ក្រសួង​មហាផ្ទៃ កំពុងពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ថា​តើ​សេវាសាធារណៈ​អ្វីខ្លះ​ទៀត ដែល​គួរទម្លាក់​ទៅថ្នាក់ក្រោម​ជាតិ ខណៈ​ក្រសួង​ជំរុញ​រដ្ឋបាល​ខេត្ត-ក្រុង បន្តធ្វើ​កំណែទម្រង់​ច្រកចេញចូល​តែមួយ ដើម្បី​ផ្ដល់​សេវាជូន​ប្រជាពលរដ្ឋ​ឱ្យកាន់តែ​មាន​ប្រសិទ្ធភាព។

ក្នុងឱកាស​អញ្ជើញ​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​បាត់ដំបង និងអង្គភាព​ចំណុះ កាលពី​ថ្ងៃទី២ខែវិច្ឆិកា លោក ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ថា ច្រកចេញចូល​តែមួយ​ជាអាទិភាពមួយ​ដែលត្រូវផ្ដោត​ការយក​ចិត្តដាក់ ខណៈ​លោកជំរុញ​និងលើកទឹកចិត្ត​ដល់​រដ្ឋបាល​ខេត្ត និងអង្គភាព​ច្រកចេញចូល​តែមួយផ្ទាល់ គប្បី​យកចិត្ត​ទុកដាក់​ក្នុងប្រតិបត្តិការ​របស់ខ្លួន​ជាអ្នក​ផ្ដល់​សេវាសាធារណៈ​ជូនប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន។ នេះបើតាម​ហ្វេសប៊ុក​របស់​ក្រសួង​មហាផ្ទៃ។

លោកបន្ត​ថា៖«កំណែទម្រង់​លើការងារ​ច្រកចេញចូល​តែមួយ​ត្រូវចាប់​ផ្ដើម​ធ្វើដោយ​ចាប់ផ្ដើម​ពីដើម​ទីនេះ​ទៅ មិនអាច​អូសបន្លាយ​ពេលនោះទេ ព្រោះ​ការវិវត្ត​នៃបច្ចេកវិទ្យា​ផង ពិសេស​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ជាត្រីមុខ ដែល​កំពុងមាន​សម្ទុះគាំទ្រ​ការផ្ដល់​សេវា​របស់​មន្ត្រី​ជាប្រតិបត្តិករ។ ក្នុងនោះ​ភាពងាយស្រួល​នៃការទទួល​សេវា ជាគន្លឹះ​ដែលត្រូវ​ដោះស្រាយ ពោលគឺ​សម្រួចយន្តការ​ផ្ដល់សេវា​ឱ្យបាន​កាន់តែច្រើន និងលឿន​រហ័ស​តាម​ប្រព័ន្ធ​ឌីជីថល»។

បើតាម​លោក ស សុខា ក្រសួង​មហាផ្ទៃ ក៏នឹងបន្ត​សិក្សាដូចគ្នា រួមជាមួយ​ក្រសួង​ស្ថាប័ន​វិស័យផ្សេងៗ ថា​តើសេវា​អ្វីខ្លះ​ទៀត ដែល​គួរទម្លាក់​ទៅថ្នាក់​ក្រោមជាតិ ដើម្បី​បន្ត​ផ្ដល់​ជូនអ្នកមាន​តម្រូវការ។

ក្រោយពីបាន​ពិនិត្យ​ច្រកចេញចូល​តែមួយ​ខេត្ត​បាត់ដំបង លោកបាន​កត់សម្គាល់​ឃើញ​ថា ដំណើរការ​បានល្អ​ប្រសើរ​បន្តិចម្ដងៗ តែក៏ពុំ​ត្រូវស្កប់ស្កល់​នឹងអ្វី​ដែលទទួល​បាននាពេលនេះ​ត្រឹមប៉ុណ្ណឹង​នោះទេ។ លោកលើក​ទឹកចិត្ត​ដល់​រដ្ឋបាល​ខេត្ត និងអង្គភាព​ច្រកចេញ​ចូលតែមួយ បន្ត​សិក្សាស្រាវជ្រាវ​ដកស្រង់​បញ្ហា​ខ្វះចន្លោះ​នានា​ដើម្បី​រកមូលហេតុ​នៃដំណើរ​រអាក់រអួល​ក្នុងការផ្ដល់​ជូន​ប្រជាពលរដ្ឋ។

គួរជម្រាប​ថា គិតពី​ឆ្នាំ២០១៨ មកទល់​នឹងខែ​កញ្ញា ឆ្នាំ២០២៣ ច្រកចេញចូល​តែមួយ​រាជធានី​ខេត្ត បានផ្ដល់​សេវា​សរុប​ជាង ៣ លាន​សេវា។ បើគិតក្នុង​រយៈពេល ៩ ខែ ក្នុង​ឆ្នាំ២០២៣​នេះ អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ខេត្ត ផ្ដល់​សេវាជូន​ប្រជាពលរដ្ឋ​បាន​ជាង ៥៦ ម៉ឺន​សេវា។

ដោយឡែកនៅថ្ងៃ​ដដែលនោះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ស្នងការ​ដ្ឋាននគរ​បាល​ខេត្ត​បាត់ដំបង មេបញ្ជាការ​វរព្រំដែន អធិការ និងនាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល លោក ស សុខា បានណែនាំ​ដល់​នគរបាល​ឱ្យ​បំពេញ​ភារកិច្ច​ផ្ដល់ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ និងកុំពាក់ព័ន្ធ​គ្រឿងញៀន។

លោករដ្ឋមន្រ្តី​បានសង្កត់ធ្ងន់​ថា៖«កងកម្លាំង​នគរបាល​ជាតិ ខុសពី​ប្រជាពលរដ្ឋ​ធម្មតា ដែលត្រូវ​គោរព​វិន័យ អនុវត្ត​បទបញ្ជា និងបំពេញ​តួនាទី​ភារកិច្ច ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ ជាពិសេស ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម។ ដូច្នេះ​រាល់ការ​បំពេញ​ភារកិច្ច គប្បី​ចៀស​ឱ្យ​ឆ្ងាយ​កុំពាក់ព័ន្ធនឹង​គ្រឿងញៀន។ ករណី​រកឃើញ​នគរបាល​រូបណា​ជាប់ទាក់ទិន​នឹងបទ​ល្មើស​គ្រឿងញៀន ក្រសួង​នឹងអនុវត្ត​វិន័យ​តឹងរ៉ឹង​បំផុត ដោយ​អាចបណ្ដេញ​ចេញ​ពីក្របខ័ណ្ឌ​ជាដើម»៕