ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមយករូបសញ្ញាអប់រំ យុវជន និងកីឡា ទៅដាក់តាំងបង្ហាញនៅតាមទីសាធារណៈ ក្នុងបដានៃកិច្ចពិធីការផ្សេងៗ លើឯកសារផ្សព្វផ្សាយពាណិជ្ជកម្ម និងឯកសាររដ្ឋបាលផ្សេងៗ ដោយមិនមានការអនុញ្ញាតពីក្រសួង ដើម្បីចៀសវាងការភាន់ច្រឡំ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ សង្កេតឃើញថា កន្លងមកនេះ មានរូបវន្តបុគ្គល ឬ នីតិបុគ្គល មួយចំនួនតូចបានយករូបសញ្ញាអប់រំ យុវជន និងកីឡា ទៅដាក់តាំងបង្ហាញនៅតាមទីសាធារណៈ ក្នុងបដានៃកិច្ចពិធីការផ្សេងៗ លើឯកសារផ្សព្វផ្សាយពាណិជ្ជកម្ម និងឯកសាររដ្ឋបាលផ្សេងៗ ព្រមទាំងដាក់ជា Profile Facebook, Telegram ឬ កម្មវិធីទំនាក់ទំនងសង្គមផ្សេងៗ ដោយមិនបានស្នើសុំការអនុញ្ញាតជាមុន ពីក្រសួង ដែលព័ត៌មានមួយចំនួនធ្វើឱ្យមានការយល់ច្រឡំពីសាធារណជន និងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអប់រំ យុវជន និងកីឡា។
ក្រសួងបញ្ជាក់ទៀតថា ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការប្រើប្រាស់រូបសញ្ញាអប់រំ យុវជន និងកីឡា ក្រសួង បានណែនាំថា «គ្រប់ការដាក់តាំងបង្ហាញរូបសញ្ញាអប់រំ យុវជន និងកីឡា នៅតាមទីសាធារណៈ ក្នុងបដា ពិធីការផ្សេងៗ លើឯកសារផ្សព្វផ្សាយពាណិជ្ជកម្ម ផ្សព្វផ្សាយព័ត៌មាន និងឯកសារដ្ឋបាលផ្សេងៗ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ឬ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តជាមុនតាមនីតិវិធី»។
ជាមួយគ្នានេះក្រសួង ក្រើនរំឭកចំពោះ រូបវន្តបុគ្គល ឬ នីតិបុគ្គល ទាំងឡាយណា ដែលបានយករូបសញ្ញាអប់រំទៅដាក់តាំងជា Profile Facebook, Telegram ឬ កម្មវិធីទំនាក់ទំនងសង្គមផ្សេងៗ ត្រូវបញ្ឈប់ការប្រើប្រាស់ និងដកចេញជាបន្ទាន់។
ក្រសួងបញ្ជាក់ថា ទំព័រ Facebook (MoEYS Cambodia, https://www.facebook.com/moeys.gov.kh)ដែលមានសញ្ញាធីកពណ៌ខៀវពីក្រុមហ៊ុន Facebook និង Channel Telegram (ព័ត៌មានអប់រំ យុវជន និងកីឡា-MoEYS News https://t.me/moeysnews) ដែលសញ្ញាធីកពណ៌ខៀវពីក្រុមហ៊ុន Telegram ជាប្រព័ន្ធទំនាក់ទំនងផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានសិទ្ធិប្រើប្រាស់រូបសញ្ញាអប់រំ យុវជន និង កីឡា។
ក្រសួងសង្ឃឹមថា រូបវន្តបុគ្គល នីតិបុគ្គល និងសាធារណជនទាំងអស់ជ្រាប និងចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាពដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជុំវិញបញ្ហានេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែតុលានេះ បានបញ្ជាក់បន្ថែមថា សេចក្តីណែនាំរបស់ក្រសួងនេះឆ្លើយតបទៅនឹងសកម្មភាពនាពេលកន្លងទៅ មានបុគ្គលមួយចំនួន បានយករូបសញ្ញារបស់ក្រសួងអប់រំ យុវជន និងកីឡា ទៅប្រើប្រាស់នៅក្នុងពិធីផ្សេងៗ ជាពិសសមានឃើញនៅក្នុងគេហទំព័រ និងបណ្តាញសង្គមមួយចំនួនដែលមានការផ្សព្វផ្សាយព័ត៌មាន ជាពិសេសវិញ្ញាសាជុំវិញដំណើរការប្រឡងទុតិយភូមិ នៅឆ្នាំនេះ ជាដើម។
លោកស្រីសង្កត់ធ្ងន់ថា៖«ក្រសួងចង់បញ្ជាក់ប្រាប់ទៅសាធារណជនផងដែរថា ក្រសួងអប់រំ នាពេលបច្ចុប្បន្ននេះ មានគេហេទំព័រផ្លូការ MoEYS Cambodiaក៏ដូចជាមាន Channel Telegram ទាក់ទងនឹងព័ត៌មានអប់រំ យុវជន និងកីឡា តែមួយទេ ដែលបានដាក់ Logoរបស់ក្រសួង»។
លោកស្រីបន្ថែមថា៖«ដូច្នេះ ឯកសារណែនាំនេះ ដើម្បីជូនដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នដូចគ្នា ក៏ដូចជាណែនាំទៅកាន់បុគ្គលនានាដែលកំពុងប្រើប្រាស់ Logo របស់ក្រសួង ដោយមិនបានស្នើសុំប្រើប្រាស់ ហើយបើក្នុងករណីស្នើសុំប្រើប្រាស់នៅលើឯកសារណាមួយ ឬកន្លែងណាមួយត្រូវតែមានការស្នើសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា»៕