ព្រះសីហនុៈ សមាជិកព្រឹទ្ធសភា និងមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានរួមគ្នាដាំដើមត្នោតចំនួន ១០០០ ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿនក្នុងស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ដើម្បីបង្កើនសោភណភាពបរិស្ថានបន្ថែមទៀតសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ខេត្តទេសចរណ៍ដ៏ល្បីមួយនៃប្រទេសកម្ពុជា។
រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការដាំកូនត្នោតនេះមានការចូលរួមពីលោក ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីនៃអង្គភាពពាក់ព័ន្ធក្នុងខេត្ត សិស្សនិស្សិត យុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូបផងដែរ។
លោក ម៉ុង ឫទ្ធី បានថ្លែងនាឱកាសនោះថា៖ «តាមការគ្រោងទុក ឆ្នាំនេះ យើងមានផែនការដាំកូនត្នោតចំនួន ៥ ០០០ ដើម ហើយថ្ងៃនេះយើងដាំកូនត្នោតចំនួន ១ ០០០ ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿនពីភ្នំពេញមកខេត្តព្រះសីហនុ»។
លោក ម៉ុង ឫទ្ធី បញ្ជាក់ថា៖«បច្ចុប្បន្នយើងមានថ្នាលបណ្តុះកូនត្នោតដែលគ្រោងនឹងបណ្តុះកូនត្នោតឱ្យបានចំនួន ១៤ ០០០ ដើម សម្រាប់ដាំដុះនៅពេលខាងមុខ ប្រសិនបើការដាំដុះបានល្អ យើងនឹងមានគម្រោងបណ្តុះបន្ថែមទៀតដោយសារបច្ចុប្បន្ននៅក្នុងកសិដ្ឋានរបស់យើងមានដំណាំកសិឧស្សាហកម្មនិងដំណាំហូបផ្លែជាច្រើនមុខមានដូចជា ដូងប្រេង កៅស៊ូ ក្រៅពីនោះមានដាំដំណាំហូបផ្លែមានដូចជា ដូងក្រអូប សាវម៉ាវ ទុរេន ស្វាយ និងដំណាំជាច្រើនប្រភេទផ្សេងទៀត»។
ចំណែកលោក គួច ចំរើន បានថ្លែងអំណរគុណលោក ម៉ុង ឫទ្ធី ដែលបានរៀបចំបណ្តុះកូនត្នោត និងរៀបចំកម្មវិធីដាំកូនត្នោតនៅលើទឹកដីឃុំជើងគោ ស្រុកព្រៃនប់ ស្របនឹងផ្លូវល្បឿនលឿននាពេលនេះដើម្បីបង្កើនសោភណភាពបរិស្ថានបន្ថែមទៀតសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ហើយដើមត្នោតនេះក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅលើទឹកដីនៃខេត្តព្រះសីហនុ សម្រាប់កូនចៅជំនាន់ក្រោយ ។
ទន្ទឹមនោះ លោក គួច ចំរើន ក៏បានអំពាវនាវឱ្យយុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមថែរក្សា ការពារដើមត្នោតខ្មែរឱ្យបានល្អ ព្រោះនេះជាសម្បត្តិរួមទាំងអស់គ្នា មិនមែនជារបស់លោក ម៉ុង ឫទ្ធី ឬជារបស់លោកនោះទេ តែវាគឺជារបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាដែលត្រូវរួមគ្នាការពារ ថែរក្សាឱ្យបានគង់វង្ស។
លោក គួច ចំរើន បានថ្លែងថា៖ «ម្យ៉ាងទៀតដើមត្នោតក៏ជាកេរដំណែលរបស់ដូនតារបស់យើងដែលបានបន្សល់ទុកសម្រាប់កូនក្មួយជំនាន់ក្រោយដែរព្រោះដើមត្នោតមានផលប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់ឱ្យប្រជាពលរដ្ឋយកមកកែច្នៃប្រើប្រាស់មានដូចជា ស្លឹកយកទៅប្រក់ផ្ទះ ផ្កាគាបចេញជាស្ករ ចំណែកផ្លែខ្ចីហូប ផ្លែទុំអាចយកទៅធ្វើជានំនិងដើមរបស់វាអាចច្រៀកធ្វើជាសម្ភារឬគ្រឿងសង្ហារិមផ្សេងៗជាច្រើនមុខផ្សេងទៀតតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្នផងដែរ»។
ទាក់ទងនឹងការដាំដើមត្នោតនេះដែរ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (ស៊ី.អ៊ិន.រ៉ូ CNRO) នៅថ្ងៃទី៥ ខែវិច្ឆិកា បានបង្ហាញការគាំទ្រចំពោះការដាំដើមត្នោតទាំងនោះ ព្រោះដើមត្នោតជាអត្តសញ្ញាណជាតិ និងអាចជួយទាក់ទាញសម្រស់បង្កើនសោភណភាពដល់ខេត្តព្រះសីហនុបន្ថែមទៀតជាពិសេសនឹងចូលរួមទាក់ទាញភ្គៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។
លោកបានថ្លែងថា៖«ល្អប្រសើរមែនទែននៅពេលដែលគេដាំដើមត្នោតឡើងហ្នឹងព្រោះវាជាអត្តសញ្ញាណជាតិ។
ខ្ញុំអាចនិយាយបានថាវាជួយទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ បានយ៉ាងច្រើនឱ្យមកកម្សាន្តនៅខេត្តព្រះសីហនុ ជាពិសេសតាមផ្លូវល្បឿនលឿន ដែលនឹងបង្កើនសម្រស់ អមទៅដោយដើមត្នោតផងដែរ»។
សូមរំឭកផងដែរថា អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអំពាវនាវដល់ជនរួមជាតិ និងគ្រប់ភាគីពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអភិរក្សដើមត្នោតនិងពង្រីកការដាំដុះបន្ថែមទៀតដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីដើមត្នោត ខណៈពលរដ្ឋមួយចំនួនដែលធ្លាប់ប្រកបរបរផលិតស្ករត្នោតបានបោះបង់មុខរបរនេះ៕