ភ្នំពេញៈ កម្ពុជា និងចិន ត្រៀមខ្លួនប្រារព្ធឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជននៅឆ្នាំ ២០២៤ ខាងមុខក្នុងគោលដៅទាក់ទាញភ្ញៀទេសចរចិនមកទស្សនានៅកម្ពុជាបន្ថែមទៀត ដោយផ្តើមឱ្យមានសកម្មភាពគ្រប់ជ្រុងជ្រោយ ខណៈរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងជាមួយចិនឱ្យកាន់តែស៊ីជម្រៅជុំវិញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
ការត្រៀមប្រារព្ធឆ្នាំផ្លាស់ប្តូរប្រជាជននេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian កាលពីថ្ងៃទី ៣១ តុលា ឆ្នាំ ២០២៣។
យោងសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសស្តីពីជំនួបនោះបានឱ្យដឹងថា ភាគីទាំង ២ បានវាយតម្លៃចំពោះវឌ្ឍនភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ជាពិសេសជំនួបប្រកបដោយផ្លែផ្កាជាបន្តបន្ទាប់របស់ប្រមុខរដ្ឋាភិបាលកម្ពុជាថ្មី ជាមួយថ្នាក់ដឹកនាំចិន ក្នុងដំណើរទស្សនកិច្ចទៅប៉េកាំងកន្លងទៅ។ ភាគីទាំង ២ ក៏បង្ហាញការប្តេជ្ញាចិត្តរៀងៗខ្លួនចំពោះការអនុវត្តកិច្ចព្រមព្រៀង និងកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំប្រទេសទាំង ២ បានឯកភាពពោលគឺរវាងអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនភីង តួយ៉ាង «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។
ក្នុងជំនួបនោះដែរភាគីទាំង ២ បានពិភាក្សា និងបានឯកភាពឱ្យមានសកម្មភាពគ្រប់ជ្រុងជ្រោយ ក្នុងការត្រៀមប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន» នៅឆ្នាំ ២០២៤ ខាងមុខក្នុងបំណងទាក់ទាញទេសចរចិនមកកម្ពុជា។
គួរបញ្ជាក់ផងដែរថា ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលកំណត់នៅឆ្នាំ ២០២៤ ជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត គ្រាលោកទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ នៅប្រទេសចិន កាលពីខែតុលា កន្លងទៅ។ គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងក្នុងជំនួបជាមួយថ្នាក់ដឹកនាំចិនដូចជាលោកស៊ី ជីនភីង លោកលី ឈាង ជាដើម ដែលលោកចាត់ទុកជាគន្លឹះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ សម្រាប់ប្រទេសទាំង ២។
ពាក់ព័ន្ធរឿងនេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាលើកឡើងថា ចិនជាឆ្អឹងខ្នងសំខាន់ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងយុទ្ធសាស្ត្រ ដែលជាមិត្តមិនអាចខ្វះបានសម្រាប់កម្ពុជា។ ជាពិសេសសម្រាប់រដ្ឋាភិបាលអាណត្តិថ្មី ដែលលោកជឿជាក់ថា ទំនាក់ទំនងប្រទេសទាំង ២ នឹងកាន់តែប្រសើរឡើងបន្ថែមទៀត ខណៈភាគីទាំង ២ ចាប់ដៃគ្នាដល់កម្រិតទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងកិច្ចព្រមព្រៀងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនផង។
លោកបន្តថា៖ «យើងត្រូវការការវិនិយោគពីចិន ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ យើងត្រូវការជំនួយផ្សេងៗ ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តតួយ៉ាង ស្ពាន ផ្លូវថ្នល់ ជាដើម ខណៈចិនជាប្រទេសធំទី១ ក្នុងជំនួយអភិវឌ្ឍន៍ និងការវិនិយោគវិស័យនេះ។ ក្នុងវិស័យទេសចរណ៍ ចិនជាភ្ញៀវទេសចរបរទេសលំដាប់ទី ១ ហើយទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក៏មានសញ្ញាណល្អមួយដែរ»។
សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអ្នកតាមដានបញ្ហានយោបាយ លើកឡើងថា ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយចិន គឺជារឿងល្អ ប៉ុន្តែត្រូវមានការថ្លឹងថ្លែងកុំឱ្យប្រែក្លាយជាទំនាក់ទំនងដែលពឹងផ្អែកជ្រុលអាចនាំទៅរកបញ្ហាប្រឈមជាមួយទំនាក់ទំនងមហាអំណាចដទៃ ឬបណ្តារដ្ឋដទៃ។ យ៉ាងណាក្តី លោកច័ន្ទរ័ត្នសម្តែងការព្រួយបារម្ភចំពោះការផ្លាស់ប្តូរប្រជាជន និងប្រជាជនដោយសារប្រជាជនចិន មានចំនួនច្រើនលើសលប់ប្រមាណជាង ១ ពាន់លាននាក់ខុសប្លែកឆ្ងាយពីប្រជាជនកម្ពុជាដែលមានជាង ១៦ លាននាក់ ដែលអាចបង្កការលំបាកនៃលំហូរប្រជាជនចិនច្រើន ហើយអាចបង្កើតហានិភ័យផ្នែកអន្តោប្រវេសន៍ខុសច្បាប់ដូចធ្លាប់មានបទពិសោធន៍កន្លងមក។
លោកថ្លែងថា៖ «បើយើងគ្រាន់តែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ វាមិនអីទេ តែកុំឱ្យទៅជាប្តូរជំហរអព្យាក្រឹតភាពទៅជាពឹងផ្អែកលើចិនតែម្តង ហើយល្អក់កករជាមួយលោកសេរី វាប្រាកដជាប៉ះពាល់ដល់ប្រយោជន៍កម្ពុជាច្រើនជាង ជាពិសេសទំហំវិនិយោគ ដែលអ្នកវិនិយោគ (ប្រទេសសេរី) មិនហ៊ានបណ្តាក់ទុន»។
ដោយឡែកលោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ចិនក្នុងកម្មវិធី «Leader Talk» នៅអំឡុងលោកចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ នៅទីក្រុងប៉េកាំង ប្រទេសចិន កន្លងទៅថា រដ្ឋាភិបាលថ្មី នៅតែមានជំហរបន្តពង្រឹងទំនាក់ទំនងល្អដែលមានស្រាប់រយៈពេល ៦៥ ឆ្នាំមកនេះ ជាមួយចិនបន្ថែមទៀត។ ជាពិសេសការស្វែងរកមធ្យោយបាយកែលម្អក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលសម្រេចបានក្នុងដើមឆ្នាំ ២០២៣ រវាងលោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានាធិបតីចិន ស៊ី ជីនភីង។
លោកបន្តថា៖ «យើងបានគាំទ្រគំនិតផ្តួចផ្តើម ដែលដាក់ចេញដោយប្រធានាធិបតី ស៊ី ជីនភីង មានដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល រួមទាំងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវផងដែរ ដែលនឹងផ្តល់ជាវេទិកាដើម្បីធ្វើឱ្យសកលលោកមានភាពសុខដុមរមនា និងវិបុលភាព»។
លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ទំនាក់ទំនងជាមួយចិន ជាចំណែកសំខាន់ក្នុងការជួយកម្ពុជាឆ្លងកាត់ទុក្ខលំបាកជាសកលធំៗតួយ៉ាង វិបត្តិកូវីដ ១៩ វិបត្តិសេដ្ឋកិច្ចពីឥទ្ធិពលសង្គ្រាមជាដើមដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំង ២ ក្នុងចក្ខុវិស័យកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាជនចិនមកទស្សនាប្រទេសកម្ពុជា ខណៈប្រជាជនកម្ពុជារួសរាយរាក់ទាក់ ហើយកម្ពុជាសម្បូរទៅដោយប្រាសាទបុរាណ វប្បធម៌ផូរផង់ ដែលលោកធានាអះអាងថា កម្ពុជាមានសន្តិភាព និងសន្តិសុខ ទោះបីកន្លងមកលេចឮដំណឹងពីបញ្ហាឧក្រិដ្ឋកម្មក្តី ប៉ុន្តែគ្មានប្រទេសណាដែលគ្មានបទឧក្រិដ្ឋឡើយ៕