ភ្នំពេញៈ ​ក្រសួងបរិស្ថាន ​បានប្រកាស​ថ្កោលទោស​បុរស​ម្នាក់​ ដែល​បាន​យក​ដំបង​ឈើ​វាយ​សម្លាប់សត្វ​ឈ្លូស​ ១​ ក្បាល ជា​ប្រភេទ​សត្វព្រៃ​ ដែល​ត្រូវ​អភិរក្ស​ និង​ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្វែងរក​ជន​ប្រព្រឹត្ត​បទល្មើស​យក​ផ្តន្ទាទោស​តាមច្បាប់​ដោយ​គ្មាន​ការលើកលែង​។​

​ការ​ថ្កោលទោស​នេះ បន្ទាប់ពី​បុរស​ម្នាក់​យក​ដំបង​ឈើ​វាយ​សម្លាប់សត្វ​ឈ្លូស​ដែល​ប្រឹង​ហែល​ក្នុង​ទឹកសមុទ្រ​ឡើងលើ​គោក នៅ​ឆ្នេរ​កុក​ហាវ ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង កាលពី​ថ្ងៃ​២៥ ខែតុលា ឆ្នាំ​២០២៣​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងបរិស្ថាន ចុះ​ថ្ងៃទី​១ ខែវិច្ឆិកា បានធ្វើការ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​បុគ្គល​ដែល​បាន​វាយ​សម្លាប់សត្វ​ឈ្លូស ១​ក្បាល ជា​ប្រភេទ​សត្វព្រៃ​ដែល​ត្រូវ​អភិរក្ស ដោយ​សង្កត់ធ្ងន់ថា គឺជា​ទង្វើ​ល្មើសច្បាប់​។​

​ជាមួយគ្នានេះ ក្រសួងបរិស្ថាន ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្វែងរក​ជន​ប្រព្រឹត្ត​បទល្មើស​យក​ផ្តន្ទាទោស​តាមច្បាប់​ស្ដីពី តំបន់ការពារធម្មជាតិ ដោយ​គ្មាន​ការលើកលែង​។

​ក្រសួងបរិស្ថាន ក៏​បន្ត​អំពាវនាវ​ដោយ​ទទូច​ដល់​ប្រជាពលរដ្ឋ​គ្រប់គ្នា កុំ​សម្លាប់ កុំ​ជួញដូរ និង​កុំ​បរិភោគ​សត្វព្រៃ ដោយ​ត្រូវ ចូលរួម​ថែរក្សា ការពារ អភិរក្ស​ធនធានធម្មជាតិ និង​សត្វ ដែលជា​សម្បត្តិ​ធម្មជាតិ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​លោក ហ៊ុន ម៉ា​រ៉ា​ឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង និង​លោក គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​បានទេ​នៅត្រឹម​ថ្ងៃទី២ ខែវិច្ឆិកា​នេះ​។​

​យ៉ាងណាមិញ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បានឱ្យដឹងថា មុខសញ្ញា​សង្ស័យ ដែល​បាន​វាយ​សម្លាប់សត្វ​ឈ្លូស​កំពុង​ហែល​ទឹក នៅ​ឆ្នេរ​កុក​ហាវ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​។ ជនសង្ស័យ​ឈ្មោះ តាន់ អូ​ខុង ហៅ​ក្រៅ អូ​ខុង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មាន​ស្រុកកំណើត ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ និង​មាន​មុខរបរ សន្តិសុខ ។​

​ជាមួយគ្នានេះ​លោកស្រី បាន​កោតសរសើរ​ដល់​កម្លាំង​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​កំណត់​មុខសញ្ញា​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

​មុន​ឈានដល់​កំណត់​មុខសញ្ញា​នេះ អភិបាលខេត្ត​កោះកុង បានប្រកាស​លើកទឹកចិត្ត​ជា​ថវិកា​ចំនួន ៤​លាន​រៀល ដល់​អ្នក​ដែល​បាន​ផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌ នេះ ហើយ​ចំពោះ​អ្នក​ដែល​បានផ្តល់​ព័ត៌មាន​នេះ​នឹង​រក្សា​ទុកជា​ការសម្ងាត់​។​

​លោកស្រី​បាន​សង្កត់ធ្ងន់ថា​៖«​ពាក់ព័ន្ធ​ករណី​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​មិន​គ​ប្បី ខ្វះ​សីលធម៌ អគតិ​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​គួរឱ្យ​ស្អប់ខ្ពើម​បំផុត បាន​យក​ដំបង​ជ្រុង​វា​យសំពង​ក្បាល​កូន​ឈ្លូស​ដែល​កំពុង​ហែល​ទឹក​ទៅរក​ដីគោក បណ្តាលឱ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​ហ្នឹង​កន្លែង​»​។​

​នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ (WWF) លោក សេង ទៀក នៅ​ថ្ងៃទី​២ ខែវិច្ឆិកា​នេះ បាន​ថ្លែងប្រាប់​ដោយ​ចាត់ទុកថា​នេះ​គឺជា​ទង្វើ​អសីលធម៌​ចំពោះ​សត្វព្រៃ​។ លោក​ថា​៖«​គ្នា​អត់​មាន​ផ្លូវ​នឹងត្រូវ​ទៅ ខំប្រឹង​ហែល​ទឹក​ដើម្បី​រួច​ជីវិត​ស្រាប់តែ​ទៅ​វាយ​គ្នា​នៅក្នុង​ទឹក​ដែល​គ្នា​គ្មាន​សិទ្ធិ​ទៅមុខ​ក៏​មិនកើត ថយក្រោយ​ក៏​មិនកើត​។ ខ្ញុំ​ក៏​សូម​ធ្វើការ​ថ្កោលទោស​ផងដែរ ចំពោះ​ទង្វើ​នេះ​»​។​

​លោក សេង ទៀក ដែល​បាន​ចំណាយពេល​ជាង ២៥​ឆ្នាំ​ចូលរួម​លើ​ការងារ​អភិរក្ស​សត្វព្រៃ ធនធាន​ជាតិ​នៅ​កម្ពុជា បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​ចេះ​ស្រឡាញ់ និង​ការពារ​សត្វព្រៃ ព្រោះ​ជាម​រតក​ធម្មជាតិ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​បញ្ឈប់​ជាបន្ទាន់​នូវ​ទង្វើ​អមនុស្សធម៌​បែបនេះ ទាំង​ការដាក់​អន្ទាក់ ការជួញដូរ និង​បរិភោគ​សាច់សត្វ​ព្រៃ​នៅ​ទូទាំងប្រទេស​៕