ភ្នំពេញៈ នៅក្នុងជំនួបទ្វេភាគីរវាងអង្គភាពកម្ចាត់មីនកម្ពុជា (CMAC) និងអាជ្ញាធរសកម្មភាពមីនប្រទេសឡាវ (NRA) ភាគីឡាវ បានបង្ហាញចំណាប់អារម្មណ៍ចង់សិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ និងដំណើរការប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជាដែលអនុវត្តបានជោគជ័យនាពេលកន្លងទៅ។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Chomyaeng Phengthongsawat អគ្គនាយកអាជ្ញាធរសកម្មភាពមីនប្រទេសឡាវ (NRA) និងគណៈប្រតិភូ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើតាមហ្វេសប៊ុករបស់ CMAC។
CMAC បានលើកឡើងថា៖ «តាមរយៈនៃជំនួបពិភាក្សានេះ ភាគីឡាវមានបំណងសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ នីតិវិធី និងគោលការណ៍នៃដំណើរការប្រតិបត្តិការក្នុងវិស័យសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ដែលជាស្ថាប័នជាតិឈានមុខគេនៅក្នុងប្រទេសកម្ពុជា»។
ប្រភពដដែលបានបញ្ជាក់ថា លោក Chomyaeng Phengthongsawat ក៏បានស្នើសុំឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងអង្គភាពទាំង២នៅពេលអនាគត និងបានអញ្ជើញប្រតិភូ និងមន្ត្រីជំនាញអង្គភាព CMAC ទៅបំពេញទស្សនកិច្ចនៅអាជ្ញាធរសកម្មភាពមីនប្រទេសឡាវក្នុងពេលឆាប់ៗនេះផងដែរ។
ទាក់ទងនឹងជំនួបនេះ លោក ហេង រតនា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃដដែលនោះថា ប្រតិភូនៃអាជ្ញាធរ សកម្មភាពមីនប្រទេសឡាវ (NRA)បានជួបពិភាក្សា និងចែករំលែកបទពិសោធន៍គ្នា ជាពិសេសភាគីឡាវមានបំណងចង់រៀនសូត្រពី CMAC ក្នុងការជំរុញការគ្រប់គ្រងការងារ និងការធានាគុណភាពនៃកិច្ចសហប្រតិបត្តិការជាដើម។
លោកបានបញ្ជាក់ថា៖ «កន្លងមកនេះ យើងបានផ្តល់ការហ្វឹកហ្វឺនជាពិសេសដល់ភាគីឡាវ ហើយនៅក្នុងការងារហ្វឹកហ្វឺននេះដែរនៅចុងឆ្នាំ ២០២៣ នេះ យើងនឹងឈានដល់ដំណាក់កាលទី៣ ហើយ ហើយគាត់បានសំណូមពរឱ្យយើងបន្តជួយពង្រឹងសមត្ថភាពធនធានរបស់ NRA របស់គាត់បន្តទៀតដែរ»។
បើតាមការបញ្ជាក់ពីលោក ហេង រតនា កម្ពុជាបានបញ្ជូនកម្លាំងរបស់ CMAC ទៅហ្វឹកហ្វឺនជាហូរហែនៅប្រទេសឡាវ ហើយខាងភាគីឡាវក៏បានបញ្ជូនមន្ត្រីជំនាញរបស់គាត់មកហ្វឹកហ្វឺននៅប្រទេសកម្ពុជាផ្ទាល់ផងដែរ។
លោកបានថ្លែងថា៖ «ជាធម្មតា ការកំណត់យុទ្ធសាស្ត្រនៃការងារហ្វឹកហ្វឺននេះយើងមានការធ្វើសិក្ខាសាលា ស្តាប់សំណូមពររបស់ពួកគាត់ ហើយនិងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់គាត់ទៅតាមការស្នើរបស់គាត់តាមអ្វីដែលយើងអាចជួយគាត់បាន»។
បើតាម CMAC ប្រតិភូនៃ NRA នឹងមានដំណើរទស្សនកិច្ចនៅការដ្ឋានបោសសម្អាតមីននៅខេត្តបាត់ដំបង ដើម្បីស្វែងយល់បន្ថែមពីកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ផងដែរ៕