ភ្នំពេញៈលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា តាមរយៈការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានតែស្នាមញញឹម និងសុភមង្គលរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ ព្រោះលទ្ធផលកើតចេញពីការងារនេះគឺធ្វើឱ្យប្រជាពលរដ្ឋទទួលបានដីប្រកបដោយសុវត្ថិភាព និងមានជីវភាពរស់នៅល្អប្រសើរជាងមុន។
លោក លី ធុជ បានលើកឡើងបែបនេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ក្នុងពេលលោកបានទទួលជួបពិភាក្សាការងារជាមួយ លោក Andrew Griffiths ប្រធានក្រុមការងារដោះមីននៃការិយាល័យ FCDO ចក្រភពអង់គ្លេសស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជាក្រោមកម្មវិធីសកម្មភាពមីនសកល (GlobalMine ActionProgramme_GMAP)។
លោក លី ធុជ បានសរសេរលើហ្វេសប៊ុករបស់លោកថា ៖ «តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាជ្ញាធរមីន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេសចំពោះការគាំទ្រវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាព្រមទាំងបានតាំងចិត្តបន្តចូលរួមជួយដល់កម្ពុជាស្របតាមផែនការគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥»។
ជាមួយគ្នានោះ លោក លី ធុជ ក៏បានឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៨ ចក្រភពអង់គ្លេស បានចូលរួមគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីនតាមរយៈអង្គការដោះមីន HALO Trust, MAG, NPA និងអង្គការ APOPO ព្រមទាំងបានចូលរួមគាំទ្រដល់ការកសាងសមត្ថភាពមន្ត្រីបុគ្គលិកអាជ្ញាធរមីន ផងដែរ។
លោកបានបញ្ជាក់ថា ៖ «ក្រោយសម្រេចគោលដៅឆ្នាំ២០២៥ កម្ពុជានៅតែត្រូវការជាចាំបាច់ចំពោះការចូលរួមពីចក្រភពអង់គ្លេស និងបណ្តាដៃគូដទៃទៀត ក្នុងការដោះស្រាយហានិភ័យដែលនៅសេសសល់ពីសំណល់ជាតិផ្ទុះពីសង្គ្រាមក្រោយឆ្នាំ២០២៥»។
ក្នុងឱកាសនោះ លោក លី ធុជ ក៏បានលើកឡើងពីវឌ្ឍនភាព និងការវិវត្តថ្មីៗនៃសកម្មភាពមីននៅកម្ពុជាផងដែរ ជាពិសេសការយកចិត្តទុកដាក់ និងការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលលោកបានចាត់ទុកសកម្មភាពមីន គឺជាកិច្ចការជួយសង្គ្រោះ និងផ្តល់សុភមង្គលជាប្រជាពលរដ្ឋកម្ពុជា ហើយតាមរយៈការងារបោសសម្អាតមីននេះ គឺមានតែស្នាមញញឺម និងសុភមង្គលរបស់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់អាជ្ញាធរមីន បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២ ៥៧៩ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះផ្ទៃដីប្រមាណ ៧៦ភាគរយ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពកសិកម្ម ដើម្បីចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា។
ជាមួយនឹងកិច្ចខិតប្រឹងប្រែងនេះ កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីននិងគ្រាប់ចំនួន ១ ៨៨៥ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៦៣ គីឡូម៉ែត្រការ៉េ ដែលកម្ពុជាមានមហិច្ឆតាបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥ និងផ្ទៃដីមានគ្រាប់បែកចង្កោម ៧២៩គីឡូម៉ែត្រការ៉េ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត៥៩៣គីឡូម៉ែត្រការ៉េ នឹងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥។
សូមរំឭកដែរថា កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីនទី១៣ នៅទូទាំងប្រទេស ក្រោមម្លប់សន្តិភាពដែកើត
ចេញពីនយោបាយឈ្នះ ឈ្នះ របស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕