សៀមរាប ជណ្តើរត្រីដំបូង ដែលសាងសង់អស់តម្លៃជិត ១០ ម៉ឺនដុល្លារ ស្ថិតនៅក្នុងភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីកសាងធនធានជលផលប្រកបដោយនិរន្តរភាពនៅកម្ពុជា។
ពិធីបើកដំណើរការនេះ មានចូលរួមពីឯកអគ្គរដ្ឋទូតអូស្ត្រាលី មន្ត្រីមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផលអាជ្ញាធរមូលដ្ឋាន និងសហគមន៍។
ជណ្តើរត្រីផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងប្រជាជន ដោយសារវាអាចឱ្យត្រីផ្លាស់ទីឡើងចុះដោយសេរីតាមទំនប់ដែលសង់នេះដើម្បីទទួលបានប្រភពអាហារ និងកន្លែង សម្រាប់ពងកូន។ជណ្តើរត្រីនេះគេបានសិក្សាឃើញថា អាចជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលពឹងផ្អែកលើវា។នេះបើយោងតាមសេចក្ដីប្រកាសរបស់ស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១ វិច្ឆិកា ។
ប្រភពដដែលបានឱ្យដឹងថា ជណ្ដើរត្រីគឺជាដំណោះស្រាយដ៏សំខាន់មួយចំពោះបញ្ហាប្រឈមផ្នែកជលផលរបស់កម្ពុជាដែលបណ្ដាលមកពីថាមពលវារីអគ្គិសនីនិងប្រព័ន្ធធារាសាស្ដ្រ ទោះបីថាមពល និងប្រព័ន្ធទាំង២នេះមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចក៏ដោយ តែវាក៏អាចធ្វើឱ្យខូចដល់ផ្លូវទឹកនិងរំខានដល់ត្រីក្នុងការផ្លាស់ទីផងដែរ ។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក ចាស្ទីន វ៉ាយអេត បានថ្លែងថា៖ « ជណ្តើរត្រីភូមិស្លែងនេះ ត្រូវបានគេរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលពីការនេសាទដល់ចំនួន ៥០០០ គ្រួសារ និងជួយអភិរក្សប្រភេទត្រីនានាក្នុងស្រុកជាង ១០០ ប្រភេទ ដែលធ្វើឱ្យវាក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់កម្ពុជា»។
លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រជលផលនិងវិស្វករប្រព័ន្ធធារាសាស្ត្រកម្ពុជា កំពុងធ្វើការជាមួយប្រទេសម្ចាស់ជំនួយ ជាពិសេសប្រទេសអូស្ត្រាលី ដើម្បីជំរុញបច្ចេកវិទ្យាផ្លូវសម្រាប់ត្រីហែលនៅក្នុងតំបន់មេគង្គ។លោកបានឱ្យដឹងថា ជណ្តើរត្រីទី១នៅកម្ពុជានេះមានតម្លៃជិត ១០ ម៉ឺនដុល្លារ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកបានបញ្ជាក់ថា៖ «ការងារនេះមានសារៈសំខាន់ណាស់ សម្រាប់ការពារចំនួនត្រី ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមជនបទក្នុងប្រទេសកម្ពុជា។យើងប្តេជ្ញាធ្វើការជាមួយដៃគូនានា ដើម្បីស្វែងរកដំណោះស្រាយផ្អែកលើវិទ្យាសាស្ត្រដើម្បីរក្សាសេវាប្រព័ន្ធអេកូឡូស៊ីទន្លេសម្រាប់ប្រទេសជាតិ»។
គម្រោងនេះត្រូវបានសាងសង់ឡើងក្រោមការស្រាវជ្រាវនិងផ្តល់មូលនិធិពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (DFAT)។ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះ មានសារៈសំខាន់ ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រជាការសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។
លោកសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិ ACIAR បានថ្លែងថា៖ «ចាប់តាំងពីឆ្នាំ ២០០៦ មក ACIAR បន្តផ្តល់មូលនិធិដល់ការស្រាវជ្រាវដើម្បីការពារស្តុកត្រីទន្លេមេគង្គ ដោយភ្ជាប់ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីសំខាន់ៗជាមួយសមភាគីរបស់ពួកគេនៅកម្ពុជាដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងសន្តិសុខស្បៀង និងថាមពល»។
លោកបានបន្ថែមថា៖«ការច្នៃប្រឌិតដែលត្រូវបានបង្កើតឡើងដោយភាពជាដៃគូស្រាវជ្រាវទាំងនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ជនបទដែលពឹងផ្អែកលើត្រីសម្រាប់សុខភាពនិងសុខុមាលភាពរបស់ពួកគេ ហើយខ្ញុំរីករាយដែលឃើញបច្ចេកវិទ្យានេះ ត្រូវបានពង្រីកបន្ថែមទៀតដើម្បីផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ក្នុងខេត្តសៀមរាប»។
ជណ្ដើរត្រីភូមិស្លែងនៅស្រុកក្រឡាញ់ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីសហគមន៍យ៉ាងសំខាន់ក្នុងដំណាក់កាលរៀបចំគម្រោង និងសាងសង់។ គម្រោងនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើម FishTech ដែលផ្តល់មូលនិធិដោយ ACIAR និង DFAT ស្ថិតក្នុងចំណោមគម្រោងជាច្រើនក្នុងគោលបំណងជួយសម្រួលដល់ការផ្លាស់ទីរបស់ត្រីនៅក្នុងតំបន់មេគង្គក្រោម៕