ភ្នំពេញៈ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តី ណែនាំដល់ព្រះសង្ឃបព្វជិតពុទ្ធសាសនាដែលកំពុងប្រើប្រាស់បណ្តាញសង្គមឱ្យបញ្ឈប់ការផ្សព្វផ្សាយនិងចែកចាយព័ត៌មានអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់ពុទ្ធសាសនានិងសង្គមជាតិ។
សេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការផ្សព្វផ្សាយនិងការចែកចាយព័ត៌មានអវិជ្ជមានរបស់ព្រះសង្ឃបព្វជិតពុទ្ធសាសនានេះបានធ្វើឡើងនៅថ្ងៃទី ១ ខែវិច្ឆិកា ក្នុងបរិការណ៍ដែលប្រជាពុទ្ធបរិស័ទខ្មែរបាននិងកំពុងគោរពប្រតិបត្តិដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្ស ព្រមទាំងលើកកម្ពស់វិស័យពុទ្ធសាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤៣ ថា «ពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។
ទន្ទឹមនឹងវឌ្ឍនភាពនៃប្រព័ន្ធបច្ចេកវិទ្យាទំនើបនាពេលកន្លងមក ក៏ដូច បច្ចុប្បន្ន គណៈសង្ឃនាយកកម្ពុជាបានសង្កេតឃើញថា ព្រះសង្ឃបព្វជិតពុទ្ធសាសនាមួយចំនួន កំពុងតែយកបណ្តាញទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុក តិកតុក យូធូប គេហទំព័រជាដើម ដើម្បីផ្សព្វផ្សាយ និងចែកចាយរូបភាព សារជាអក្សរ សំឡេង និងវីដេអូប្រាសចាកក្រមសីលធម៌ វិន័យសង្ឃ និងច្បាប់រដ្ឋ ព្រមទាំងបានវាយប្រហារ ដៀមដាមពីបុគ្គលម្ខាងទៅបុគ្គលម្ខាងទៀតដែលកំពុងប្រណិប័តន៍ អនុវត្តជំនឿនិងរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណរៀងមក។
គណៈសង្ឃសង្កត់ធ្ងន់ថា៖ «ករណីនេះជាហេតុបច្ច័យបង្កឱ្យមានផលប៉ះពាល់ដល់តម្លៃពុទ្ធសាសនាតម្លៃ ព្រះសង្ឃទូទៅ ទំនៀមទម្លាប់ប្រពៃណី អត្តសញ្ញាណ និងកិត្យានុភាពជាតិខ្មែរ ពុំអាចទទួលយកបានឡើយ»។
ហេតុនេះដើម្បីចៀសវាងផលប៉ះពាល់និងឥទ្ធិពលអាក្រក់ដល់តម្លៃពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់ សីលធម៌សង្គម គណៈសង្ឃសូមណែនាំដល់ព្រះសង្ឃបព្វជិតពុទ្ធសាសនាមួយចំនួនតូច ដែលកំពុងស្ថិតក្នុងស្ថានភាពប្រាសចាកវិន័យសីលធម៌ ហើយប្រើប្រាស់បណ្តាញសង្គម បញ្ឈប់នូវរាល់ការផ្សព្វផ្សាយនិងចែកចាយព័ត៌មានអវិជ្ជមាន និងអកុសល ក្នុងនោះរួមមានសារជាអក្សរ សារជាសំឡេង និងវីដេអូ ព្រមទាំងសារមានចរិតលក្ខណៈញុះញង់បំបែកបំបាក់សាមគ្គីភាពឱ្យខាងតែបាន»។
ពាក់ព័ន្ធនឹងករណីនេះ ប្រធានសមាគមអតីតអ្នកបួសខ្មែរ លោក ហឿន សំនៀងនៅថ្ងៃទី ២ ខែវិច្ឆិកា បានថ្លែងគាំទ្រចំពោះការណែនាំនេះ ដោយលោកថា គណៈសង្ឃគឺគ្រប់គ្រងព្រះសង្ឃជាង ៦ ម៉ឺនអង្គ។លោកបន្តថា ការចេញសេចក្តីណែនាំនេះគឺជាការជួយពង្រឹងវិន័យសង្ឃ ក្រើនរំឭក និងតម្រង់ទិសដល់ ព្រះសង្ឃបព្វជិតពុទ្ធសាសនាឱ្យចេះប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមប្រកបដោយភាពត្រឹមត្រូវ កុំឱ្យប៉ះពាល់ និងខាតប្រយោជន៍ជាតិ។
លោកថា៖ «កន្លងមកយើងឃើញថា ព្រះសង្ឃបព្វជិតពុទ្ធសាសនា មានវ័យក្មេង និងមានមួយចំនួនតូចបានធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ហើយមិនត្រឹមតែព្រះសង្ឃក្មេងៗមួយចំនួនប្រើប្រាស់បណ្តាញសង្គមដែលជះឥទ្ធិពលដល់សង្គមនោះទេ ក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួន ក៏បានធ្វើការចែកចាយរូបភាពអវិជ្ជមានពីព្រះពុទ្ធសាសនាដែរ។ហេតុនេះខ្ញុំសូមសំណូមពរឱ្យមានការប្រើប្រាស់បណ្តាញសង្គមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមានណាមួយដល់សង្គមជាតិ»។
ជាមួយគ្នានេះ គណៈសង្ឃនាយកកម្ពុជាក៏បានណែនាំដល់ព្រះមេគណគ្រប់រាជធានី-ខេត្ត ព្រះគ្រូអនុគណគ្រប់ក្រុង-ស្រុក-ខណ្ឌនិងព្រះចៅអធិការគ្រប់វត្តអារាមធ្វើការណែនាំព្រះសង្ឃបព្វជិត ពុទ្ធសាសនាខ្មែរទាំងអស់ទូទាំងប្រទេស ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឱ្យផ្សព្វផ្សាយនិងចែកចាយព័ត៌មាន តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចជា សារជាសំឡេងសារជាអក្សរនិងសារជាវីដេអូប្រកបដោយការអប់រំ ឱ្យប្រព្រឹត្តល្អនិងការអប់រំសីលធម៌ សុជីវធម៌ ក្នុងផ្លូវវិជ្ជមានព្រមទាំងកុសលតែម្យ៉ាង សំដៅនាំមកនូវឧត្តមប្រយោជន៍ដល់ពុទ្ធសាសនានិងសង្គមជាតិផងដែរ។
គណៈសង្ឃសង្ឃឹមថា បន្ទាប់ពីបានទទួលសេចក្ដីណែនាំនេះ ព្រះមេគណគ្រប់រាជធានី-ខេត្ត ព្រះគ្រូអនុគណគ្រប់ក្រុង-ស្រុក-ខណ្ឌ និងព្រះចៅអធិការគ្រប់វត្តអារាមទូទាំងប្រទេស សហការជាមួយមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អនុវត្តនូវខ្លឹមសារនៃសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕