ដើម្បី​អបអរខួប ៧០ ឆ្នាំ​នៃឯករាជ្យ​របស់​កម្ពុជា ស្ថានទូត​បារាំង និងវិទ្យាស្ថាន​បារាំង​នៅកម្ពុជា ដោយសហការ​ជាមួយ​សារមន្ទីរ​សេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​អភិវឌ្ឍន៍​(IRD) នឹងរៀបចំ​ព្រឹត្តិការណ៍​នានា​ដើម្បី​អបអរ​ចំណង​ពិសេស ដែលផ្សារភ្ជាប់​ប្រទេស​ទាំងពីរ តាមរយៈ​ការតាំង​ពិព័រណ៍ សន្និសីទ និងការបញ្ចាំង​ភាពយន្ត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំកម្ពុជា បានឱ្យដឹង​ថា ព្រឹត្តិការណ៍​ទាំងនោះ​រួមមាន​ចាប់ពី​ថ្ងៃទី៨ ខែវិច្ឆិកា គឺមាន​ពិព័រណ៍ «១៩៥៣៖ បារាំង-កម្ពុជា ការចាប់ផ្តើមថ្មី» នឹងធ្វើ​ឡើងនៅ​សារមន្ទីរ​ព្រះស្រីឦសានវរ្ម័ន ដើម្បី​បង្ហាញ​ពីប្រវត្តិសាស្រ្ត​នៃឯករាជ្យ​របស់​កម្ពុជា​ក្រោយ​សម័យ​អាណាព្យាបាល​បារំាង និងការអភិវឌ្ឍ​ប្រទេសកម្ពុជា​ក្នុងរយៈពេល ២ ទសវត្សរ៍​ក្រោយមក។

សេចក្តីប្រកាស​បន្តថា៖«នោះគឺជា​ឯករាជ្យមួយ​ដែល​សម្តេច​ព្រះវរ​រាជបិតាជាតិ​ខ្មែរ​ទាមទារបាន ដោយមិនបាន​បង្ហូរ​ឈាមមួយ​តំណក់ឡើយ។ ការទទួល​បានឯករាជ្យ​នេះ​មិនមែនជា​ការកាត់ផ្តាច់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២​ទេ។ ផ្ទុយទៅវិញ ពិព័រណ៍នេះ​នឹងបង្ហាញ​ថា សម័យ​កាលក្រោយ​ឆ្នាំ១៩៥៣ បានឆ្លុះបញ្ចាំង​ឱ្យឃើញ​ពីការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រហូត​ដល់​អំឡុង​ដើម​ឆ្នាំ១៩៧០»។

នៅថ្ងៃទី៨ ខែវិច្ឆិកា​ខាងមុខ​នេះ ក៏មាន​ការសម្ពោធ​ពិព័រណ៍មួយទៀត​ផងដែរ​នៅលើ​របង​ស្ថានទូត​បារាំង ដែលមាន​ចំណងជើង​ថា «កម្ពុជា មើលពី​លម្ហអាកាស - ៧០ ឆ្នាំ នៃកិច្ចសហ​ប្រតិបត្តិការ»។ ពិព័រណ៍នេះ​រៀបចំ​ឡើងដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​អភិវឌ្ឍន៍ (IRD) ដោយផ្អែក​លើការងារ​ធ្វើឡើង​ក្នុងភាព​ជាដៃគូ​ជាមួយ​ស្ថាប័ន​សាកលវិទ្យាល័យ​សំខាន់ៗ​របស់​កម្ពុជា។

តាមរយៈ​រូបភាព​ថត​ពីលើ​អាកាស និងរូបភាព​ផ្កាយ​រណប​ធ្វើឡើង​ក្នុងអំឡុង​ពេល​ ៧០ ឆ្នាំ​ចុងក្រោយនេះ ពិព័រណ៍​ខាងលើ​នឹងបង្ហាញ​ពីការប្រែប្រួល​នៃ​សណ្ឋានដី និងការវិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។

វាក៏បង្ហាញផងដែរ​ថា​តើបច្ចេកទេស​សង្កេត​មើលផែនដី​អាចឱ្យ​គេឆ្លើយតប​កាន់តែប្រសើរ​ទៅនឹង​បញ្ហាប្រឈម​នៃការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដោយរបៀបណា។

ចំពោះ​ភាពយន្ត​វិញ ពីថ្ងៃ​ទី៨ ដល់ថ្ងៃ​ទី១១ ខែវិច្ឆិកា វិទ្យាស្ថាន​បារាំង​នៅកម្ពុជា​នឹងចាក់​បញ្ចាំង​ភាពយន្ត​និយាយ​ភាសាបារាំង​ចំនួន ៤ ពាក់ព័ន្ធនឹង​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា និងប្រទេស​ដទៃទៀត​នៃអតីត​ឥណ្ឌូចិន-បារាំង។ ការចាក់បញ្ចាំង​ភាពយន្ត​ទាំងនេះ​នឹងប្រព្រឹត្តទៅ​ដោយមានវត្តមាន​របស់​សមិទ្ធិករ Philippe Fréling ដែលកំពុង​ស្នាក់នៅ​រាជធានី​ភ្នំពេញ។

ជាកិច្ចបញ្ចប់ សន្និសីទ​នានា​នឹងត្រូវរៀបចំ​ឡើងនៅ​វិទ្យាស្ថាន​បារាំង ដោយមាន​ការចូលរួម​ពីសំណាក់​ប្រវត្តិវិទូ Marie Aberdam ជាគ្រូ​បង្រៀន និងអ្នកស្រាវជ្រាវ​នៅវិទ្យាស្ថាន​ជាតិ​ភាសា និងអរិយធម៌​បូព៌ា​ប្រទេស (Inalco)។

ចំណែកនៅ​ថ្ងៃទី៥ ខែធ្នូ សន្និសីទទី១ ​នឹងផ្តោត​លើ​បរិបទ តួអង្គ និង​ដំណាក់កាល​នានា​ដែលនាំ​ឱ្យ​កម្ពុជា​ទទួលបាន​មកវិញ​នូវ​ស្វ័យភាព ចាប់តាំង​ពីការលេចឡើង​នូវចលនា​ជាតិ​និយម​ខ្មែរ​ក្នុង​ឆ្នាំ១៩៣០ រហូត​ដល់​ការទទួលបាន​អធិបតេយ្យភាព​ពេញលេញ​ក្រោយ​សន្និសីទ​ក្រុង​ហ្សឺណែវ (ឆ្នាំ១៩៥៤) ដែលបាន​បញ្ចប់​សង្រ្គាម​ឥណ្ឌូចិន​ទី១។ ចំណែក​សន្និសីទទី២​ នៅថ្ងៃ​ទី១២ ខែធ្នូ នឹងផ្តោត​លើ​«ការចងចាំ​របស់​កម្ពុជា​អំពីការ​ធ្វើ​អាណានិគម»។

ពិព័រណ៍នេះ​នឹងបង្ហាញ​ពីការដាក់​អាណានិគម​នៅ​កម្ពុជា និងទំនាក់ទំនង​រវាង​ប្រវត្តិសាស្រ្ត និងការចងចាំ​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន។ សន្និសីទ​ទាំងពីរនេះ​នឹងធ្វើ​ឡើង​ជាភាសា​បារំាង ដោយមាន​ការបកប្រែ​ជាភាសា​ខ្មែរ៕