វៀតណាម ​ស្នើ​កម្ពុជា បន្តគាំទ្រ​ និងជំរុញ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​នានា ដែលប្រទេស​ទាំង២ បានចុះ​ហត្ថលេខា​កន្លងមក ខណៈ​កម្ពុជា ​ស្នើ​ឱ្យ​វៀតណាម បន្ត​ជួយ​សម្របសម្រួល​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ការវិនិយោគ និង​ទេសចរណ៍ ដើម្បី​លើកកម្ពស់​និងផ្តល់​ប្រយោជន៍​ទាំង​សងខាង។

សំណើ​ទៅវិញទៅមក​ខាងលើនេះ ត្រូវបានលើកឡើង​នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​ប្រធាន​រដ្ឋសភា​កម្ពុជា​លោកស្រី ឃួន សុដារី និងលោក ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និងពេញ​សមត្ថភាព​នៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​នៅកម្ពុជា នៅថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៣។

បើតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​រដ្ឋ​សភា​កម្ពុជា ក្នុងជំនួបនោះ លោកស្រី ឃួន សុដារី បានស្នើ​វៀតណាម បន្តជួយ​សម្របសម្រួល​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាង​ប្រទេសទាំង២​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ផលប្រយោជន៍​ទាំង​សងខាង ក៏ដូចជា​ការធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​មានលទ្ធភាព​អភិវឌ្ឍ​ប្រទេស​ជាតិ នៅក្នុងនោះ​មានការលើក​កម្ពស់​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ខ្លួន​នៅតាម​ខេត្ត​ជាប់ព្រំដែន​ឱ្យបាន​ប្រសើរឡើង។

ចំណែក លោក ង្វៀន ហ៊ុយ តាំង បានថ្លែង​ការកោត​សរសើរ​ចំពោះ​សមិទ្ធផល​ជាច្រើន ដែល​កម្ពុជា​សម្រេចបាន​នារយៈពេល​ចុងក្រោយនេះ បន្ទាប់ពី​បានបើក​ប្រទេស ស្តារសេដ្ឋកិច្ច​ឡើងវិញ ក្រោយពី​ការរាតត្បាត​ជំងឺ​កូវីដ១៩ ក្រោមគោលការណ៍​ទប់ស្កាត់​កូវីដ១៩ និងយុទ្ធនាការ​ចាក់វ៉ាក់សាំង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល។ លោកបានលើកឡើង​ថា រាជ​រដ្ឋាភិបាល និងរដ្ឋសភា​នីតិកាល​ទី៧ បានចេញ​ដំណើរដោយ​ភាពស្វាហាប់ និងច្បាស់លាស់​ដែលនឹងនាំ​មកនូវ​ជោគជ័យ​ធំៗ​ជាច្រើន​ទៀត​ជូន​ជាតិ​និងប្រជាជន ជាពិសេស​ការអភិវឌ្ឍ​សេដ្ឋកិច្ច លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ បានកាន់តែ​ប្រសើរឡើង។

ជាមួយគ្នានេះ លោកក៏បាន​លើកជា​សំណូមពរ​ជូន​ប្រធាន​រដ្ឋសភា​កម្ពុជា បន្ត​គាំទ្រ​និងជំរុញ​ដល់ការអនុវត្ត​កិច្ចព្រមព្រៀង​នានា ដែលប្រទេស​ទាំង២​បានចុះហត្ថលេខា​កន្លងមក​និងបន្តពង្រឹង​ពង្រីក​ទំនាក់ទំនង ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គណៈប្រតិភូ​រដ្ឋសភា​ប្រទេស​ទាំង២ ឱ្យ​បាននៅ​គ្រប់កម្រិត។

លោកស្រី ឃួន សុដារី ក៏បានថ្លែង​ការកត់សម្គាល់​ថា ឈរលើ​មូលដ្ឋាន​នៃចំណងទាក់ទង​រវាង​ប្រទេស​ទាំងពីរ ទោះបីជា​សភាពការណ៍​ជាតិ តំបន់ និងពិភពលោក​មានការវិវត្ត ប្រែប្រួល និងផ្លាស់ប្តូរ​យ៉ាងណាក៏ដោយ តែចំណង​មិត្តភាព​ជាប្រពៃណី​ដែលបានចាក់ឬស​យ៉ាងជ្រៅ រវាង​កម្ពុជា​និងវៀតណាម​នៅតែបន្ត​ឈរ ស្ថិតស្ថេរ​យ៉ាងរឹងមាំ និងលូតលាស់​ទ្វេឡើង​ថែមទៀត ទាំងក្របខ័ណ្ឌ​នីតិ​ប្បញ្ញត្តិ​និងនីតិ​ប្រតិបត្តិ។

លោកស្រី​ថា៖‍«ទោះបីក្នុង​អំឡុង​ពេល​រីករាលដាល​នៃជំងឺ​កូវីដ១៩​ក្តី ក៏រដ្ឋ​សភា​នៃប្រទេស​ទាំង២​នៅតែ​បានបន្ត​ទំនាក់ទំនង​និងធ្វើ​សកម្មភាព​សំខាន់ៗ​ជាមួយគ្នា និងបានគាំទ្រ​គ្នាទៅវិញ​ទៅមក ទាំងក្នុង​ក្របខ័ណ្ឌ​សភា​តំបន់ និងសកលលោក រួមមាន AIPA, IPU, APPF, និង APF ជាដើម»។

បើតាម​សេចក្តីប្រកាស​ដដែល ប្រធាន​រដ្ឋសភា​កម្ពុជា នឹងដឹកនាំ​គណៈប្រតិភូ​ទៅទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព ទៅកាន់​ប្រទេស​វៀតណាម នាចុង​ខែវិច្ឆិកា​ខាងមុខ ដោយសង្ឃឹម​ថា​នឹងចូលរួម​ចំណែក​ដល់ការពង្រឹង​ពង្រីក​ចំណង​មិត្តភាព និងកិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​រីកលូតលាស់​បន្ថែមទៀត៕

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។ហ៊ាន រង្សី

លោក​ ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន កបប​។ រូបថត CCF