមកវិញដូចជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនចូលមកកម្សាន្តក្នុងប្រទេសកម្ពុជា។ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រដដែលបានបន្ថែមថា ក្រៅពីម្ហូបអាហារខ្មែរ មានការទទួលស្គាល់ជុំវិញពិភពលោកហើយ នៅប្រទេសកម្ពុជា មានរបស់ផ្សេងៗទៀត ដែលបញ្ជាក់ពីតម្លៃវប្បធម៌ ប្រពៃណីខ្មែរ ជាពិសេសបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ ដែលតម្រូវឱ្យមនុស្សគ្រប់គ្នា ត្រូវចូលរួមខិតខំថែរក្សា និងឱ្យតម្លៃផងដែរ។
សូមបញ្ជាក់ថា បណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមទីក្រុងនានាដែលបានទទួលស្គាល់ភាពច្នៃប្រឌិតជាកត្តាយុទ្ធសាស្ត្រនៃការអភិវឌ្ឍប្រកបដោយចីរភាព៕