ភ្នំពេញៈ អ្នកវិភាគសង្គម និងសហជីពនៅកម្ពុជាមួយចំនួន បានមើលឃើញថា សហជីពមិនត្រឹមតែជាអ្នកការពារសិទ្ធិ និងផលប្រយោជន៍ជូនកម្មករប៉ុណ្ណោះទេ ប៉ុន្តែសហជីពគួរមានតួនាទីជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគនៅកម្ពុជា។
អ្នកវិភាគសង្គម លោក យង់ ពៅ បានលើកឡើងថា សហជីពនៅកម្ពុជាមិនទាន់អនុវត្តតាមច្បាប់ដែលមានចែងមួយរយភាគរយនៅឡើយទេដែលការណ៍នេះលោកបានជំរុញឱ្យសហជីពទាំងជាង ៦ ០០០ នៅកម្ពុជាពិចារណាពីថែរក្សាការវិនិយោគ និងការពារវិនិយោគដែលមានស្រាប់ក្នុងប្រទេសដើម្បីរក្សាការងារជូនប្រជាពលរដ្ឋប្រមាណជាង ៨០ ម៉ឺននាក់។
លោកបានសង្កត់ធ្ងន់ថា៖ «ជាពិសេសនៅក្នុងស្ថានការណ៍សេដ្ឋកិច្ចកំពុងមានបញ្ហាដូចពេលបច្ចុប្បន្ននេះ ការចេញរបាយការណ៍របស់សហជីពទៅខាងក្រៅ ត្រូវមានការប្រយ័ត្នប្រយែងដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ។ ក្នុងន័យនេះគឺជាតិរបស់យើងខូចខាត ហើយយើងខាតទាំងអស់គ្នា»។
លោក យង់ ពៅ ដែលមានតួនាទីជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាផងនោះ បានកត់សម្គាល់ថា សហជីពគួរតែជាភាគីដែលអាចធ្វើការជាមួយគ្នាដោយចុះសម្រុងគ្រប់ទិដ្ឋភាពជាមួយរដ្ឋាភិបាលបាន ដោយមិនគួរជះទឹកដាក់គ្នា ឬវាយប្រហារគ្នាដែលធ្វើឱ្យខូចប្រយោជន៍កម្មករដែលជាអ្នកទទួលផលចុងក្រោយនោះទេ ដ្បិតអីសហជីពក៏ធ្វើការដើម្បីប្រយោជន៍កម្មករនិងសង្គមជាតិទាំងមូលផងដែរ។
ក្នុងន័យនេះ លោកបានស្នើឱ្យទាំងសហជីព និងរដ្ឋាភិបាលគួរតែមានយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាដែលបានកើតឡើង ១ ជំហានជាមុនសិន មុននឹងឈានដល់ការប្រើយន្តការសារព័ត៌មាន និងរបាយការណ៍បរិហារដែលមិនចំណេញដល់មុខមាត់កម្ពុជានោះទេ។ ប្រការនេះ នឹងនាំឱ្យកេរ្តិ៍ឈ្មោះកម្ពុជាមិនល្អដែលជះឥទ្ធិពលដល់ការទាក់ទាញការវិនិយោគ។
លោកបញ្ជាក់ថា៖ «បើមិនប្រយ័ត្នប្រយែងទេ នោះគឺវាយឆ្នាំងបាយធំហើយ ប៉ះពាល់ការវិនិយោគ។ ក្នុងលក្ខខណ្ឌនេះបណ្តាប្រទេសខាងក្រៅគេមានសណ្តាប់ធ្នាប់ជាងយើង នោះអ្នករកស៊ីគេរត់ទៅបណ្តាប្រទេសទាំងនោះហើយពីព្រោះប្រទេសទាំងនោះ គេមានស្ថិរភាពលើការគ្រប់គ្រងកម្មករហើយគេមានសុវត្ថិភាពជាង»។
ក្រៅពីអ្នកវិភាគសង្គម ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) លោក គង់ អាទិត្យ ក៏បានកត់សម្គាល់ពីតួនាទីស្រដៀងគ្នានេះដែរថា ក្រៅតែពីដើរតួនាទីក្នុងការការពារសិទ្ធិរបស់បងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស សហជីព ក៏ត្រូវប្រកាន់ខ្ជាប់ផងដែរក្នុងការជួយពង្រឹង និងបង្កឱ្យមាននិរន្តរភាពវិស័យការងារនៅកម្ពុជាដូចដែលមានចែងក្នុងច្បាប់កម្ពុជាស្តីពីសហជីពផងដែរ។
លោកថា៖ «ពិតណាស់សហជីព ឈរ និងតំណាងកម្មករ-និយោជិតនៅតាមបណ្តារោងចក្រនៅក្នុងស្រុក ក៏ប៉ុន្តែបើតាមសកម្មភាពកន្លងមកបណ្តាសហជីពទាំងនោះក៏បានបង្កបញ្ហាឈឺក្បាលរវាងនិយោជក និងនិយោជិតដែលអាចប៉ះពាល់ជាប្រយោលដល់ស្ថិរភាពការងាររបស់កម្មករផងដែរ»។
លោកក៏បានថ្លែង ដោយលើកត្រង់ៗថា សហជីពមួយចំនួនទទួលប្រាក់ឧបត្ថម្ភមួយភាគពីបរទេសដែលបង្កបង្កើតបញ្ហាជាមួយបណ្តាថៅកែក្រុមហ៊ុនដោយដឹកនាំបាតុកម្មទាមទារនេះទាមទារនោះ ឥតឈប់ឈរ ហើយមានគំនិតខ្វែងជាមួយនិយោជកដែលនាំឱ្យប៉ះពាល់ដល់ការវិនិយោគផងដែរ។
លោកថា ប្រសិនបើសហជីពប្រកាន់ខ្ជាប់នូវតួនាទីខុស និងជ្រុល ហើយគិតផលប្រយោជន៍ខ្លួនឯង នឹងនាំឱ្យបាត់ប្រយោជន៍រួមលើវិស័យការងារនៅកម្ពុជា។
លោកបន្ថែម៖ «យើងក៏ត្រូវគិតពីអ្នកវិនិយោគដែរ បើយើងគិតតែពីរឿងប្រឆាំងជាមួយគាត់ (និយោជក) បង្កបញ្ហាឈឺក្បាលដល់គាត់ ប្រាកដណាស់គេរត់ចេញអស់ហើយ និងគ្មានអ្នកណាចង់មករកស៊ីជាមួយយើងទេ។ ពិតណាស់ការការពារសិទ្ធិពលរដ្ឋសំខាន់ តែយើងត្រូវគិតគូរឱ្យបានវែងឆ្ងាយ និងពិភាក្សាគ្នាដោយសន្តិវិធីក្នុងនាមជាអ្នកតំណាងឱ្យកម្មករនិយោជិត»។
ច្បាប់ស្តីពីសហជីពដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ៤ មេសា ឆ្នាំ ២០១៦ ត្រូវបានបង្កើតឡើងដើម្បីធានានូវលម្ហសិទ្ធិសេរីភាពក្នុងការបង្កើតអង្គការវិជ្ជាជីវៈ និងធានានូវសិទ្ធិសេរីភាពក្នុងការចរចាជាសមូហភាពរវាងកម្មករ និយោជិត និងនិយោជក ហើយច្បាប់នេះ បានជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ៕