បន្ទាយមានជ័យៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ជំរុញដល់មន្ត្រីមានសមត្ថកិច្ច ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីប្រែក្លាយទីតាំងនេះ ជាកន្លែងផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព សោភណភាព អនាម័យ សន្តិសុខល្អ ដែលនាំមកនូវកិត្យានុភាពជាតិ។
ការជំរុញនេះធ្វើឡើងក្នុងឱកាសលោកបានចុះជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលជាតិប្រចាំប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោក ស សុខា បានជំរុញទៅកាន់មន្ត្រីមានសមត្ថកិច្ចទាំងអស់ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវមានស្មារតីលះបង់ខ្ពស់ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះ កំពុងធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិបានពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ។
លោក ស សុខា បញ្ជាក់ថា៖ «ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ កំពុងទទួលលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការដឹកទំនិញចេញចូលដែលតម្រូវឱ្យមន្ត្រីផ្តល់សេវាកម្ម ត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាប្រកបដោយស្នាមញញឹមរាក់ទាក់ បង្កើនសមត្ថភាពផ្តល់សេវារហ័សទាន់ចិត្ត ប្រកបដោយទំនុកចិត្ត មានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរសម្រាប់ភ្ញៀវ»។
លោកក៏បានលើកឡើងពីបញ្ហាជាអាទិភាពមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ធ្វើឱ្យមានវឌ្ឍនភាព កាន់តែល្អប្រសើរ ពោលគឺបញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែនពិសេសក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនេះ។
លោកនិយាយថា៖ «ត្រូវបង្កើនប្រសិទ្ធភាពផ្តល់សេវាច្រកចេញចូលតែ ១ ដែលគួរសិក្សាបង្កើតអគារឬបន្ទប់ផ្តល់សេវា ច្រកចេញចូលតែ ១ ងាយស្រួលសម្រាប់មហាជនទូទៅទទួលសេវាកម្ម។ ក្នុងនោះផងដែរ ត្រូវគ្រប់គ្រងគន្លងផ្លូវចេញចូលសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ និងច្រកសម្រាប់ចេញចូលទំនិញឱ្យមានលំហូរជាក់លាក់»។
ចំណែកបញ្ហាសំខាន់មួយទៀតនោះ គឺការផ្តល់ឯកសារធ្វើយ៉ាងណាឱ្យប្រាដកថា មានភាពងាយស្រួលជាងពេលកន្លងទៅ ពោលគឺកាត់បន្ថយភាពយឺតយ៉ាវសម្រាប់ភ្ញៀវ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក យង់ គឹមអេង មានប្រសាសន៍ថា ការជំរុញលើផ្នែកសន្តិសុខអនាម័យ សោភណភាពជារឿងល្អ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺជំរុញលើការងារតម្លាភាពកុំឱ្យមានអំពើពុករលួយនៅតាមច្រកព្រំដែន។
លោកថា៖«បើសិនជាយើងនៅមានអំពើពុករលួយ គ្មានអ្នកទេសចរចង់មកស្រុកខ្មែរទេ ហើយប្រជាជនខ្មែរដែលឆ្លងកាត់ក៏មានការថប់អារម្មណ៍ដែរ។ សម្រាប់ខ្ញុំយល់ថា រឿងនេះគួរតែចាត់វិធានការឱ្យបានសមស្រប ហើយការធានាសន្តិសុខក៏ជារឿងចាំបាច់ដែរ»។
បន្ថែមពីនេះលោក យង់ គឹមអេង លើកទឹកចិត្តថា៖ «បើសិនមន្ត្រីណាមិនអើពើចំពោះអនុសាសន៍ មិនអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ គួរដកចេញ ព្រោះថ្នាក់លើដាក់មកដើម្បីធានាសន្តិសុខជូនពលរដ្ឋ អ្នកទេសចរ ហើយបើគាត់ធ្វើមិនបានល្អ មានតែដកចេញជំនួសដោយមន្ត្រីដែលពូកែវិញ»។
យ៉ាងណាមិញ លោករដ្ឋមន្ត្រីមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធកន្លងទៅ បច្ចុប្បន្ន និងការបង្កើនប្រសិទ្ធភាពការងារនាពេលអនាគតបន្តទៅមុខទៀត។ ជាមួយគ្នានឹងវឌ្ឍនភាពនៃអគារ និងហេដ្ឋារចនាសម្ព័ន្ធនានា បូករួមជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងការពិនិត្យលិខិតឆ្លងដែន (ស្កេន QR code) នៅច្រកចេញចូលនេះ លោក ស សុខា មានការជឿជាក់ថា ការងារផ្តល់សេវាមួយនេះ នឹងកាន់តែមានភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា ដល់ភ្ញៀវចេញចូលប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះនឹងក្លាយជាទីតាំងផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព សោភណភាព អនាម័យ សន្តិសុខល្អប្រសើរ ដែលនាំមកនូវកិត្យានុភាពជាតិ ដែលប្រការនេះទាមទារឱ្យមន្ត្រីទាំងអស់ចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់»៕