ភ្នំពេញៈ អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបក្នុងឆ្នាំ ២០២៣ នេះ បានឈ្នះពានរង្វាន់មាសពីកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ដោយជយលាភីនេះមានការសាទរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងភាគីពាក់ព័ន្ធ ហើយរំពឹងថា ទីផ្សារអង្ករក្រអូបកម្ពុជានឹងកាន់តែមានសម្ទុះខ្លាំងថែមទៀត។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាកាលថ្ងៃទី ៣១ ខែតុលា បានបញ្ជាក់ថា អង្ករម៉ាកសមូហភាព SKO ផលិតចេញពីពូជស្រូវសែនក្រអូបបានឈ្នះពានរង្វាន់មាសពីកម្មវិធីដែលរៀបចំឡើងដោយវិទ្យាស្ថានវិទ្យាសាស្ត្រស្រូវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងគ្រាប់ពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិន កាលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣។
ជាលទ្ធផលពីកិច្ចការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុបចំនួន ៦១ ដែលក្នុងនោះចំនួន ១២ ប្រភេទ មកពីប្រទេសអាស៊ានចំនួន ៥ប្រទេសនិងចំនួន ៤៩ ប្រភេទ មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវនៅក្នុងប្រទេសចិន។
សេចក្តីប្រកាសបន្តថា៖ «ក្នុងនោះ អង្ករម៉ាកសមូហភាព SKO ដែលមានពូជស្រូវឈ្មោះសែនក្រអូប (SEN KRAOB) ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងឈ្នះពានរង្វាន់មាសក្នុងចំណោមពានរង្វាន់មាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត»។
ជុំវិញលទ្ធផលនេះ សហព័ន្ធស្រូវ-អង្ករកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាកសិករទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ដាំដុះ ថែទាំ និងផ្តល់គ្រាប់ស្រូវដែលផលិតចេញជាអង្ករមានគុណភាព ឱជារស មិនតែប៉ុណ្ណោះសម្រស់គ្រាប់អង្ករបានយ៉ាងល្អ ដែលនាំឱ្យទទួលបានពានរង្វាន់មាសនៅពេលនេះផងដែរ។
ក្រៅពីនេះ សហព័ន្ធស្រូវអង្ករក៏បានអំពាវនាវដល់ប្រជាកសិករទាំងអស់ឱ្យបន្តខិតខំដាំដុះពូជស្រូវ ដែលប្រកបដោយគុណភាពនេះជាបន្តទៀត ហើយសហព័ន្ធបានបង្ហាញការយល់ឃើញថា ការទទួលបានពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងនៅថ្ងៃទី ១ ខែវិច្ឆិកាថា នេះជាមោទនភាពសម្រាប់វិស័យកសិកម្ម និងកសិករកម្ពុជា ហើយនេះមិនមែនជាលើកទី១ ឡើយ ដែលអង្ករក្រអូបកម្ពុជាទទួលបានចំណាត់ថ្នាក់បែបនេះ។
លោកបានបញ្ជាក់ថា៖ «កន្លងមកអង្ករក្រអូបផ្ការំដួលរបស់កម្ពុជាបានឈ្នះពានរង្វាន់ជាអង្ករល្អដាច់គេចំនួន ៥ ដងរួចមកហើយ ហើយឆ្នាំនេះយើងបានបន្ថែមពីពូជស្រូវសែនក្រអូបផងដែរ ក្រសួងយល់ថា តាមរយៈលទ្ធផលនេះនឹងបង្កើនភាពទាក់ទាញដល់ទីផ្សារនាំចេញអង្ករកម្ពុជានៅលើឆាកអន្តរជាតិថែមទៀត»។
អ្នកនាំពាក្យក្រសួងកសិកម្ម បានបន្ថែមថា ដើម្បីជំរុញទីផ្សារស្រូវអង្ករកម្ពុជា ក្រសួងបាននិងកំពុងជំរុញពូជស្រូវចំនួន ២ ប្រភេទ គឺពូជស្រូវសែនក្រអូប និងពូជស្រូវផ្ការំដួល ដែលជាយុទ្ធសាស្ត្ររបស់ក្រសួងដើម្បីធានាបានពូជសុទ្ធ និងធានាបានគុណភាពអង្ករកម្ពុជានៅលើទីផ្សារផងដែរ។
ទន្ទឹមគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មអូរសារាយ ខេត្តតាកែវ លោក ប៉ាត សាវឿន ក៏បានលើកឡើងដែរថា លទ្ធផលនេះគឺបង្ហាញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ពិសេសសហព័ន្ធស្រូវអង្ករ ហើយលទ្ធផលនេះក៏កម្លាំងចិត្តបន្ថែមដល់សហគមន៍កសិកម្មនៅកម្ពុជា ខិតខំប្រឹងប្រែងបង្កើនការដាំដុះពូជស្រូវក្រអូបបន្ថែមទៀត។
លោកបានបន្តថា៖ «បច្ចុប្បន្នសហគមន៍របស់ខ្ញុំមានសមាជិកជាង ៦០ នាក់ ហេតុនេះខ្ញុំយល់ថា ដើម្បីជំរុញទីផ្សារស្រូវអង្ករក្រអូបកម្ពុជាបន្ថែមទៀតសូមឱ្យស្ថាប័នពាក់ព័ន្ធផ្តល់ទុនក្នុងការប្រមូលទិញស្រូវពីកសិករសម្រួលមធ្យោបាយដឹកជញ្ជូនស្រូវឱ្យទាន់ពេល ពិសេសផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសដាំដុះបន្ថែមទៀតដើម្បីបង្កើនគុណភាពអង្ករកាន់តែមានស្តង់ដាស្របតាមទីផ្សារចង់បាន»។
ទាក់ទិននឹងជយលាភីនេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសអបអរសាទរ អង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាសក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ានលើកទី ១ នេះផងដែរ។
សូមបញ្ជាក់ដែរថា ពូជស្រូវសែនក្រអូប ជាពូជស្រូវមិនប្រកាន់រដូវដែលត្រូវបានដាំដុះដោយប្រជាកសិករតាំងពីពាក់កណ្តាលទសវត្សរ៍ ៩០។
ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋានកសិកម្មនិងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា រួមនឹងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេសនិងហិរញ្ញវត្ថុដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់។
ឆ្លងតាមការសិក្សា និងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានសម្រាំងឡើងដោយជម្រើសឯកទត្តចេញពីពូជស្រូវក្រអូបផ្សេងៗរហូតទទួលបានពូជស្រូវសែនក្រអូបមួយដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ ២០១៩ ក្រោមឈ្មោះជាផ្លូវការថា «សែនក្រអូប ០១»៕