ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យប្រជាពលរដ្ឋបារម្ភទៅលើស្ថានភាពបំណុលសាធារណៈឬបុលជាតិ ដោយលោកអះអាងថា វាមិនអាចឈានទៅដល់វ័ណ្ឌកឡើយ ខណៈកម្ពុជាខ្ចីបុលពីបរទេសយកមកប្រើប្រាស់ក្នុងន័យសេដ្ឋកិច្ច មិនមែនយកមកទិញសម្ភារប្រើប្រាស់ឡើយ។ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលបានធ្វើឡើងតាមរយៈសុន្ទរកថានៅក្នុងពិធីសំណេះសំណាលជាមួយកម្មករជិត ២ ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ក្នុងពិធីនោះ លោកអះអាងថា កន្លងមករូបលោករួមទាំងឪពុករបស់លោកជាអតីតនាយករដ្ឋមន្ត្រី តែងទទួលរងការរិះគន់ជុំវិញការខ្ចីបុលពីបរទេស។ លោកបានបញ្ជាក់ថា៖ «កម្ពុជាមិនខ្ចីគេរហូតដល់វ័ណ្ឌកនោះឡើយ ហើយខ្ចីមកដើម្បីបម្រើដល់សេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ។ ដើម្បីប្រយោជន៍រួម យើងមិនមែនបាត់អធិបតេយ្យទៅប្រទេសណាទេ»។
លោកបានលើកឡើងថា ស្ទើរតែគ្រប់ប្រទេសលើពិភពលោកសុទ្ធតែមានបំណុលជាប់ខ្លួន បើមិនជំពាក់បំណុលបរទេស ក៏ជំពាក់ពលរដ្ឋខ្លួនឯងដែរ តួយ៉ាងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងបារាំង ក៏មានបំណុលជាប់ខ្លួនដែរ ប៉ុន្តែក្នុងបំណងវិនិយោគ។
លោកបានបន្តថា សម្រាប់កម្ពុជាក៏ដូចគ្នា កម្ពុជាខ្ចីលុយបរទេសយកមកវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធធំៗ ដើម្បីធ្វើឱ្យដំណើរការសេដ្ឋកិច្ចលូតលាស់ដែលស្តែងឡើងតាមរយៈស្ពាន ផ្លូវថ្នល់ ប៉ុន្តែនៅតែមានមតិរិះគន់លោកនិងអតីតនាយករដ្ឋមន្ត្រីឥតឈប់ថា ការខ្ចីនេះនាំកម្ពុជាបាត់អធិបតេយ្យ តួយ៉ាងកម្ចីចិនជាដើម។
គួរបញ្ជាក់ថា ក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញរបាយការណ៍នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ ក្រោយបំពេញទស្សនកិច្ចរយៈពេលជិតកន្លះខែនៅកម្ពុជាហើយលើកឡើងថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាកើតឡើងក្នុងកម្រិតមធ្យម ប៉ុន្តែហានិភ័យនៃវិបត្តិបំណុលនៅកម្រិតទាបនៅឡើយ ប៉ុន្តែស្ថានភាពបំណុលឯកជនទៅវិញទេដែលទាមទារឱ្យរដ្ឋាភិបាលត្រួតពិនិត្យឱ្យបានល្អិតល្អន់។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលទើបបានអានរបាយការណ៍ថ្មីៗស្តីពីបញ្ហាបំណុលដែរនោះ លើកឡើងថា ពិតានបំណុលសាធារណៈរបស់កម្ពុជានៅមានកម្រិតហានិភ័យទាបនៅឡើយ ដោយសារកម្ពុជាមានវិន័យក្នុងការប្រើប្រាស់បំណុលតួយ៉ាងយកមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលបម្រើដល់ការលូតលាស់សេដ្ឋកិច្ច។
លោកថ្លែងថា៖ «បើយើងខ្ចីមកប្រើប្រាស់ខ្ជះខ្ជាយ ទើបអាចកើតមានហានិភ័យ ហើយរដ្ឋាភិបាលបានបង្វិលថវិកាសងម្ចាស់វិញទាំងប្រាក់ដើមនិងការប្រាក់ជាប្រចាំមិនដែលខកខានឡើយ បើតាមរបាយការណ៍ខ្ញុំទទួលបាន»។
លោកថា កន្លងមកសាធារណជនសម្តែងការព្រួយបារម្ភចំពោះអន្ទាក់បំណុលបរទេស គឺដោយសារពលរដ្ឋមិនយល់ពីបែបបទខ្ចី និងសងបំណុលហើយជឿតាមការញុះញង់ និងបំផុសបំផុលពីអ្នកនយោបាយដែលមានចេតនាកេងចំណេញប្រជាប្រិយ ដែលការណ៍នេះទាមទារឱ្យរដ្ឋាភិបាលពន្យល់ពលរដ្ឋបន្ថែមទៀត។
សម្រាប់លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពបានថ្លែងថា ការបារម្ភរបស់សាធារណជនពីបញ្ហាបំណុលជារឿងធម្មតា ខណៈពិភពលោកកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ហើយកម្ពុជាចេះតែបន្ថែមកម្រិតបំណុលសាធារណៈ។
ទោះយ៉ាងណា ការខ្ចីបំណុលមកប្រើជាប្រយោជន៍សេដ្ឋកិច្ចជារឿងល្អ និងចាំបាច់មួយ។ លោកបន្តថា៖ «នៅក្នុងរឿងបំណុលនេះ រដ្ឋាភិបាលគួរគិតគូរពង្រឹងអភិបាលកិច្ច ដើម្បីកុំឱ្យប្រាក់កម្ចីធ្លាក់ទៅក្នុងអំពើពុករលួយ ហើយលុយកម្ចីមិនអាចអនុវត្តតាមផែនការកំណត់ ធ្វើឱ្យយើងខាតបង់ធ្ងន់ធ្ងរ ហើយអាចឈានទៅដល់ស្ថានភាពបំណុលវ័ណ្ឌកដែរ»។
ជាមួយគ្នានេះ លោកស្នើឱ្យរដ្ឋាភិបាលទទួលយកប្រាក់កម្ចីពីប្រទេសណា ឬស្ថាប័នណាដែលមានការប្រាក់ទាប ហើយខ្ចីក្នុងទំហំដែលប្រទេសអាចមានលទ្ធភាពសង ឬនិយាយជារួមមានតម្លាភាព និងតុល្យភាព ទាំងការខ្ចី និងការយកមកប្រើប្រាស់ ចៀសវាងកើតជាវិបត្តិសម្រាប់កូនចៅជំនាន់ក្រោយពីបញ្ហាបំណុលជាតិនេះ។
គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបប្រមាណ ១០,២៧ ពាន់លានដុល្លារអាមេរិកក្នុងនោះ ៩៩,៥៩ ភាគរយ ជាបំណុលខ្ចីពីបរទេសនិងរង្វង់ ០,៤១ ភាគរយ ជាបំណុលសាធារណៈក្នុងស្រុក។ នេះបើផ្អែកតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចេញផ្សាយកាលពីខែមិថុនា។
ក្នុងបំណុលទាំងជាង ១០ ពាន់លានដុល្លារនេះ ៤៣ ភាគរយជាដុល្លារអាមេរិក, ២១ ភាគរយជាអេសដេអ៊ែរ, ១២ ភាគរយជាយន់ចិន, ១១ ភាគរយជាយ៉េនជប៉ុន, ៧ ភាគរយជាអឺរ៉ូ និង ៦ ភាគរយទៀតជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។
ជុំវិញបញ្ហាបំណុលនេះដែរលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់អះអាងថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្នស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ទោះបីកម្ពុជាបានរងគ្រោះពីវិបត្តិកូវីដ ១៩ និងឥទ្ធិពលអវិជ្ជមានពីខាងក្រៅក្តី៕