ភ្នំពេញៈក្លិបព្រះខ័នរាជស្វាយរៀងបាន និងកំពុងធ្វើការជាមួយមេធាវីកីឡាអន្តរជាតិ ដើម្បីប្តឹងទៅឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់គណៈកម្មាធិការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលបានពិន័យទៅលើកីឡាករប្រេស៊ីល Gabriel Silva Costa របស់ខ្លួន។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លិប មានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ កាលពីថ្ងៃទី១ ខែវិច្ឆិកា។
សេចក្តីថ្លែងការណ៍នេះបានសរសរថា៖ «បន្ទាប់ពីមានការចេញលិខិតពិន័យកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយ FFC និងការដាក់ពិន័យជាបន្តបន្ទាប់មកលើកីឡាករ Gabriel Silva Costa។ ក្លិបសូមប្រកាសជាផ្លូវការថា ក្លិបមិនទទួលយកការសម្រេចនេះឡើយ ដោយហេតុផលថា យើងជឿលើ Gabriel ថា គាត់មិនមានបំណងបញ្ចេញពាក្យសម្ដីរើសអើង ឬធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តជាមួយនឹងពាក្យស្លោកនៅលើអាវខាងក្នុងរបស់គាត់ឡើយ ដែលជាហេតុផលឈានទៅដល់ FFC ដាក់ពិន័យដូច្នេះ ដោយគ្រាន់តែយោងទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យនោះទេ»។
ខ្សែប្រយុទ្ធពាក់លេខ៩ Gabriel Silva Costa ត្រូវបានគណៈកម្មាធិការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិន័យមិនឱ្យចូលរួមការប្រកួត ដែលរៀបចំដោយក្រុមហ៊ុន Cambodian Premier League (CPL) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន៦ខែ និងពិន័យជាប្រាក់ចំនួន២លានរៀលទៀត។
ការពិន័យនេះត្រូវបានធ្វើឡើង បន្ទាប់ពីកីឡាករប្រេស៊ីល Gabriel បង្ហាញអំពីសាសនាលើអាវក្នុងរបស់ខ្លួន ដោយសរសេរថា «100% Jesus» ក្នុងអំឡុងពេលខ្សែប្រយុទ្ធរបស់ក្រុមស្វាយរៀងរូបនេះ បានស៊ុតបាល់បញ្ចូលទីទៅលើក្រុមបឹងកេត ក្នុងការប្រកួតលីគកំពូលកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ដោយទង្វើនេះ គឺបានប្រព្រឹត្តខុសពីវិធាន និងបទប្បញ្ញត្តិពាក់ព័ន្ធនឹង «សិទ្ធិមនុស្ស អព្យាក្រឹត និងគ្មានការរើសអើង» របស់ FFC និង CPL។
វិធាន និងបទប្បញ្ញត្តិនេះ បានកំណត់ថា នៅលើអាវ ឬ/និងឯកសណ្ឋានរបស់ក្លិប និងកីឡាករ គឺហាមឃាត់ និងមិនអនុញ្ញាតដាច់ខាតរាល់រូបភាព សារអត្ថបទ ស្លាកសញ្ញា រូបសញ្ញា សកម្មភាពទាំងឡាយណា ដែលបង្ហាញ ផ្សព្វផ្សាយក្នុងន័យផ្ទាល់ឬប្រយោលដល់ការរើសអើង មើលងាយ និងប្រកាន់ប្រទេស សមាគមឬ/និងអង្គការ តំបន់ ភូមិសាស្ត្រ បុគ្គលក្រុម ក្រុមឯកជន ឬជនណាមួយដោយសារ ពណ៌សម្បុរ សញ្ជាតិ ពូជសាសន៍ អំបូរ ជនជាតិ សង្គម ប្រភពដើម ភេទ ពិការភាព ភាសា ជំនឿសាសនា គោលនយោបាយ ទ្រព្យសម្បត្តិ ស្ថានភាព ឬសមាសភាពនៃកំណើត និងផ្សេងៗ។
នៅក្នុងវិធាន និងបទប្បញ្ញត្តិដដែលនេះ បានបញ្ជាក់ថា ក្នុងករណី CPL/FFC បានរកឃើញ ឬ/និងទទួលព័ត៌មានឬ/និងទទួលបានបណ្ដឹងពីបុគ្គលពីក្លិបសមាគមឬក្រុមណាមួយគឺគណៈកម្មាធិការនៃ CPL/FFC និងធ្វើការដាក់ពិន័យទៅលើបុគ្គល ក្លិបសមាគម ឬក្រុមដែលបានប្រព្រឹត្តខុសនោះ (ដោយមិនកំណត់)។
វិធាននេះបានបញ្ជាក់ច្បាស់ថា៖ «ការសម្រេចចិត្តរបស់ CPL/FFC ធ្វើឡើងដោយយុត្តិធម៌និងអព្យាក្រឹត និងមិនមានសិទ្ធិជំទាស់បានឡើយ»។
ទោះបីជាយ៉ាងណា ការពិន័យរបស់គណៈកម្មាធិការវិន័យ FFC ទៅលើកីឡាករ Gabriel Silva Costa ដោយមិនឱ្យចូលរួមការប្រកួតដែលរៀបចំដោយក្រុមហ៊ុន Cambodian Premier League និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជារយៈពេល ៦ ខែ និងត្រូវពិន័យជាប្រាក់ចំនួន ២ លានរៀល ទៀតនេះ គឺសាមីក្លិបព្រះខ័នរាជស្វាយរៀង មិនបានឯកភាពឡើយ ដោយក្លិបមួយនេះបាននិងកំពុងដំណើរការនីតិវិធីក្នុងការប្តឹងជំទាស់ទៅឧទ្ធរណ៍ដើម្បីឱ្យមានការកែប្រែជាថ្មី។
ព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ក្លិបអាចបញ្ជាក់បានថា ឥឡូវនេះយើងបានធ្វើការជាមួយមេធាវីកីឡាអន្តរជាតិដើម្បីប្តឹងឧទ្ធរណ៍ទៅ FFC ហើយយើងបានត្រៀមបញ្ជូនរឿងក្តីនេះបន្តទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ប្រសិនបើចាំបាច់។ ដោយសារនេះ ជាករណីផ្លូវច្បាប់ ក្លិបសូមរក្សាសិទ្ធិមិនធ្វើសេចក្ដីអត្ថាធិប្បាយបន្ថែមឡើយ»។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មីនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានឈ្នះទាំង៩ប្រកួតក្នុងការប្រកួតវិលជុំនៅដំណាក់កាលទី១ និងកំពុងឈរនៅកំពូលតារាងជាបណ្តោះអាសន្ន ដោយមាន ២៧ ពិន្ទុពេញ ហើយតាមពីក្រោយដោយក្រុមភ្នំពេញក្រោន ដែលមាន ២១ ពិន្ទុ ខណៈក្រុមឈរនៅលេខ៣ វិសាខា មានត្រឹម ១៨ ពិន្ទុ និងក្រុមលេខ៤ បឹងកេត មាន ១៣ ពិន្ទុ ស្មើជាមួយក្រុមឈរនៅលេខ៥ ISI ដង្កោសែនជ័យ។ រីឯក្រុមទ័ពនិងព្រៃវែងមាន ១០ ពិន្ទុ ស្មើគ្នា ក្រុមណាហ្គាវើលដ៍មាន ៩ ពិន្ទុ ក្រុមគិរីវង់សុខសែនជ័យ មាន ៥ ពិន្ទុ និងក្រុមឈរនៅបាតតារាងអង្គរថាយហ្គឺរដែលមាន ៤ ពិន្ទុ៕