ភ្នំពេញៈ ក្រសួងពាក់ព័ន្ធ និងស្ថាប័នអន្តរជាតិ កំពុងពិនិត្យ និងសម្រេចផែនការជាតិសម្រាប់អនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យទេសន្តរប្រវេសន៍ទាំងក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងទៀត មិនរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
មុននឹងអនុវត្តផែនការជាតិនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស (គ.ជ.ប.ជ.) កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានបើកកិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិ ស្តីពីការពិនិត្យ និងសម្រេចផែនការជាតិសម្រាប់ការអនុវត្តកតិកាសញ្ញាពិភពលោកដែលមានការចូលរួមពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក្រសួង ស្ថាប័ន អង្គការដៃគូជាតិ និងអន្តរជាតិផងដែរ។
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រៃ្តយ៍គ.ជ.ប.ជ.បានថ្លែងប្រាប់នៅថ្ងៃទី ២ ខែវិច្ឆិកានេះថា នៅក្នុងកិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិនេះមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ដើម្បីធ្វើការត្រួតពិនិត្យ ព្រោះកម្ពុជា ជាប្រទេសហត្ថលេខី ១ នៅក្នុងចំណោមប្រទេស ១៨៣ នៅលើពិភពលោក ដែលចូលជាសមាជិកនៃកតិកាសញ្ញាពិភពលោកនេះ។
លោកស្រីបន្តថា ដូច្នេះដើម្បីអាចអនុវត្តកតិកាសញ្ញាពិភពលោកនេះបាន គឺត្រូវរៀបចំផែនការជាតិសំខាន់ៗក្នុងនោះរួមមាន ទី១- ប្រមូល និងប្រើប្រាស់ជាមូលដ្ឋាននូវទិន្នន័យដែលសុក្រឹតសម្រាប់គោលនយោបាយផ្អែកលើភ័ស្តុតាង។ ទី២- គ្រប់គ្រងព្រំដែនរួមគ្នា ដោយសុវត្ថិភាព និងស៊ីចង្វាក់គ្នា និងទី៣- ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូសកលស្តីពីទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។
លោកស្រីបញ្ជាក់ថា៖ «ការអនុវត្តកតិកាសញ្ញាពិភពលោកហ្នឹង គឺវាមានសារៈសំខាន់ណាស់ សម្រាប់ឱ្យយើងជួយគ្នា រៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យទេសន្តរប្រវេសន៍ទាំងប្រទេសយើង និងប្រទេសគេ ប្រកបដោយសុវត្ថិភាព»។លោកស្រី ជូ ប៊ុនអេង ថ្លែងថា នៅក្នុងឆ្នាំ ២០២៤ កម្ពុជានឹងបង្ហាញលទ្ធផលមួយចំនួនដែលខ្លួនអាចធ្វើបាននៅក្នុងគោលបំណងផែនការជាតិសម្រាប់អនុវត្តកតិកាសញ្ញាពិភពលោកនេះ។
លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ បានថ្លែងថា បទដ្ឋានគតិយុត្តិអន្តរជាតិនេះ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស គឺវាជាកាតព្វកិច្ចរបស់រដ្ឋ ពីព្រោះនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ដូចជារដ្ឋធម្មនុញ្ញនៅឆ្នាំ ១៩៩៣ កម្ពុជាបានប្រកាសផ្ដល់សច្ចាប័ន និងដាក់ជាកាតព្វកិច្ចទទួលគោរពសិទ្ធិមនុស្សជាសកលដែលមានចែងនៅក្នុងអង្គការសហប្រជាជាតិ។ ដូច្នេះសិទ្ធិពលករចំណាកស្រុក ឬក៏ទេសន្តរប្រវេសន៍នេះ វាជាផ្នែកមួយនៃសិទ្ធិមនុស្សជាសកលផងដែរ ខណៈដែលកម្ពុជា ជាប្រទេសបញ្ជូនពលករទៅធ្វើការនៅប្រទេសក្រៅមានដូចជា ប្រទេសថៃ កូរ៉េ ជប៉ុន និងម៉ាឡេស៊ីជាដើម។
លោកបានឱ្យដឹងទៀតថា ក្រៅពីនេះកម្ពុជាក៏ជាប្រទេសទទួលពលករ ឬទេសន្តរប្រវេសន៍មកធ្វើការក្នុងប្រទេសខ្លួនដែរ ហើយកន្លងមកកម្ពុជា ធ្លាប់ទទួលពលករពីប្រទេសមីយ៉ាន់ម៉ា ចិន និងបង់ក្លាដែស ដើម្បីបំពេញការងារក្នុងវិស័យសំណង់ ហេតុនេះវាជារឿងមួយចាំបាច់ដែលកម្ពុជាត្រូវអនុវត្តកតិកាសញ្ញាពិភពលោកនេះ សម្រាប់គោរព និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។
លោកថ្លែងថា៖ «យើងមើលឃើញពលករយើងដែលទៅធ្វើការនៅថៃ ឬក៏ម៉ាឡេស៊ី តែងតែទទួលរងការកេងប្រវ័ញ្ចកម្លាំងពលកម្មហ្នឹងច្រើន ខណៈដែលកម្ពុជាផ្ដោតតែការចុះ MoU លើជំនួញទេ មិនដែលចរចាលក្ខខណ្ឌកិច្ចគាំពារលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ឡើយ។ អ៊ីចឹង បើសិនជាយើងអាចអនុវត្តអាហ្នឹងឱ្យបានប្រសិទ្ធភាព មានន័យថា យើងបានកាត់បន្ថយហានិភ័យនៃការកេងប្រវ័ញ្ច»។
លោក មឿន តុលា បន្ថែមថា កាលណាមិនមែនការកេងប្រវ័ញ្ច ឬបញ្ហាទៅលើពលករទេសន្តរប្រវេសន៍ វាក៏ជួយលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិឱ្យបានប្រសើរឡើង ជាពិសេសវាក៏កសាងទំនុកចិត្តទៅដល់ទាំងប្រទេសទទួល ហើយប្រទេសដែលបញ្ជូនផងដែរ៕