តាមរយៈ​វិធានការ​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន​ដែល​ត្រូវបាន​ប្រកាស​ដាក់ចេញ​នាពេល​កន្លងមកនេះ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​រកឃើញ​មន្ត្រីនគរបាល​ចំនួន ១១​ នាក់ ដែលជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។

​សេចក្តីបំភ្លឺ​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ចុះ​ថ្ងៃទី​ ២​ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឱ្យដឹងថា កាលពីពេល​ថ្មីៗ​នេះ មានការ​ចែករំលែក​ព័ត៌មាន​មិន​ច្បាស់លាស់​លើ​បណ្តាញ​សង្គម​ស្តីពី​ការឃាត់ខ្លួន​មន្ត្រីនគរបាល​ខេត្តព្រៃវែង​ចំនួន ១១ ​នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន បញ្ជូនទៅ​មណ្ឌល​ស្តារនីតិសម្បទា​ព្យាបាល​បន្សាប​អ្នកញៀន​គ្រឿងញៀន​។​

​ពាក់ព័ន្ធ​ខ្លឹមសារ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​បញ្ជាក់ថា «​ដោយមាន​ការចង្អុល​ដឹកនាំ​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា ចាប់ពី​ថ្ងៃទី​ ៩ ខែតុលា ឆ្នាំ​ ២០២៣ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បើក​យុទ្ធនាការ ធ្វើតេស្ដ​ស្វែងរក​សារធាតុ​គ្រឿងញៀន ពី​លោកស្នងការ លោក​-​លោកស្រី ស្នងការរង លោកនាយ​ការិយាល័យ បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ទាំង ១៣ វរ​នគរបាល​ការពារ​ព្រំដែន​លេខ ៦០៧ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​ ១១៦ និង​មន្ត្រីនគរបាល​ទូទាំង​ខេត្តព្រៃវែង​»​។​

​ក្នុង​សេចក្តីប្រកាស​នេះ​បញ្ជាក់ថា ជា​លទ្ធផល​គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែតុលា ឆ្នាំ​ ២០២៣ ក្រុមការងារ​បាន​ស្វែង​រកឃើញ​មន្ត្រីនគរបាល ដែលជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន​ ១១ ​នាក់​។​

​បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ត្រីនគរបាល​ទាំង​ ១១​ នាក់​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​ស្តារនីតិសម្បទា ព្យាបាល​បន្សាប​អ្នកញៀន​គ្រឿងញៀន ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

​ដោយឡែក ចំពោះ​រូបភាព​អនុវត្ត​វិន័យ​យ៉ាងណា​នោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត តាម​គោលការណ៍​សម្រេច​ពី​ថ្នាក់ដឹកនាំ​នាពេល​ក្រោយ​។

​ជាមួយគ្នានេះ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​ថ្លែងអំណរគុណ និង​ត្រៀម​ជាស្រេច​ដោយ​ក្តី​រីករាយ ដើម្បី​ទទួល​រាល់​កិច្ចសហការ មតិ​រិះគន់​ស្ថាបនា​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ពិសេស​តាម​បណ្ដាញសារព័ត៌មាន ដែល​កន្លងមក​បាន​ចូលរួម​សហការ និង​បន្ត​សហការ​ក្នុងការ​បង្ការ បង្ក្រាប​បទល្មើស​គ្រឿងញៀន ព្រមទាំង​សម្រិតសម្រាំង​ដល់​មន្ដ្រីនគរបាល​ខេត្តព្រៃវែង​។​

​ពាក់ព័ន្ធ​គ្រឿង​ញៀ​នេះដែរ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ កាលពី​ខែកញ្ញា ឆ្នាំ ២០២៣ បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ធ្វើតេស្ត​រកសារ​ធាតុ​ញៀន​លើ​មន្ត្រី​ពន្ធនាគារ​ជាទូទៅ និង​ជន​ជាប់ឃុំ ដែលមាន​ការសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ច្បាប់​នៅតាម​ពន្ធនាគារ​នានា គ្មាន​ចរាចរណ៍​គ្រឿងញៀន​។

​លោក នី សុខា ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក ធ្លាប់បាន​ថ្លែងប្រាប់​ជុំវិញ​វិធានការ​នេះ​ថា ការធ្វើ​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​រកសារ​ធាតុ​ញៀន​នៅក្នុង​ស្ថាប័ន​នីមួយៗ វា​គឺជា​រឿង​មួយផ្នែក​តូច​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច​ត្រូវធ្វើ​យ៉ាងណា​ឱ្យមាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ បង្ក្រាប​ការជួញដូរ ឬ​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន​នៅក្នុង​ប្រទេស​កម្ពុជា​៕