ភ្នំពេញ: ពី​ក្មេងស្រី​រស់នៅ​តំបន់​អតីត​ចាក់សំរាម​ស្ទឹង​មាន​ជ័យ យុវនារី​កម្ពុជា​​ ២​ ​នាក់​គឺ ប៊ុន ម៉ាលី​តា អាយុ​ ១៨ ​ឆ្នាំ និង លេន លាង អាយុ​ ២០​ ឆ្នាំ បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​មហាវិទ្យាល័យ Trinity របស់​ប្រទេស​អូស្ត្រាលី​។​

​ម៉ាលី​តា និង លាង ស្ថិត​ក្នុងចំណោម​សិស្សានុសិស្ស​របស់​អង្គការ CCF ដែល​ទទួលបាន​អាហារូបករណ៍​ពេញលេញ​ពី Trinity College និង University of Melbourne ដែល​ផ្តល់​បេក្ខជន ​២ ​រូប ឱ្យ​សិស្សានុសិស្ស CCF ជា​រៀងរាល់ឆ្នាំ​។​

​លោក ស្កុ​ត នី​សុន ស្ថាបនិក CCF បាន​និយាយថា​៖ «​អាហា​រូបករណ៍ ​គឺជា​ហ្គេម​ផ្លាស់ប្តូរ​ជោគ​វាសនា​សម្រាប់​សិស្ស​ទាំងនេះ​។ យើង​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​របស់​ពួកគេ​»​។​

CCF ជា​អង្គការក្រៅរដ្ឋាភិបាល​ដែលមាន​មូលដ្ឋាន​នៅ​ស្ទឹង​មាន​ជ័យ គឺជា​អ្នកផ្តល់​ក្តីសង្ឃឹម​ដល់​កុមារ​ក្រីក្រ​ជិត ១ ៨០០ ​នាក់​ក្នុង ១ ​ឆ្នាំៗ​។ អង្គការ​នេះ​ដំណើរការ Neeson Cripps Academy ដែល​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ដល់​កុមារ និង​មានឱកាស​ទទួលបាន​អា​ហា​រូបករណ៍​អន្តរជាតិ​បន្ទាប់ពី​ថ្នាក់​ទី​១២​។ ចាប់តាំងពី​ឆ្នាំ ២០១៧ មហាវិទ្យាល័យ Trinity បាន​សហការ​ជាមួយ CCF ដើម្បី​ផ្តល់​អាហារូបករណ៍​ពេញ​លេញ​សម្រាប់​កម្មវិធី​ឆ្នាំ​មូល​ដ្ឋា​ន​របស់​ពួកគេ​។​

​លោក Scott Charles ជា​អ្នកជំនួយការ​នៅ​មហាវិទ្យាល័យ Trinity College បាន​សាទរ​ដូចគ្នា​ចំពោះ​ភាពជា​ដៃគូ ដោយ​បង្ហាញ​ពី​ភាព​ខ្នះខ្នែង​ចំពោះ​បញ្ញវន្ដ​អនាគត​។​

​យុវតី​ទាំង ២ បាន​រំឭក​អំពី​ការប្រឡង​អាហារូបករណ៍​ទៅ​រៀន​នៅ​មហាវិទ្យាល័យ Trinity College នៅ​ប្រទេស​អូស្ដ្រាលី ដោយ​ពួកគេ​សុទ្ធតែ​មិន​រំពឹង​ខ្ពស់​ថា នឹង​ទទួលបាន​ជោគជ័យ ពីព្រោះ​ពួកគេ​ត្រូវ​ប្រកួតប្រជែង​ជាមួយ​សិស្សានុសិស្ស​ជាច្រើន​នាក់​ទៀត​។

​ម៉ាលី​តា បានឱ្យដឹងថា​៖ «​វា​រាង​លំបាក​បន្ដិច ដោយសារ​ពេល​ខ្ញុំ​ប្រឡង​អាហារូបករណ៍​នោះ ខ្ញុំ​ក៏​កំពុងតែ​សិក្សា​ថ្នាក់​ទី១២​។ ដូច្នេះ ខ្ញុំ​ត្រូវខិតខំ​សិក្សា​ទាំង​ ២​ ដើម្បី​ត្រៀម​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ផង និង​ចាប់យក​ឱកាស​សិក្សា​នៅ​បរទេស​ផង​។ ប៉ុន្ដែ​ខ្ញុំ​ផ្ដោត​សំខាន់​លើ​ការប្រឡង​ថ្នាក់​ទី​១២ ច្រើនជាង​»​។

​កញ្ញា​លាង​បន្ថែមថា អ្នក​ចូល​រួម​ប្រឡង​ភាគច្រើន​ពូកែ​ភាសា​អង់គ្លេស ដែល​ធ្វើឱ្យ​កញ្ញា​គ្មាន​ជំនឿ​ចិ​ត្ដ​ក្នុងការ​យកជ័យ​ជម្នះ ពីព្រោះ​យុវតី​រូបនេះ​ក៏​ធ្លាប់បាន​បោះបង់​ការប្រឡង​នៅ​មហា​វិទ្យាល័យ​អូស្ដ្រាលី​ម្ដង​រួចហើយ​។

​តាំងពី​ឆ្នាំ ​២០១៧ មក​ដោយ​មើលឃើញ​រៀមច្បង​ ២​ នាក់​រៀងរាល់ឆ្នាំ មានឱកាស​បាន​ទៅ​បន្ដ​ការសិក្សា​នៅ​ប្រទេស​​អូស្ត្រាលី​តាមរយៈ​អាហា​រូប​​ករ​ណ៍ Trinity College ពួកគេ​មាន​ក្ដី​ស្រមៃ​ចង់​ចេញទៅ​មើល​ពិភពលោក​ដ៏​ធំ​ល្វឹងល្វើយ​ដោយ​ខិតខំ​ឆក់យក​ឱកាស​មាស ខណៈ​ជីវភាព​របស់​គ្រួសារ​ខ្លួន​មិនអាច​ទៅរួច​។

​ម៉ាលី​តា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ទោះ​ជាប់ ឬ​មិន​ជាប់ ក៏​យើង​នៅតែ​ខិតខំ យ៉ាងហោចណាស់ យើង​បានដឹង​អំពី​សមត្ថ​ភាព​របស់​យើង​ដែរ​»​។

​បច្ចុប្បន្ននេះ យុវតី​ទាំង ២ ​រូប​កំពុងតែ​រៀន​ត្រៀម​នៅ​មហា​​វិទ្យាល័យ Trinity College រយៈពេល ១ ​ឆ្នាំ​មុនពេល​ចូលរួម​សាកលវិទ្យាល័យ​អូស្ដ្រាលី​។ ម៉ាលី​តា ដែល​សិក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ មាន​គោល​បំណង​ចង់​ក្លាយជា​ផលិតករ​ភាពយន្ដ និង​យក​ចំណេះដឹង​ដែល​ខ្លួន​មានមក​ផលិត​ភាពយន្ដ​នៅ​កម្ពុជា​។​

​យ៉ាងណាក្តី កញ្ញា លាង ដែល​ដំបូង​ឡើយ​ចាប់យក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​គោល​បំណង​ធ្វើការ​ផ្នែក​គ្រប់គ្រង និង​បើក​អាជីវកម្ម​ខ្លួនឯង បាន​ប្ដូរ​មក​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ​ដោយ​​សារ​តែ​ជួប​បញ្ហា​ភាសា​អង់​គ្លេ​ស​លើ​មុខវិជ្ជា​ពាណិជ្ជកម្ម​។

​យុវតី លាង បាន​សារភាពថា​៖ «​ក្រោយ​ការផ្លាស់ប្ដូរ​មុខវិជ្ជា​សិក្សា​នេះ នៅពេល​អនាគត ខ្ញុំ​មិនទាន់​ដឹងថា​ត្រូវធ្វើ​អ្វី​ទេ​។ ខ្ញុំ​ត្រូវ​រង់ចាំ​ចូលដល់​ថ្នាក់​សាកល​​វិទ្យាល័យ​សិន​»​។

​ប្រ​វ​ត្ដិ​ដ៏​ជូរចត់​របស់​យុវតី ​ម៉ាលី​តា ជា​អ្នក​ខេត្ដ​ព្រៃវែង កញ្ញា លាង មកពី​គ្រួសារ​រក​ព្រឹក​ខ្វះ​ល្ងាច ដែលមាន​បងប្អូន​ស្រី​ទាំង ៤​ នាក់ ដោ​យមក​រាជធានី​ភ្នំពេញ​តាំងពី​អាយុ ៤ ​ឆ្នាំ​ជាមួយ​ឪពុកម្ដាយ និង​បំ​ផ្លាស់​ទី​ផ្ទះជួល​ជា​រឿយៗ​។ មកដល់​តំបន់​ស្ទឹង​មានជ័យ ពួកគេ​បាន​ជួប​លោក​ ស្កុ​ត នី​សុន ដែល​បាន​ហៅ​ពួក​គេ​ទាំង​ ៤ ​នាក់​ឱ្យ​ចូលរៀន​នៅ​សាលា​អង្គការ​។

​ចំណែក​ឆាកជីវិត​របស់ ម៉ា​លី​តា គឺ​នាង​បាន​ជួប​រឿងរ៉ាវ​អកុសល​តាំងពី​កុមារភាព​មក​ម្ល៉េះ​។ កាលពី​អាយុ ២​ ឆ្នាំ ម៉ាលី​តា និង​ម្ដាយ​បាន​ជួប​គ្រោះអាក្រក់​បំផុត ដែល​ត្រូវបាន​ជន​មិន​ស្គាល់​អត្ដ​សញ្ញាណ​ជះ​ទឹក​អាស៊ីត​ដាក់​នៅក្នុង​អំឡុងពេល​ជិះ​ម៉ូតូ​។ ហេតុការណ៍​នេះ​បានធ្វើឱ្យ​ម្ដាយ​ខូច​សម្រស់​មុខមាត់ និង​ធ្លាក់ខ្លួន​ពិការភ្នែក​ទាំង​សង​ខាង​ខណៈ​កុមារី​តូច​ដែល​អង្គុយ​លើ​ម៉ូតូ​ខាងមុខ​ម្ដាយ រងទឹក​អាស៊ីត​ពី​ម្ដាយ​ជោក​ពេញមុខ​រហូតដល់​ខ្លួន និង​ដៃ​។

​ម៉ាលី​តា ដែលមាន​បងប្អូន ២ នាក់​ទៀត និង​មិន​ស្និទ្ធស្នាល​ជាមួយគ្នា បាន​រំឭកថា​៖ «​កាល​​នោះ ខ្ញុំ​មិន​ចាំ​ពី​ហេតុការណ៍​នោះទេ​។ ប៉ុន្ដែ​ម្ដាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ដោយសារតែ​ខ្ញុំ​យំ​ខ្លាំង ទើប​ប្រហែល​មិន​ធ្វើឱ្យ​ភ្នែក​ខ្ញុំ​ពិការ​។ ខ្ញុំ​គ្រាន់តែ​ដឹងថា ពេលនោះ មុខ និង​រាងកាយ​របស់ខ្ញុំ​ក្ដៅ​ខ្លាំង ហើយ​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ជួយ​យក​អាសា​»​។

​ជា​អ្នក​រាជធានី​ភ្នំពេញ​ស្រាប់ ស្ថានភាព​គ្រួសារ និង​ភាព​កក់​​ក្ដៅ​កាន់តែ​រសាយ​នៅពេលដែល​ឪពុក កាន់តែ​បែក​ចិ​ត្ដ​ពី​ភរិយា​ពិការ និង​កូន​ខូច​មុខមាត់ ដោយ​នៅពេលនោះ​គ្រាន់តែ​ផ្ដល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ខណៈ​ការរស់នៅ​របស់​ម្ដាយ និង​កូន​​ស្រី ត្រូវបាន​កាត់ផ្ដាច់​ពី​ស្វាមី និង​បងប្អូន​ដទៃទៀត​។

​ម៉ាលី​តា និង​ម្ដាយ ត្រូវបាន​ឪពុក​ជួល​ផ្ទះ​នៅ​ម្ដុំ​ស្ទឹង​មាន​ជ័យ ហើយ​ដោយសារតែ​មានកា​រ​ភ័យខ្លាច​ក្នុងការ​ប្រឈម​មុខ​សង្គម​ខាងក្រៅ ម្ដាយ និង​កូនស្រី តែងតែ​បិទទ្វារ​ផ្ទះ សម្ងំ​រស់​នៅតែ​ដាច់ដោយឡែក​ពី​អ្នកជិតខាង​។ រហូតដល់​ថ្ងៃ​១ លោក ស្កុ​ត នី​សុន បានមក​គោះទ្វារ​បន្ទប់ និង​បាន​ហៅ​កុមារី​រូបនេះ​ចូលរៀន​នៅ​អង្គ​ការ​។ នេះ​មិនមែន​ជាការ​ចូលរៀន​លើកដំបូង​ទេ ដោយ ម៉ាលី​តា ធ្លាប់​ចូលរៀន​ម្ដង​រួចហើយ ដោយមាន​អ្នក​ម្ដាយ​តែងតែ​អង្គុយ​រង់ចាំ​ក្បែរ​របង​សាលា​ជានិច្ច ពីព្រោះ​កុមារី​រូបនេះ មាន​អារម្មណ៍​ខ្លាច និង​បាក់ស្បាត​។

អគារ​ពន្ធនាគារ​ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ទី ២៣​ខែ​ធ្នូ ឆ្នាំ​២០២០។ហេង ជីវ័ន

​លោក​ នី​សុន មិន​ត្រឹមតែ​បាន​ជួយ ម៉ាលី​តា បាន​ចូលរៀន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ជួយ​ម្ដាយ​ពិការភ្នែក​មានការ​ងារ​ធ្វើ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ផ្ទាល់ខ្លួន​ថែមទៀត​។ កញ្ញា​បានឱ្យដឹងថា​៖ «​ការរស់នៅ​ជាមួយ​ម៉ាក់​ពិការ​ពិតជា​លំបាក​។ គាត់​ទ្រាំ​ពុះពារ​ចិញ្ចឹម​ខ្ញុំ​បីបាច់​ខ្ញុំ​ទោះ​ក្នុងស្ថានភាព​គាត់​លំបាក​យ៉ាង​ណាក៏ដោយ​។ គាត់​អាច​ដាំបាយ និង​ធ្វើ​ម្ហូបអាហារ​បាន ហើយ​ពេលខ្លះ​ក៏បាន​ការជួយ​ពី​អ្នក​ជិតខាង​ក្នុង​ការទិញ​គ្រឿង​ម្ហូប​ពី​ផ្សារ​ផងដែរ​»​។

​យុវតីដែល​រង​ស្លាកស្នាម​ពេញ​ទម្រង់​មុខ និង​រាងកាយ​រូប​នេះបាន​បន្ដថា​៖ «​ខ្ញុំ​មិន​ធ្លាប់​បែក​ឆ្ងាយ​ពី​គាត់​ទេ​។ មក​រៀន​ឆ្ងាយ​នេះ ខ្ញុំ​ពិតជា​មិន​ដាច់​ចិ​ត្ដ​ឡើយ​។ ប៉ុន្ដែ​បាន​បងៗ ពេល​ពួកគាត់​ធំ​ដឹងក្ដី ពួកគាត់​តែង​​តែ​មក​សួរសុខទុក្ខ និង​មើល​ម៉ាក់​។ ខ្ញុំ​មាន​អារម្មណ៍​កក់ក្ដៅ​បន្ដិច​»​។

​ដំណើរ​នៅលើ​ដែនដី​ថ្មី​យុវតី ម៉ាលី​តា បានឱ្យដឹងថា មកដល់​ប្រទេស​អូស្ដ្រាលី​លើកដំបូង​បញ្ហា​ចំពោះ​កញ្ញា​គឺ​អាកាស​ធាតុ​ត្រជាក់​។ បន្ស៊ាំ​ខ្លួន​តែ​នៅក្នុង​ទីកន្លែង​ស្នាក់ ១ ​សប្ដាហ៍ ទើប ម៉ាលី​តា និង​លាង រួមទាំង​សិស្ស​ដទៃទៀត​ត្រូវបាន​នាំ​ដើរ​ទស្សនកិច្ច​សាលា​។​

​អ្នក​ទាំង​ ២ ​ត្រូវការ​ពេលវេលា​សម្រប​ខ្លួន​ទាំង​អាកាសធាតុ និង​មុខវិជ្ជា​សិក្សា ដែល​មុខវិជ្ជា​ខ្លះ ពួកគេ​និយាយថា មិនមាន​នៅក្នុង​កម្មវិធី​សិក្សា​កម្ពុជា​ទេ​។ អ្នក​ទាំង​ ២​ ចាប់ផ្ដើម​ចូល​ថ្នាក់​រៀន​មូលដ្ឋាន ១ ​ឆ្នាំ​ ដើម្បី​ត្រៀមខ្លួន​សិក្សា​នៅ​ថ្នាក់​មហា​វិទ្យា​ល័យ​។

​ម៉ាលី​តា ដែល​នៅ​ឆ្នាំនេះ​មាន​អាយុ ​១៨ ​ឆ្នាំ បាន​និយាយថា​៖ «​ដោយសារ​ខ្ញុំ​ចាប់យក​មុខវិជ្ជា​បរិញ្ញាបត្រ​សិល្បៈ (Bachelor of Arts) ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ខ្ញុំ​ត្រូវខិតខំ​យក​ពិន្ទុ​ឱ្យបាន ៨០ ដើម្បី​បំពេញ​លក្ខខណ្ឌ​»​។

​ដោយមាន​មូលដ្ឋាន​ភាសា​អង់គ្លេស​ច្រើន​គួរសម​ពីសា​លា Neeson Cripps Academy (NCA) របស់លោក​ស្កុ​ត នី​សុន ម៉ាលី​តា បានឱ្យដឹងថា កញ្ញា​មិន​បារម្ភ​ចំពោះ​រឿង​ភាសា​ទេ ហើយ​កញ្ញា​បាន​បន្ដថា ថ្នាក់​​សិក្សា​របស់​កញ្ញា​ភាគច្រើន​មាន​សិស្សានុសិស្ស​មកពី​ចិន ដែល​មិនសូវ​ពូកែ​ភាសា​អង់​គ្លេ​ស​ឡើយ​។

​ក្រៅពី​ភាសា​អង់គ្លេស ម៉ាលី​តា ត្រូវ​ពង្រឹង​លើ​មុខវិជ្ជា​ទាក់​ទង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា «History of Idea» ឱ្យ​គ្រប់​យ៉ាងតិច ៨០​ ពិន្ទុ ទើប​អាច​បន្ដ​ចូលរៀន​នៅ​ថ្នាក់​មហា​វិទ្យា​​ល័យ​បាន​។

​កញ្ញា លេន លាង ដែល​ឆ្នាំ​នេះ​មាន​អាយុ​ ២០ ​ឆ្នាំ បាន​និយាយថា កញ្ញា​មានការ​បារម្ភ​លើ​ភាសា​អង់គ្លេស ដែល​ទាម​ទារ​ឱ្យ​យុវតី​ចេញពី​តំបន់​ស្ទឹង​មានជ័យ​រូបនេះ​ត្រូវខិតខំ​ស្វែង​យល់​ពី​មេរៀន​ជា​ភាសា​អង់​គ្លេ​ស​៕