ភ្នំពេញៈ សិស្សវិទ្យាល័យចំនួន ៥ ក្រុម ក្នុងចំណោម ៣០ ក្រុម មកពីវិទ្យាល័យជាច្រើនក្នុងប្រទេសកម្ពុជា ត្រូវបានជ្រើសរើសឱ្យទទួលជយលាភីក្នុងការប្រកួតឌីហ្សាញផលិតផលមេកាត្រូនិកថ្នាក់ជាតិលើកទី១ កាលពីថ្ងៃទី ៣០ ខែតុលា។
ក្រុមដែលត្រូវបានជ្រើសរើសឱ្យទទួលជយលាភីមានក្រុមបង្កើតឧបករណ៍បំប្លែងជាតិទឹក ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីសម្ងួតវត្ថុផ្សេងៗ ក្រុមបង្កើតម៉ាស៊ីនដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ក្រុមបង្កើតម៉ាស៊ីនដែលអាចទាញលោហៈដែលលាយឡំចេញពីអង្ករ ក្រុមរួមបញ្ចូលបច្ចេកវិទ្យាដែលទ្រទ្រង់ប្រព័ន្ធស្រោចស្រពដំណាំ និងក្រុមបង្កើតម៉ាស៊ីនច្រូតស្រូវដែលគ្រប់គ្រងពីចម្ងាយ។
នៅក្នុងការប្រកួតប្រជែងការឌីហ្សាញផលិតផលមេកាត្រូនិកថ្នាក់ជាតិលើកទី១ ដែលធ្វើឡើងសម្រាប់សិស្សានុសិស្សនៅថ្នាក់មធ្យមសិក្សានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការគ្នាជាមួយមូលនិធិស្រាវជ្រាវគំនិតច្នៃប្រឌិត និងនវានុវត្តន៍ (RCI Fund) និងអង្គការ STEM Cambodia បានប្រកាសឈ្មោះក្រុមបេក្ខជនដែលបានឈ្នះជយលាភីកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលចុះនៅថ្ងៃទី ៣១ ខែតុលា។
ការប្រកួតនេះ ផ្តល់ឱកាសឱ្យសិស្សទាំងអស់នៅគ្រប់គ្រឹះស្ថានសិក្សាទាំងសាលារដ្ឋ និងសាលាឯកជនទូទាំងប្រទេសចូលរួមប្រកួតប្រជែង។ ការប្រកួតនេះបានបង្កើតឡើងដើម្បីជំរុញភាពច្នៃប្រឌិត នៅក្នុងការកែច្នៃលើវិស័យមេកាត្រូនិក។ នៅក្នុងវិស័យមេកាត្រូនិកដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនេះ បានរួមបញ្ចូលគ្នារវាងវិស្វកម្មអគ្គិសនី មេកានិក និងកុំព្យូទ័រ។
ជាមួយគ្នានេះដែរ នៅក្នុងការប្រកួតប្រជែងនេះបានផ្តល់ឱកាសឱ្យសិស្សានុសិស្សក្នុងការបង្ហាញសមត្ថភាពរបស់ពួកគេនៅក្នុងការបង្កើតគម្រោងដែលអាចដោះស្រាយបញ្ហាសង្គម ក្នុងនោះក៏ស្តែងឱ្យឃើញពីភាពឆ្លាតវៃ និងភាពច្នៃប្រឌិតរបស់ពួកគេផងដែរ។ ក្នុងនោះមានសិស្សចំនួន ៣០ ក្រុម ដែលបានចូលរួមប្រកួតដែលធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ៣០ ខែតុលា ហើយមានសិស្សចំនួន ៩ ក្រុម បានឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ និងមានតែក្រុម ៥ ក្រុមប៉ុណ្ណោះដែលត្រូវបានជ្រើសរើសជាក្រុមទទួលជយលាភី។
យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា គណៈកម្មការនៅក្នុងការប្រកួតនេះមានដូចជា លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក អេលេន តាន់ ស្ថាបនិក របស់ STEM Cambodia លោក យឹម រីឆាត អគ្គនាយកនៃមជ្ឈមណ្ឌលផលិតឌីជីថលកម្ពុជា-ជប៉ុន និងលោកស្រី លី ប៉ោហួរ អ្នកគ្រប់គ្រងផលិតផលកម្ពុជារបស់ Boost Capital។
នៅក្នុងពិធីប្រគល់មេដាយកាលពីថ្ងៃទី ៣០ ខែតុលា លោក សាន វឌ្ឍនាថ្លែងថា៖ «កម្មវិធីនេះបានផ្តល់ឱកាសដ៏ល្អសម្រាប់សិស្សានុសិស្ស។ ដោយសារតែការរៀនដោះស្រាយបញ្ហាជាមួយការដោះស្រាយបញ្ហាជាក្រុម សិស្សានុសិស្សអាចរួមគ្នាផ្លាស់ប្តូរការគិតថ្មីមួយ ដែលមានប្រយោជន៍សម្រាប់ពួកគេដែលអាចជួយឱ្យពួកគេទទួលបានបទពិសោធន៍ថ្មីមួយតាមរយៈការរៀនសូត្រ និងការបង្កើតថ្មី»។
លោក សាន វឌ្ឍនា ឱ្យដឹងថា៖ «សិស្យដែលបានចូលរួមប្រកួតបានជួបជាមួយនឹងអ្នកជំនាញដែលមានបទពិសោធន៍ជាច្រើននាក់សម្រាប់ការណែនាំ និងបណ្តុះបណ្តាលនៅក្នុងកម្មវិធីមួយនេះ។ គ្រូបង្ហាត់បង្រៀន ស្ថាប័នអប់រំ និងសិស្សានុសិស្សទាំងអស់គួរតែអនុវត្តការច្នៃប្រឌិតជំនាញដោះស្រាយបញ្ហា និងការកត់សម្គាល់បញ្ហាសង្គមដែលមាននៅក្នុងថ្នាក់រៀន ក៏ដូចជានៅក្រៅថ្នាក់រៀន»។
ជាមួយគ្នានេះលោក អេលេន តាន់ ក៏បានថ្លែងដែរថា៖ «នៅថ្ងៃនេះ ពួកយើងបានឃើញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃការអប់រំស្ទែមនៅកម្ពុជា។ នៅ ៥ ឆ្នាំមុន ពួកយើងមិនដែលស្រមៃថា សិស្សវិទ្យាល័យនឹងអាចបង្កើតគំនិត និងបង្កើតគម្រោងគួរឱ្យចាប់អារម្មណ៍បែបនេះទេ។ វាគឺជាអ្វីដែលពិតជាគួរឱ្យកត់ចំណាំទុក»។
ក្រុមដែលបានឈ្នះនៅក្នុងការប្រកួតនេះ មានដូចជា ចំណាត់ថ្នាក់លេខ ១ ក្រុម “M4TB” មកពីខេត្តត្បូងឃ្មុំ តំណាងឱ្យវិទ្យាល័យ ហ៊ុន សែន អូររាំងឪ បានបង្កើតឧបករណ៍បំប្លែងជាតិទឹក ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីសម្ងួតវត្ថុផ្សេងៗប្រកបដោយប្រសិទ្ធភាពដូចជា បន្លែ ត្រី សាច់ ផ្លែឈើ និងវត្ថុផ្សេងៗជាច្រើនទៀត។
ជាមួយគ្នានេះដែរ ក្រុមដែលនៅចំណាត់ថ្នាក់លេខ ២ គឺក្រុម “Builder Max” នៅរាជធានីភ្នំពេញ តំណាងឱ្យវិទ្យាល័យព្រែកលៀប បានបង្កើតម៉ាស៊ីនដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យដែលជួយគ្រប់គ្រងដំណាំដោយស្វ័យប្រវត្តិ ដែលផ្តល់ទឹកនៅពេលដែលដីស្ងួតដោយប្រើប្រាស់ទូរស័ព្ទដៃ។ ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ ៣ គឺ “ក្រុមយុវជនថ្នាក់ទី១២” នៅរាជធានីភ្នំពេញ តំណាងឱ្យសាលាបញ្ញាសាស្ត្រអន្តរជាតិ បានបង្កើតម៉ាស៊ីនដែលអាចទាញលោហៈដែលលាយឡំចេញពីអង្ករដោយប្រើប្រាស់ដែកឆក់អេឡិចត្រូម៉ាញ៉េទិច។
ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ ៤ គឺក្រុម “Teen Bot” មកពីខេត្តកំពង់ឆ្នាំងតំណាងឱ្យសាលាចំណេះទូទៅឯកជនបុរីវិជ្ជាដែលបានរួមបញ្ចូលបច្ចេកវិទ្យាដែលទ្រទ្រង់ប្រព័ន្ធស្រោចស្រពដំណាំ និងម៉ាស៊ីនបូមទឹកដោយស្វ័យប្រវត្តិ ដែលប្រាប់បានពីកម្រិតជាតិទឹកក្នុងដី និងកម្ពស់ទឹកតាមរយៈអេក្រង់ LCD។ ចំណែកក្រុមដែលជាប់ចំណាត់ថ្នាក់លេខ ៥ គឺ “ក្រុមបន្ទាយមានជ័យ” មកពីខេត្តបន្ទាយមានជ័យ តំណាងឱ្យវិទ្យាល័យសិរីសោភ័ណ ដែលបង្កើតម៉ាស៊ីនច្រូតស្រូវដែលគ្រប់គ្រងពីចម្ងាយដោយការបញ្ជាពីទូរស័ព្ទដៃ៕
កុសល សិរីកន្យា