កណ្តាលៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ការជឿជាក់របស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលមិនខុសបំណងនោះទេ ហើយរាជរដ្ឋាភិបាលនឹងប្រឹងប្រែងដើម្បីបុព្វហេតុជាតិនិងប្រជាជន ដោយធ្វើយ៉ាងណាឱ្យការរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ។
លោកបានថ្លែងបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជិត ២ ម៉ឺននាក់មកពីបណ្តារោងចក្រ សហគ្រាសចំនួន ២៩ ក្នុងខេត្តកណ្តាលកាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោកមានប្រសាសន៍ថា ៖ «សូមបងប្អូនជឿទុកចិត្ត បងប្អូនមិនខកចិត្តទេ តាមរយៈការបញ្ជាក់របស់ខ្ញុំក្នុងនាមប្រមុខរដ្ឋាភិបាល ក៏ដូចជាគ្រប់ស្ថាប័នថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិបានគិតគូរជាប្រចាំ បានរៀបចំជាគោលនយោបាយរៀបចំជាផែនការអនុវត្ត និងគ្រោងអនុវត្តក្នុងមួយអាណត្តិនេះផ្តល់ផលឱ្យបងប្អូនប្រជាពលរដ្ឋបន្ថែមតទៅទៀត»។
លោក ហ៊ុន ម៉ាណែត ក៏បានអះអាងចំពោះមុខកម្មករកម្មការិនីទាំងអស់ផងដែរ ដោយឱ្យប្រជាពលរដ្ឋជឿថា គ្រប់វិនាទីទាំងអស់ ផលប្រយោជន៍របស់ប្រជាជនជំនាន់នេះ និងជំនាន់ក្រោយៗ នៅតែជាអ្វីដែលជាគោលដៅរបស់រាជរដ្ឋាភិបាល និងនៅតែបន្តធ្វើសម្រាប់ប្រជាពលរដ្ឋទៀត។
លោកបានលើកឡើងថា ក្នុងរយៈពេល ២ ខែនេះ និងមុនពេលកកើតរាជរដ្ឋាភិបាល លោកបានសិក្សាជាជំហានក្នុងការកសាងផែនការដោយផ្អែកលើភាពជាក់ស្តែងនិយម មិនមែនទ្រឹស្តីនិយមទេ ដោយការចុះស្រាវជ្រាវផ្ទាល់ ជួបផ្ទាល់ សិក្សាផ្ទាល់ ប្រមូលព័ត៌មានទាំងគ្រប់ភាគីទាំងអស់ទាំងសហជីពទាំងកម្មករកម្មការិនី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បូកជាមួយនឹងវិស័យឯកជនផ្សេងៗផងដែរ។
លោកថ្លែងថា៖ «ការផ្សព្វផ្សាយដំណាក់កាលនេះមានសារៈសំខាន់ណាស់ដើម្បីឱ្យបងប្អូនមានភាពជឿជាក់ថា រដ្ឋាភិបាលដែលបងប្អូនបោះឆ្នោតឱ្យ កាលពីថ្ងៃទី ២៣ ខែកក្កដាកន្លងទៅ មិនបាននៅស្ងៀមទេ តែបានគិតគូរនិងចេញជាផែនទីកំណត់ទិសដៅតាមរយៈការដាក់ចេញនូវគោលនយោបាយដើម្បីឱ្យបងប្អូនមានភាពកក់ក្តៅ និងសប្បាយរីករាយ»។
លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «បងប្អូនជឿចុះ អ្វីដែលរាជរដ្ឋាភិបាលនៅបន្តធ្វើគឺដើម្បីបុព្វហេតុតែ ១ គត់គឺជាតិ និងប្រជាជនរបស់យើង ដោយធ្វើយ៉ាងណាឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ព្រោះប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនារបស់ប្រទេស គ្មានអ្វីក្រៅពីធ្វើឱ្យប្រជាពលរដ្ឋកាន់តែរឹងមាំកាន់តែមានបាននោះទេ»។
លោកបន្ថែមថា៖ «រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជា មិនបាននៅស្ងៀម ឬចោលនូវកិច្ចសន្យាទេ តែរាជរដ្ឋាភិបាលបានដាក់នូវកិច្ចសន្យាទាំងនោះបន្តអនុវត្តជាជំហានៗ។ ពិតណាស់បងប្អូន ៤០ ថ្ងៃ ៦០ ថ្ងៃ ៩០ ថ្ងៃ ១០០ ថ្ងៃ ១ ឆ្នាំឬ ៤ ឆ្នាំយើងមិនអាចដោះស្រាយអស់នូវអ្វីដែលប្រជាជនចង់បាននោះទេហើយតម្រូវការរបស់ប្រជាជនក៏មិនមានត្រឹមតែ ៤ ឆ្នាំនោះទេ»។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ឃើញថា ជាការពិត រាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា បានស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិរហូតទទួលបានសុខសន្តិភាពដូចបច្ចុប្បន្ននេះ ដែលប្រជាពលរដ្ឋបានជួបដោយផ្ទាល់និងស្គាល់មកនេះ។
លោកបានលើកឡើងថា៖ «ដូច្នេះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ គឺជាពិតជាត្រឹមត្រូវហើយ ព្រោះគណបក្សប្រជាជនបានដឹកនាំរាជរដ្ឋាភិបាលរហូតមកហើយបានធានាសុខសន្តិភាព និងការអភិវឌ្ឍ ជូនប្រជាជន ដូច្នេះមិនមានអ្វីដែលពិបាកយល់នោះទេ»។
លោកក៏បញ្ជាក់ដែរថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នដែលមានការប្រកួតប្រជែងសេរីពហុបក្សនោះ គណបក្សប្រជាជនដែលមាន ភាពរឹងមាំហើយ ក៏ត្រូវតែទទួលនូវ ការកែទម្រង់ជាប្រចាំដែរ សូម្បីតែនាយករដ្ឋមន្ត្រីអាណត្តិមុន ក៏លោកទទួលស្គាល់ដែរថា កែទម្រង់គឺរស់មិនកែទម្រង់គឺស្លាប់។
លោក យង់ ពៅ បន្តថា៖ «ទាំងនេះគឺជាអ្វីដែលគណបក្សកាន់អំណាចនិងរាជរដ្ឋាភិបាលត្រូវធ្វើដោយមិនអាចជិះសេះលែងដៃនោះទេ បើសិនមិនមានការកែទម្រង់ប្រាកដប្រជា អាចនឹងមានការប្រកួតប្រជែងជាមួយនឹងគណបក្សផ្សេងដែលធ្វើឱ្យប្រជាជនមានការពិចារណាផងដែរ»៕