រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានជំរុញ និងស្នើដល់ភាគីពាក់ព័ន្ធគ្រប់វិស័យ ទាំងវិស័យសាធារណៈ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ផ្តល់ឱកាសការងារកាន់តែច្រើន ដល់ជនមានពិការភាព ខណៈតំណាងជនមានពិការភាពលើកឡើងថា ចំនួនជនមានពិការភាពដែលធ្វើការនៅតាមស្ថាប័នទាំងនេះនៅមានកម្រិតនៅឡើយ។
នាពិធីប្រកាសបើកវេទិកាជាតិការងារ និងមុខរបរសម្រាប់ជនមានពិការភាពឆ្នាំ២០២៣ កាលពីថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០២៣ លោកឯម ច័ន្ទមករា បានថ្លែងថា វេទិកាជាតិការងារ និងមុខរបរសម្រាប់ជនមានពិការភាពឆ្នាំ២០២៣ គឺវេទិកាសំខាន់មួយក្នុងការធ្វើវិនិយោគលើជនមានពិការភាព សំដៅជំរុញនូវទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍ ដែលបានផ្តល់នូវកន្លែងទីផ្សារសម្រាប់ជនមានពិការភាព ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងស្មើសិទ្ធិ ដើម្បីទទួលបានការងារធ្វើតាមស្ថាប័នរដ្ឋ និងឯកជន។
លោកបានបញ្ជាក់ដូច្នេះថា៖«វេទិកានេះ គឺជាឱកាសដ៏ល្អមួយ ក្នុងការជួបជុំគ្នា ដើម្បីពិភាក្សាអំពីរបៀបដែលយើងអាចច្នៃប្រឌិតបាន ដើម្បីរួមគ្នាសហការឈានទៅសម្រេចឱ្យខានតែបាន នូវលទ្ធផលល្អបំផុតសម្រាប់ទីផ្សារការងារជូនជនមានពិការភាពគ្រប់ប្រភេទ។ទន្ទឹមនឹងនេះការធ្វើបរិយាបន្នសម្រាប់ជនមានពិការភាពមានន័យថា យើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីធានាថា ជីវិតរបស់ជនមានពិការភាព គឺមានឱកាសជោគជ័យដូចគ្នានឹងជីវិតរបស់ជនមិនមានពិការភាពផងដែរ»។
ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋលេខាធិការ បានជំរុញឱ្យភាគីពាក់ព័ន្ធគិតគូរបន្ថែមទៀតដល់ជនមានពិការភាព មានដូចជា ការលើកកម្ពស់ការយល់ដឹងអំពីឱកាសការងារ, ការអភិវឌ្ឍអាជីវកម្មសម្រាប់ជនមានពិការភាព, និងកិច្ចសហប្រតិបត្តិការ ដែលផ្អែកលើការប្រមូលព័ត៌មានរវាងដៃគូអនុវត្តគម្រោង ពិសេសបង្កើតរូបមន្តមួយគឺ ការណែនាំសម្រាប់ការអនុវត្តល្អបំផុត។
លោក សូ សៀងសុឃីម តំណាងឱ្យជនមានពិការភ្នែក ដែលបានចូលរួមក្នុងវេទិកានេះ បានឱ្យដឹងដែរថា លោកចង់ឱ្យស្ថាប័នពាក់ព័ន្ធពិចារណា រកលទ្ធភាពធ្វើយ៉ាងណា ធ្វើការស្រាវជ្រាវអំពីជំនាញឬមុខជំនាញ ឬប្រភេទការងារណាដែលសមស្របសម្រាប់ពិការភាពនីមួយៗ។
លោកបានបញ្ជាក់បែបនេះថា៖«ខ្ញុំបានសង្កេតថា ថ្វីដ្បិតតែ ភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយដល់ជនមានពិការភាព ដើម្បីទទួលបានឱកាសការងារមួយសមរម្យ។ប៉ុន្តែទោះជាយ៉ាងណានៅតែមានកម្រិតនៅឡើយ ចំពោះចំនួនបុគ្គលិកជាជនមានពិការភាពនៅតាមស្ថាប័នទាំងនោះ។ដូច្នេះខ្ញុំស្នើថា ជនមានពិការភាព គួរត្រូវទទួលបានឱកាសកាន់តែច្រើនក្នុងការទទួលបានការងារធ្វើ ដែលស័ក្តិសមនឹងសមត្ថភាពនិងលទ្ធភាពរបស់ខ្លួន ដូចជនមិនមានពិការភាពដែរ»។
បើតាមក្រសួងសង្គមកិច្ច ស្ថាប័នរដ្ឋមានជនមានពិការភាពបម្រើការងារប្រមាណជាង ៣៦០០ នាក់, វិស័យឯកជនមានជាង ៥០០០ នាក់ ខណៈក្រសួងកំពុងជំរុញបន្ថែមទៀត ក្នុងការជួយដល់ជនមានពិការភាពឱ្យមានឱកាសបំពេញកិច្ចការងារ តាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួន ដូចអ្នកដទៃដែរ។
សូមជម្រាបថា ក្រសួងសង្គមកិច្ច ទើបតែបានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាព ដល់ជនមានពិការភាព ដើម្បីលើកកម្ពស់ផលប្រយោជន៍ជនមានពិការភាពតាមប្រព័ន្ធគាំពារសង្គម សេវាសង្គមផ្សេងទៀត ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បណ្ណនេះ អាចបង្កលក្ខណៈងាយស្រួលដល់បងប្អូនជនមានពិការភាពក្នុងការស្វែងរកការងារធ្វើ ដែលកត្តានេះ អាចនឹងជំរុញកំណើនអត្រាមានការងារធ្វើរបស់ជនមានពិការភាព។
បើតាមរបាយការណ៍ គិតមកដល់ឆ្នាំ២០២៣នេះ កម្មវិធីផ្តល់ប្រាក់របបគោលនយោបាយចំពោះជនក្រីក្រតាមសហគមន៍ពង្រីកបាន ២៥ រាជធានីខេត្ត ស្មើនឹង ៦០ ក្រុង-ស្រុក-ខណ្ឌ ដែលជនពិការក្រីក្រតាមសហគមន៍ទទួលរបប ១៩៨៧៤ នាក់ ហើយបណ្ណសម្គាល់ជនមានពិការភាពនេះ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជា៕